rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​ឆបោក​ប្រាក់​ស្នើ​សុំ​ជួប​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់

media
ពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា​ ក្នុង​គោល​បំណង​សុំ​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​លើ​បញ្ហា​ដែល​ក្រុមហ៊ុន​បរទេស EBC ​បោក​ប្រាស់ យក​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ពួក​គាត់។ @សហការី

ពលរដ្ឋ​មក​ពី​២៥​រាជធានី ខេត្ត បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ​នេះ ក្នុង​គោល​បំណង​សុំ​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់​ដើម្បី​សុំ​ឲ្យ​លោក ជួយ​អន្តរាគមន៍​លើ​បញ្ហា​ដែល​ក្រុមហ៊ុន​បរទេស​បោក​ប្រាស់ យក​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ពួក​គាត់។ ការ​សុំ​អន្តរាគន៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់​បោក​ក្រុមហ៊ុន​បរទេស​មួយ​ឈ្មោះ EBC ដែល​បាន​ប្រមូល​ពួក​គេ​រាប់​លាន​ដុល្លារ ហើយ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ។  


គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ គឺ​មាន​រយៈ​ពេល​ជាង​៣​ឆ្នាំ​ដែល​ពលរដ្ឋ​ប្រមាណ​ជា​៥​ម៉ឺន​នាក់​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​ពី​ស្ថាប័ន​រដ្ឋ​នៅ​ឡើយ​ទេ បន្ទាប់​ពី​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជាង​៧​ពាន់​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​ក្រុមហ៊ុន Empire Big Capital Limited (EBC)​ ដែល​ឆបោក​ប្រាក់​ពួក​គាត់​អស់​ទឹក​ប្រាក់​៤០​លាន​ដុល្លារ។

លោក សូត្រ គឹមឈត ប្រជាពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៩​នេះ​ថា កន្លង​មក​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​មេធាវី​ចេញ​មុខ​ដោះ​ស្រាយ​លើ​រឿង​នេះ​ដែរ ប៉ុន្តែ​នៅ​តែ​គ្មាន​លទ្ធផល ហើយ​ផ្ទុយ​ទៅ​វិញ​ស្ថាប័ន​មួយ​នេះ​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពាក្យ​បណ្ដឹង​ឡើង​វិញ ។ ពាក្យ​បណ្ដឹង​ក៏​បាន​ដាក់​ទៅ​វិញ​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​មក​ដល់​ឥលូវ។ ដូច្នេះ​ទើប​ពលរដ្ឋ​គិត​ថា មាន​តែ​ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ​ជួយ​ពួក​គេ​បាន។ ក្ដី​រំពឹង​បែប​ណា​នោះ​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ទេ ប៉ុន្តែ​ជឿ​ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​អើ​ពើ​រឿង​រ៉ាវ​របស់​រាស្ត្រ។ នេះ​បើ​តាម លោក សូត្រ គឹមឈត។

លោក គឹម ឈត បាន​ចាញ់​បោក​ប្រាក់​អស់​៣​ម៉ឺន​ដុល្លារ​នោះ​បាន​គូស​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ពលរដ្ឋ​បាន​ចំណាក​ស្រុក​ដើម្បី​រក​លុយ​មក​ដោះ​បំណុល​ធនាគារ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ព្រោះ​ថា ពលរដ្ឋ​បាន​ខ្ចី​បុល​ធនាគារ​យក​មក​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន និង​អង្គការ រត់​ចោល​ពូក​គេ​នេះ។ ជា​មធ្យម​ពលរដ្ឋ​ម្នាក់​បាន​ចំណាយ​ប្រាក់​៨​ពាន់​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន។

គួរ​រម្លឹក​ឡើង​វិញ​ថា​យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ជាង​៧​ពាន់​នាក់​បាន​ចាញ់​បោក​ក្រុមហ៊ុន​EBC​ដែល​បាន​ដើរ​ប្រមូល​ប្រាក់​​ពី​ប្រជាពលរដ្ឋ​ក្រោម​លេស​យក​ទៅ​វិនិយោគ​លើ​គម្រោង​នានា​ដើម្បី​រក​ផល​ចំណេញ​ និង​ចែក​ភាគ​លាភ​ជា​ការ​ប្រាក់​១០​ភាគ​រយ​​ទៅ​ឲ្យ​ពលរដ្ឋ​វិញ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពលរដ្ឋ​មិន​ទទួល​ផល​ចំណេញ​អ្វី​ត្រឡប់​មក​វិញ​នោះ​ទេ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ខណៈ​ដែល​ក្រុមហ៊ុន​នោះ​បាន​បិទ​ទ្វារ​និង​បាន​រត់​ចោល​ពលរដ្ឋ។

ករណី​នេះ​គេ​ទទួល​ស្គាល់​ថា ជា​ករណី​ចាញ់​បោក​ធំ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សម្រាប់​អ្នក​សេដ្ឋកិច្ច​បាន​បន្ទោស​ទៅ​រដ្ឋាភិបាល​មិន​គួរ​ណា​ផ្ដល់​អាជ្ញាបណ្ណ​ទៅ​ក្រុមហ៊ុន​EBC ដោយ​មិន​បាន​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់។ ស្រប​ពេល​ជាមួយ​គ្នា​ដែរ​ ក៏​មិនទាន់​ឃើញ​ស្ថាប័ន​របស់​រដ្ឋ​ណា​មួយ​ចេញ​មុខ​មក​ពន្យល់​បញ្ហា​ឲ្យ​បាន​ច្បាស់​លាស់​ដែរ គ្រាន់​តែ​ថា​​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​ឆ្នាំ​២០១៧​សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​EBC​ បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ព្រោះ​អ្នក​ទាំង​ពីរ​បាន​ជាប់​ពាក់​ព័ន្ធ​ករណី​ឆបោក​នេះ៕