អានតួអត្ថបទ
កម្ពុជា-តុលាការ

តុលាការ​កំពូល​សម្រេច​រក្សា​ឃុំ​ខ្លួន​លោក​គឹម សុខ​នៅ​ក្នុង​ពន្ធនាគារ​ដដែល

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា​នេះ បាន​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​២​របស់​លោក​គឹម សុខ បន្ទាប់​ពី​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​១​ត្រូវ​បាន​ទាត់​ចោល​ជា​បន្ត​បន្ទាប់។ សម្រាប់​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​​២​នេះ តុលាការ​កំពូល​បាន​សម្រេច​រក្សា​ការ​ឃុំ​ខ្លួន​លោក​គឹម សុខ​នៅ​ក្នុង​ពន្ធនាគារ​ដដែល។ លោក​គឹម សុខ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ និង​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ចំនួន​៨០០​លាន​រៀល។

លោក​គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​កម្ពុជា
លោក​គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

លោក​គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​កម្ពុជា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តើម​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​តាំង​ពី​ថ្ងៃ​ទី​១៧​កុម្ភៈ​ ឆ្នាំ​២០១៧ កន្លង​ទៅ។ ការ​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​លោក​បាន​ចូល​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​បាន​ប្តឹង​លោក​ពី​រឿង​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រោយ​ខ្នង​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី។ ក្នុង​ពេល​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន លោក​គឹម សុខ និង​មេធាវី​បាន​ខ្នះ​ខ្នែង​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ត្រូវ​តុលាការ​គ្រប់​លំដាប់​ថ្នាក់​ទាត់​ចោល​គ្មាន​សល់។

លុះ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​មិន​បាន​សម្រេច លោក​គឹម សុខ តាម​រយៈ​មេធាវី​ក៏​បាន​ស្នើ​ទៅ​កាន់​តុលាការ​ម្តង​ទៀត ដោយ​សុំ​ឲ្យ​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដែល​ជា​ដើម​បណ្តឹង​មក​ត​ទល់​ជាមួយ​លោក​នៅ​ក្នុង​សវនាការ។ ប៉ុន្តែ​សំណើ​នេះ​ក៏​ត្រូវ​បាន​ទាត់​ចោល​ដូច​គ្នា​ដែរ។ នេះ​ក៏​ព្រោះ​តែ​តុលាការ​ថា វា​ពុំ​មែន​ជា​រឿង​ចាំ​បាច់ ដោយ​សារ​តែ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រគល់​សិទ្ធិ​ទាំង​អស់​ឲ្យ​ទៅ​មេធាវី​ទៅ​ហើយ។ សម្រេច​សម្រួល​ទៅ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​គឹម សុខ និង​មេធាវី​របស់​លោក ត្រូវ​អសារបង់​ទាំង​អស់​។

នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​លោក​គីម សុខ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ និង បង់​ប្រាក់​សង​ជំងឺ​ចិត្ត​លោក​ហ៊ុន សែន ចំនួន​៨០០​លាន​រៀល ដោយ​ចោទ​​ប្រកាន់​ពី​បទ ​«ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ» ។​ បន្ទាប់​មក លោក​គឹម សុខ​ក៏​បាន​ប្តឹង​ជំទាស់​ទៅ​កាន់​សាលា​ឧទ្ធរណ៍ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​រក្សា​ទុក​ទោស​ដដែល។ យ៉ាង​ណា​ក៏​ដោយ មេធាវី ក៏​បាន​ដាក់​បណ្តឹង​សារ​ទុក្ខ​ប្រឆាំង​នឹង​ការ​សម្រេច​នេះ​ទៅ​តុលាការ​កំពូល​ទៀត ប៉ុន្តែ​មក​ដល់​ពេល​នេះ តុលាការ​កំពូល​មិន​ទាន់​សម្រេច​ថា បើក​សវនាការ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

គិត​មក​ដល់​ពេល​នេះ លោក​គឹម សុខ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។ សូម​ជំរាប​ជូន​ថា ក្រៅ​តែ​ពី​សំណុំ​រឿង​ចោទ​ថា គណបក្ស​ប្រជាជន​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី​នេះ លោក​គឹម សុខ ក៏​កំពុង​រង​នូវ​បណ្តឹង​មួយ​ផ្សេង​ទៀត​ផង​ដែរ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន គឺ​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ខ្មែរ​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​រក​ឃាតករ​មិន​ឃើញ។ នៅ​ក្នុង​បណ្ដឹង​នេះ​លោក ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​គឹម សុខ ចំនួន​២៥០០​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ