អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក ស៊ុន ចាន់​ថុល​៖ ​កម្ពុជា​នឹង​កែ​ច្បាប់​ចរាចរណ៍​ជា​ថ្មី ដើម្បី​បន្ថែម​ទឹក​ប្រាក់​ផាក​ពិន័យ​ច្រើន​ជាង​មុន​

លោក​ស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន និង ជា​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​អះ​អាង​ឱ្យ​ដឹង​ថា ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នឹង​ត្រូវ​ធ្វើ​វិសោធន​កម្ម​ជា​ថ្មី​ម្តង​ទៀត​នា​ពេល​ខាង​មុខ ដើម្បី​រឹត​បន្តឹង​បន្ថែម​លើ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​។ តែ​ទោះ​ជា​បែប​នេះ​ក្តី លោក​ស៊ុន ចាន់ថុល មិន​បាន​បញ្ជាក់​ច្បាស់​ពី​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​វិសោធន​កម្ម​នេះ​ទេ ដោយ​គ្រាន់​តែ​អះអាង​ថា បាន​បង្កើត​ក្រុម​ការងារ​ធ្វើ​កិច្ច​ការ​នេះ​រួច​រាល់​ហើយ​។ 

លោក ​ស៊ុន ចាន់ថុល
លោក ​ស៊ុន ចាន់ថុល RFI/Rachna IM
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្តិសីទ​ប្រចាំ​ឆ្នាំ​លើក​ទី២​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃព្រហ​ស្បតិ៍ លោក​រដ្ឋ​មន្រ្តីស៊ុន ចាន់ថុល ដែល​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​គូស​បញ្ជាក់​ថា បំណង​នៃ​ការ​ធ្វើ​វិសោធន​កម្ម​ថ្មី​លើ​ច្បាប់​ចាស់​នេះ គឺ​ផ្តោត​សំខាន់​លើ​ពីរ​ចំណុច​ធំៗ​។ ទី​មួយ គឺ​បន្ថែម​ទឹក​ប្រាក់​នៃ​ការ​ផាក​ពិន័យ​ឱ្យ​បាន​ច្រើន​ជាង​មុន ព្រោះ​ថា​ទឹក​ប្រាក់​ផាក​ពិន័យ​ដែល​អនុវត្ត​បច្ចុប្បន្ន គឺ​នៅ​ទាប​ខ្លាំង​ណាស់​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​គេ​ផ្សេង​។ ចំណែក ទីពីរ​វិញ​គឺ​នឹង​ធ្វើ​កែ​ប្រែ​ទៅ​លើ​បញ្ហា​រថ​យន្ត​កែ​ច្នៃ រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់ និង ខុស​លក្ខណៈ​បច្ចេក​ទេស​ជា​ដើម​។

បើ​តាម​លោក​ស៊ុន ចាន់ថុល គម្រោង​កែ​ច្បាប់​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ចេតនា​ល្អ ដើម្បី​ជំរុញ​ឱ្យ​ការ​អនុវត្ត​ច្បាប់​រឹត​រឹង​តែ​មាន​ប្រសិទ្ធ​ភាព​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា ក្រុម​ការងារ​ដែល​ទើប​បង្កើត​ឡើង នឹង​ធ្វើ​ការ​ពិភាក្សា​លម្អិត​អំពី​សេច​ក្តី​ព្រាង​វិសោធន​កម្ម​នេះ មុន​បញ្ជូន​ទៅ​កាន់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​ពិនិត្យ និង​អនុ​ម័ត​និង បញ្ជូន​បន្ត​ទៅ​កាន់​រដ្ឋ​សភា​ជាតិ ដើម្បី​ធ្វើ​វិសោធន​ចេញ​ច្បាប់​ថ្មី​។

សូម​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ ធ្លាប់​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ២០១៧​កន្លង​ទៅ​។ កាល​ណោះ រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​កែប្រែ​លើ​មាត្រា​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ធ្វើ​បណ្ណ​បើកបរ ការ​កាត់​ឈ្មោះ​យាន​យន្ត ការ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការពាក់​ខ្សែក្រវាត់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ជាដើម​។ ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ គឺ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។

ក៏​ប៉ុន្តែ បើ​ទោះ​ជា​មាន​ការ​ធ្វើ​វិសោធន​កម្ម​ថ្មី​ក្តី ក៏​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​ឆក់​យក​អាយុ​ជីវិត​ប្រជា​ពល​រដ្ឋ​កម្ពុជា​យ៉ាង​ផុយ​ស្រួយ និង ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ គ្រោះថ្នាក់ចរាចរណ៍​បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន​១៨០០​នាក់ ពោល គឺ​ក្នុង​មួយ​ថ្ងៃ​មាន​ស្លាប់​ជា​មធ្យម​ពី​៥​ទៅ​៦​នាក់ ដោយ​សារ​ចរាចរណ៍​។ ចំណែក​នៅ​ក្នុង​ឆមាសទី១​ក្នុង​ឆ្នាំ​នេះ​វិញ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ឆក់​យក​អាយុ​ជីវិត​មនុស្ស​ចំនួន១ ០៣៣នាក់​។

លោក​ទេស​រដ្ឋ​មន្រ្តី​ស៊ុន ចាន់ថុល បាន​អះអាង​ថា ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​អាច​នឹង​កើន​ឡើង​ដល់​ជាង ២ ០០០នាក់ នៅ​ដំណាច់​ឆ្នាំ​នេះ បើ​សិន​មិន​មាន​ការ​រឹត​បន្តឹង​ច្បាប់​នោះ​ទេ​។ បើ​តាម​លោក​ស៊ុន ចាន់ថុល​ដដែល គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​កម្ពុជា​ខាត​ថវិកា​ប្រមាណ​ពី​៣៣០​លាន​ទៅ​៣៥០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ