rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​សាលា​ខេត្ត​ព្រះ​សីហនុ ទាម​ទារ​ឲ្យមាន អ្នក​ចេះ​ភាសា​ចិន​បន្ថែម​ទៀត ដើម្បី​មាន​តុល្យ​ភាព​ជាមួយ​ជន​ជាតិ​ចិន​

media
រូបភាព៖ ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ (រូបភាពឯកសារ) @RFI

មន្ត្រី​សាលា​ខេត្ត​ព្រះសីហនុ​យល់​ថា ការ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ចេះ​ភាសា​ចិន​ច្រើន ដែល​បាន​បំរើ​ការងារ​នៅ​ក្នុង​ក្រប​ខណ្ឌ ឬ​ក្រៅ​ក្រប​ខណ្ឌ​បុគ្គលិក​សាលា​ខេត្ត​ព្រះសីហនុ​កាន់​តែ​ច្រើន កាន់​តែ​ល្អ។ ការ​លើក​ឡើង​របស់​មន្ត្រី​ខេត្ត​ព្រះសីហនុ​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ខេត្ត​ព្រះសីហនុ បាន​ក្លាយ​ជា​គោល​ដៅ​វិនិយោគ​របស់​ជន​ជាតិ​ចិន យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​មាន​បញ្ហា​ប្រឈម​ចំពោះ​ការ​ប្រើ​ភាសា​ចិន​នៅ​តាម​ផ្នែក​មួយ​ចំនួន​ជា​ពិសេស​ផ្នែក​សំណង់​។ 


លោក ឃាង ភារម្យ អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​សាលា​ខេត្ត​ព្រះ​សីហនុ បាន​លើក​ឡើង​ថា មាន​បញ្ហា​មួយ​ចំនួន​ចាំបាច់​ត្រូវ​មាន​មន្ត្រី​ជា​អ្នក​ចេះ​ភាសា​ចិន ដើម្បី​ដំណើរ​ការ​ការងារ​ក្នុង​ដែន​ដី​កំសាន្ត​មាត់​សមុទ្រ​មួយ​នេះ​ឲ្យ​រលូន​។

តាម​មន្ត្រី​អ្នក​នាំ​ពាក្យ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​មិន​មាន​ជា​លិខិត​ស្នាម ឬ​ឯកសារ​រដ្ឋបាល​ផ្លូវ​ការ​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ភាសារ​ចិន​បន្ថែម​ពី​លើ​លិខិត​ជា​ខេមរៈ​ភាសា​នោះ​ទេ ក៏​ប៉ុន្តែ ទាក់​ទង​ទៅ​នឹង​ការ​ផ្សព្វ​ផ្សាយ​ចាំ​បាច់​ត្រូវ​មាន ការ​បក​ប្រែ​ជា​ភាសា​ចិន ដោយ​សារ​វត្តមាន​ជន​ជាតិ​ចិន​ច្រើន​ជាង​ជន​បរទេស​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។

តាម​របាយ​ការណ៍​របស់​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​នេះ មាន​ជន​ជាតិ​ចិន​ចំនួន ១២ ៩៨៨​នាក់ ដែល​បាន​ចុះ​បញ្ជី​ធ្វើ​ការងារ​អចិន្ត្រៃយ៍​នៅ​ក្នុង​ខេត្ត​នេះ ដោយ​មិន​រាប់​បញ្ចូល​អ្នក​ទេសចរណ៍​ចិន ដែល​បាន​ចេញ​ចូល និង​អ្នក​ចុះ​បញ្ជី​នៅ​រដ្ឋបាល​ថ្នាក់​ជាតិ​នោះ​ឡើយ​។

ទោះ​យ៉ាង​ណា ដើម្បី​ធានា​ដល់​ការ​បំរើ​ការងារ​នៅ​ក្នុង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ទាំង​មូល ត្រូវ​ទាម​ទារ​ឲ្យ​មាន​មន្ត្រី​ចេះ​ភាសាចិន​ចំនួន​ច្រើន ខណៈ​អ្នក​ចេះ​ភាសា​ចិន មាន​ប្រមាណ​ជា​៣ទៅ៤​រូប​ប៉ុណ្ណោះ នៅ​ក្នុង​ខេត្ត​មួយ​នេះ​។ នេះ​បើ​តាម​លោក ឃាង ភារម្យ។ លោក​បញ្ជាក់​ថា អភិបាល​ខេត្ត​ព្រះសីហនុ លោក កួច ចំរើន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​សុំ​មន្ត្រី​ជាប់​កិច្ច​សន្យា​ចំនួន​៣រូប​បន្ថែម​ទៀត ដើម្បី​ប្រចាំ​ការ និង​បំរើ​ការងារ​រដ្ឋ​បាល​ក្នុង​ករណី​ចុះ​ទៅ​បំពេញ​ការងារ​ជា​ពិសេស​នៅ​តាម​ការ​ដ្ឋាន​សំណង់​របស់​ចិន​។

បើ​តាម​មន្ត្រី​សាលា​ខេត្ត យ៉ាង​ហោច​ណាស់ ក៏​ត្រូវ​មាន​អ្នក​ចេះ​ភាសា​ចិន​ម្នាក់​ដែរ នៅ​តាម​ស្ថាប័ន​នានា សាលា​ក្រុង សាលា​សង្កាត់​ជា​ដើម ដើម្បី​សមាមាត្រ​ជាមួយ​នឹង​ចំនួន​ជន​ជាតិ​ចិន​។ តាម​លោក ឃាង ភារម្យ ការ​ដែល​ខ្វះ​ខាត មន្ត្រី​ចេះ​ភាសា​ចិន គឺ​ជា​ការ​ប្រឈម​សម្រាប់​រដ្ឋបាល ដែល​ធ្វើ​ឲ្យ​ការងារ​មិន​បាន​លឿន​ទៅ​មុខ​។

យ៉ាង​ណា​ក៏​ដោយ នៅ​តាម​ទីសាធារណៈ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​កើត​មាន​វិវាទ​នានា​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ជន​ជាតិ​ចិន ត្រូវ​មន្ត្រី​សាលា​ខេត្ត​អះអាង​ថា មិន​មាន​បញ្ហា​ចោទ​ខ្លាំង​ពាក់​ព័ន្ធ​រឿង​ភាសា​ទេ ដោយ​សារ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ចេះ​ចិន ខណៈ​សាលា​បណ្តុះ​បណ្តាល​ភាសា​ចិន ចំនួន៣ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍ និង​ចូល​រៀន​ភាសា​នេះ​យ៉ាង​សកម្ម​ពី​ពលរដ្ឋ​ខ្មែរ​៕