កម្ពុជា ស្រីលង្កា ទំនាក់ទំនងអន្តរជាតិ
ចុះផ្សាយនៅថ្ងៃទី • កែប្រែនៅថ្ងៃទី
ប្រធានាធិបតីស្រីលង្កា មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ

ប្រធានាធិបតីស្រីលង្កា ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី ៧ សីហានេះសម្រាប់ទស្សនកិច្ច ៤ថ្ងៃ ផ្តើមចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហានេះ។ ក្រៅពីការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ស្រីលង្កា-កម្ពុជា ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រមុខរដ្ឋស្រីលង្ការនៅកម្ពុជានេះ បានផ្តោតទៅលើ វេទិកាធុរកិច្ចរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីសំណាក់ក្រុមធុរជនស្រីលង្កា និងកម្ពុជា នៅរសៀលថ្ងៃពុធនេះ នៅឯសណ្នាគារសូហ្វីតែល ក្រុងភ្នំពេញ។ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា បានលើកឡើងថា វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា អាចនឹងជួយបង្កើនឱកាស និងការវិនិយោគបន្ថែមទៀត ខណៈបច្ចុប្បន្នការវិនិយោគរវាងប្រទេសទាំងពីរមានតិចតួចបំផុត ក្រៅពីវិស័យវេជ្ជសាស្រ្ត និង កសិកម្ម។ លោកអគ្គនាយកសភាពាណិជ្ជកម្ពុជា យល់ថា ទស្សនៈកិច្ចប្រធានាធិបតីស្រីលង្កានេះ គឺដើម្បីសិក្សា និង ស្វែងយល់បន្ថែម ពីកម្ពុជា ក្នុងនោះសភាពាពិជ្ជកម្មស្រីលង្កា និងសភាពាណិជ្ជកម្មកម្ពុជាក៏នឹងមានកិច្ចសហការគ្នាដែរ តាមរយៈការចុះអនុស្សារណៈនៅថ្ងៃស្អែក។