rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នយោបាយ គណបក្សនយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​ឲ្យ​បក្ស​នយោបាយ​ផ្សេង​ធ្វើ​សកម្មភាព​បាន​ងាយ​ស្រួល

media
លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន @Samdech Hun Sen, Cambodian Prime Minister

នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក​និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន បាន​ចេញ​បញ្ជា​ដល់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ជួយ​បង្ក​ភាព​ងាយ​ស្រួល​ដល់​គណបក្ស​នានា​ឲ្យ​ធ្វើ​សកម្មភាព​បាន​រលូន ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។ បទ​បញ្ជា​ដ៏​កម្រ​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នេះ ធ្វើ​ឡើង​ក្រោយ​បក្ស​នយោបាយ​ខ្លះ​ត្អូញ​ត្អែរ​ពី​ការ​រំខាន​នានា​របស់​អាជ្ញាធរ​មូលដ្ឋាន​ដល់​សកម្មភាព​របស់​ពួក​គេ។


“ទី​តាំង​ណា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ស្លាក​សញ្ញា​គណបក្ស​បាន នោះ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ក៏​អាច​លើក​បាន​ដូច​គ្នា​ដែរ”។ នេះ​គឺ​ជា​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ទៅ​កាន់​អាជ្ញាធរ​ក្រោម​បង្គាប់​របស់​ខ្លួន។ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​សម្រួល​ដល់​បក្ស​នយោបាយ​នានា​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ទៅ​តាម​ច្បាប់​កំណត់ ដូច​ជា​ការ​ដើរ​ផ្តិត​មេ​ដៃ​ដើម្បី​បង្កើត​គណបក្ស ការ​ជួប​ជុំ​ជាមួយ​សកម្មជន ក៏​ដូច​ជា​តម្រូវ​ការ​រៀប​ចំ​ឯកសារ​នានា ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ចុង​ខែ​កក្កដា ខាង​មុខ។ ត្រង់​ចំណុច​នេះ លោក​ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ត្រូវ​តែ​ដោះ​ស្រាយ​ជូន​គណបក្ស​ទាំង​អស់​ឲ្យ​បាន​ឆាប់ និង​ដោយ​គ្មាន​ការ​រើស​អើង។

បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន ជា​ពិសេស​គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​តែ​ម្តង បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ឈប់​រំខាន​ចំពោះ​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​គណបក្ស ឈប់​គំរាម​កំហែង​ក្រោម​រូបភាព​ផ្សេងៗ​លើ​បេក្ខជន សកម្មជន និង​អ្នក​គាំទ្រ​របស់​គណបក្ស និង ផ្ដល់​ភាព​យុត្តិធម៌​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​អំពី​គណបក្ស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ។ កាល​ពី​អំឡុង​ចុង​ខែ​មេសា​កន្លង​ទៅ គណបក្ស​នយោបាយ​មួយ​ចំនួន​ក៏​បាន​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ពាក់​ព័ន្ធ​ផ្តល់​កិច្ច​សហការ​ក្នុង​ការ​បំពេញ​បែប​បទ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ។

លោក​សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ស្វាគមន៍​ចំពោះ​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នេះ។ ជាមួយ​ការ​ស្វាគមន៍ លោក​ក៏​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​បន្តិច​ដែរ ដោយ​ត្រង់​ថា បទ​បញ្ជា​នេះ​ធ្វើ​ក្រោយ​ពី​ការ​រំខាន​របស់​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​គណបក្ស​របស់​លោក​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ លោក​សាម អ៊ីន បាន​គូស​បញ្ជាក់​បន្ថែម​ថា ការ​បញ្ជា​ឲ្យ​អាជ្ញាធរ​បង្ក​ភាព​ងាយ​ស្រួល​ដល់​បក្ស​នយោបាយ​នានា​នេះ គឺ​ជា​កាតព្វកិច្ច​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ដែល​ត្រូវ​ធ្វើ​ឡើង​តាំង​ពី​យូរ​មក​ហើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​អះអាង​ថា ការ​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​គណបក្ស​ផ្សេងៗ​នា​ពេល​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​លំហរ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​របស់​កម្ពុជា៕