rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម ហ៊ុន សែន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ហ៊ុន សែន ប្រកាស​ប្រើ​កណ្តាប់​ដៃ​ដែក​លុប​បំបាត់​ការ​កែ​ច្នៃ​រថយន្ត​ខុស​បច្ចេកទេស

media
លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។ @FB/PM Hun Sen

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ប្រើ​កណ្តាប់​ដៃ​ដែក​របស់​លោក​នៅ​ថ្ងៃ​នេះ ដើម្បី​លុប​បំបាត់​ការ​កែ​ច្នៃ​រថយន្ត​ខុស​បច្ចេកទេស​ដឹក​ទំនិញ​ដែល​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ញឹក​ញាប់។ ការ​ប្រកាស​ដាក់​ចេញ​វិធានការ​កណ្តាប់​ដៃ​ដែក​នេះ ដោយ​លោក​ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា មក​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ដែល​ដឹក​នាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង កន្លង​មក​ធ្វើ​ការ​មិន​សូវ​មាន​​ប្រសិទ្ធិភាព។


អត្ថបទ​ដោយ៖ ​អ៊ឹង ប៊ុនថន

ពី​ស្រុក​ស្ទឹងត្រង់ ​ខេត្ត​កំពង់​ចាម ជា​ទី​ដែល​សម្បូរ​ទៅ​ដោយ​រថយន្ត​ដឹក​ទំនិញ​ធំៗ លោក ហ៊ុន សែន បាន​និយាយ​ចំៗ​ថា រថយន្ត​ដែល​កែ​ច្នៃ​ខុស​បច្ចេកទេស​ភាគ​ច្រើន​គឺ​ ដឹក​ដែក ស៊ីម៉ងតិ៍ ដឹក​ដំឡូង​មី និង​ដឹក​គោ ក្របី ជា​ដើម។ ក្នុង​ពិធី​បើក​ការដ្ឋាន​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​នោះ លោក​ប្រមុខ​រដ្ឋា​ភិបាល​ក៏​បាន​ព្រមាន​ទុក​ជា​មុន​ទៅ​ដល់​អភិបាលខេត្ត និង​អភិបាល​ស្រុក​ កុំ​ឲ្យ​ចេញ​មុខ​អន្តរាគមន៍ ករណី​ដែល​ប៉ូលីស​ចាប់​រថយន្ត​ដែល​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំង​នោះ។ មិន​ត្រឹម​តែ​ចាប់​រថយន្ត​​កែ​ច្នៃ​ខុស​បច្ចេក​ទេស​​ដែល​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​រក​ស៊ី​កាត់​​រថយន្ត​ខុស​បច្ចេកទេស​ក៏​ត្រូវ​តែ​​លុប​បំបាត់​ផង​ដែរ។ នេះ​ជា​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី។

ប្រសិន​បើ​មាន​បញ្ហា​ប្រតោង​ប្រទាញ​គ្នា ជាមួយ​តុលាការ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ត្រូវ​ចាប់​រថយន្ត​ទាំង​នោះ ទៅ​រក្សាទុក​នៅ​តុលាការ ​ហើយ​ឲ្យ​បើក​សវនាការ​លើ​រថយន្ត​ដែល​​កែ​ច្នៃ​ខុស​បច្ចេកទេស​ទាំង​នោះ​តែ​ម្តង។

បន្ថែម​ពី​នេះ នៅ​លើ​ហ្វេសប៊ុក លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ចាប់​ពី​០ ម៉ោង​យប់​នេះ ថ្ងៃ​ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ ចំពោះ​រថយន្ត​កាត់​ត​កែ​ឆ្នៃ ទាំង​អស់ បើ​ឃើញ មាន​បើក​បរ​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា គឺ​ត្រូវ​ចាប់​ទុក​ទាំង​អស់។ លោក​ក៏​ប្រាប់ “ទាំង​រដ្ឋមន្រ្តី ទាំង​ចៅហ្វាយ​ខេត្ត ទាំង​ចៅ ហ្វាយស្រុក គឺ​ត្រូវ​ទទួល​ខុស​ត្រូវ។ បើ​មិន​ចាត់​វិធានការ​ទេ ​គឺ​ប្រឈម​នឹង​ការ​ដក​តួនាទី​មុខ​តំណែង”។

ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​វិញ លោក​ប្រមុខ​រដ្ឋាភិបាល បាន​ដាក់​បញ្ជា​ផ្ទាល់​មាត់​ឲ្យ ក្រសួង​មន្ទីរ​ពាក់​ព័ន្ឋ​នានា​ត្រូវ​ជួប​ប្រជុំ​ជាមួយ​ម្ចាស់ ឬ​តំណាង​ក្រុមហ៊ុន​ធ្វើ​ការ ពន្យល់ ណែនាំ​ឲ្យ​បាន​ច្បាស់​​អំពី​ច្បាប់​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន និង​ផ្ទុក​ទំនិញ លើស​ទម្ងន់ ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ការ​ខូច​ខាត​ផ្លូវ​ថ្នល់ និង​ស្ពាន ព្រម​ទាំង​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ។

ជាមួយ​គ្នា​នោះ លោក ហ៊ុន សែន ព្រមាន​ថា “បើ​ក្រុមហ៊ុន​ណា​មិន​គោរព​តាម​ច្បាប់ គឺ​ត្រូវ​ចាប់​រថយន្ត​នោះ​ទុក ហើយ​នឹង​អាច​ឈាន​ទៅ​បិទ​ក្រុមហ៊ុន​នោះ​តែ​ម្តង”៕