អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​សម រង្ស៊ី ​ប្រតិកម្ម​ជាលើកដំបូង ​ក្រោយ​ពី​សភា​គ្រោង​ធ្វើវិសោនធកម្ម​ច្បាប់​​បែង​ចែក​កៅអី​បក្ស​ប្រឆាំង​

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស កាលពី​យប់​ថ្ងៃទី ១៣ តុលា បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើកដំបូង ទាក់ទង​នឹង​គម្រោង​របស់​គណបក្ស​កាន់អំណាច ដែល​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​យក​តំណែង​របស់​គណបក្សប្រឆាំង​ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់មូលដ្ឋាន ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ។ តាមរយៈ​វីដេអូ​ឃ្លី​ប​ជិត៨នាទី លោក សម រង្ស៊ី បាន​ហៅ​គម្រោង​នេះ​ថា គឺជា​អំពើ​ប្លន់​ឆន្ទៈ​រាស្ត្រ​ជាង៣លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្សប្រឆាំង។  

លោកសម រង្ស៊ី ​ប្រធាន​គណបក្សសង្រ្គោះជាតិ ​ផ្តល់​បទសម្ភាស​ដល់​អ្នកកាសែត​ ក្រោយ​កិច្ចប្រជុំ​អនុម័ត​មាត្រា៤៨ថ្មីពីរ​ស្តីពី​ការ​បង្កើត​ប្រធាន​ក្រុមតំណាង​រាស្ត្រ​ភាគតិច​ក្នុង​សភា​នៅថ្ងៃ​ទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៤​
លោកសម រង្ស៊ី ​ប្រធាន​គណបក្សសង្រ្គោះជាតិ ​ផ្តល់​បទសម្ភាស​ដល់​អ្នកកាសែត​ ក្រោយ​កិច្ចប្រជុំ​អនុម័ត​មាត្រា៤៨ថ្មីពីរ​ស្តីពី​ការ​បង្កើត​ប្រធាន​ក្រុមតំណាង​រាស្ត្រ​ភាគតិច​ក្នុង​សភា​នៅថ្ងៃ​ទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ផ្តើមចេញពី​ប្រតិកម្ម​ខាងលើនេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ដើម្បី​គេចចេញ​ពី​ការកាត់ទោស​ដោយ​តុលាការ​ទីក្រុង​ភ្នំពេញ​តាំងពី​ខែវិច្ឆិកា ឆ្នាំ២០១៥នោះ បាន​ហៅ​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​គណបក្សកាន់អំណាច​នៅក្នុង​សប្តាហ៍​នេះ​ថា គឺជា​អំពើ​ប្លន់​ឆន្ទៈ​រាស្ត្រ​ជាង៣លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្សប្រឆាំង។ តាមរយៈ​វីដេអូ​ឃ្លី​ប​ជាង៨នាទី ដែល​គេ​បានឃើញ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​បុក​របស់លោក កាលពី​ថ្ងៃទី ១៣ តុលា លោក សម រង្ស៊ី បាន​ហៅ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នោះ​ថា គឺធ្វើឡើង​តាមតែ​ការនឹកឃើញ និង​ការចង់បាន​របស់​គណ​បក្ស​កាន់អំណាច​ប៉ុណ្ណោះ។

នេះ​គឺជា​លើកទីមួយ​ហើយ ដែល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងក្លា​មួយ​ទៅកាន់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​រដ្ឋសភា​ដែល​មានតែ​សមាជិក​គណបក្សកាន់អំណាច​ចំនួន៦៧រូប​នៅក្នុង​សប្តាហ៍​នេះ បានស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន គឺ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ, ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា, ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់។ វិសោធនកម្ម​ច្បាប់​ទាំង​បួន ដែល​កំពុង​ស្ថិតនៅក្នុង​ដៃ​របស់​គណៈកម្មការ​ទី៦នៃ​រដ្ឋសភា​ពិនិត្យ តាំងពី​ថ្ងៃទី ១២តុលា​នោះ គឺ​ដើម្បី​ឈានទៅ​បែងចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ដទៃ។

លោក សម រង្ស៊ី បាន​ប្រៀបធៀប​ទៅនឹង​ចំណាត់ការ​ចុងក្រោយ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ថា មិនបាន​ឆ្លុះបញ្ចាំង​ពី​ការប្រកួតប្រជែង​តាមបែប​កីឡា​នោះទេ។ គេ​មិនដែល​ឲ្យ​គូរ​ប្រកួត​ម្ខាង កែរ​បទបញ្ញត្តិ​ចុះឡើង នៅក្នុងពេល​ប្រកួត ឬ​កំពុង​រៀបចំ​ប្រកួត​នោះទេ។ នេះ​បើតាម​លោក សម រង្ស៊ី។

បន្ថែម​លើ​នេះ លោក សម រង្ស៊ី បានចាត់ទុក​គម្រោង​បែបនេះ​ថា គឺជា​រឿង​ចម្លែក​មួយ ដែល​គេ​កម្រ​នឹង​ឃើញ​មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ​វិវត្តន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ពិភព​​លោក។ យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិកសភា​មួយរូប​ដែល​ចូលរួម​ប្រជុំ​សភា​កាលពី​ថ្ងៃទី១២ តុលា បាន​ចាត់​ទុក​ការចោទប្រកាន់​នេះ​ថា គឺជា​ការវាយតម្លៃ​មិន​ត្រឹមត្រូវ​មកលើ​គណបក្ស​កាន់​អំណាច​​របស់លោក។ គណបក្សកាន់អំណាច ដែល​នឹងមិន​ទទួលយក​អាសនៈ​សភា​របស់​​គណបក្ស​ដែល​ត្រូវ​រំលាយ​នោះទេ។

យ៉ាងណាក៏ដោយ នៅ​ចុងបញ្ចប់​នៃ​ប្រតិកម្ម​របស់​អតីត​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី នៅតែ​ជឿជាក់ថា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ នឹងមិន​អាចធ្វើ​បែបនេះ​បានទេ។ ត្បិត​ប្រតិកម្ម​ជុំវិញ​ពិភពលោក នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ងាក​មករក​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ