អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ក្រសួង​បរិស្ថាន​៖ ​ទីក្រុង​ភ្នំពេញ ​មិន​មាន​បញ្ហា​ខ្យល់​ពុល​បង្ក​ឡើង​ដោយ​ធាតុ​ល្អិត​ឆ្មា​នោះ​ទេ​

ក្រសួង​បរិស្ថាន ​កាល​ពី​​ថ្ងៃ​​ម្សិលមិញ ​(៤ ​ឧសភា) ​បាន​​ចេញ​មក​​បញ្ជាក់​ថា ​ទី​ក្រុង​ធំៗ​របស់​​កម្ពុ​ជា​ពិសេស​​ទីក្រុង​​ភ្នំពេញ ​មិន​មាន​​បញ្ហា​​ខ្យល់​ពុល​​លើស​ពី​​កម្រិត​​សុវត្ថិភាព​​សុខ​ភាព​​នោះ​ទេ​។ ​ការ​​ចេញ​មក​​បញ្ជាក់​រ​បស់​​ក្រសួង​បរិស្ថាន ​គឺ​​បន្ទាប់​ពី​​មាន​ការ​​ផ្សព្វផ្សាយ​​ព័ត៌មាន​​ថា ​ស្ថាន​ភាព​​គុណភាព​​ខ្យល់​​នៅ​ក្នុង​​រាជធានី​​ភ្នំពេញ ​កំពុង​​ទទួល​រង​​ការ​បំពុល​​លើស​ពី​​កម្រិត​​សុវត្ថិភាព​​ដែល​​បង្ក​ឡើង​​ដោយ​​ធាតុ​​ល្អិត​ឆ្មាៗ​។ 

ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ ​ថ្ងៃទី ​៥ ​ឧសភា ​ឆ្នាំ ​២០១៨​។​
ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ ​ថ្ងៃទី ​៥ ​ឧសភា ​ឆ្នាំ ​២០១៨​។​ @RFI
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​នៅតាម​ទីក្រុងធំៗ ពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​បង្ហាញថា កម្ពុជា​មិនទាន់មាន​ការបំពុល​ខ្យល់​ធ្ងន់ធ្ងរ ដូច​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នោះទេ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​កម្ពុជា ចុះ​ថ្ងៃទី ៤ ឧសភា។ សេចក្តីប្រកាស​ព័ត៌មាន​នេះ ក៏បាន​អំពាវនាវ​សូមកុំ​ឲ្យ​សាធារណជន​ព្រួយបារម្ភ អំពី​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ និង​ប្រកបមុខរបរ​នៅតាម​ទីសាធារណៈ​ឲ្យ​សោះ។

បើតាម​សេចក្តីប្រកាស​របស់​ក្រសួងបរិស្ថាន ចាប់តាំងពី​ឆ្នាំ២០០៣ រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រសួង​បានធ្វើ​ការអង្កេត​តាមដាន​គុណភាព​ខ្យល់ នៅតាម​បណ្តា​ទីក្រុងធំៗក្នុងប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​និង​វាយតម្លៃ​អំពី​ស្ថានភាព​គុណភាព​ខ្យល់ សំដៅ​ធានា​ដល់​សុខភាព​សាធារណៈ។ ហើយ​នៅ​ឆ្នាំ២០១៧កន្លងទៅ ក្រសួងបរិស្ថាន បាន​បំពាក់​បន្ថែម​នូវ​ឧបករណ៍​សម្រាប់​តាមដាន​គុណភាព​ខ្យល់​លើ​ភាគល្អិត​និចល (ឬ​ភាគល្អិតឆ្មារ) PM10 និង PM2.5 ដែលជា​ប្រភេទ​ភាគល្អិត​បង្ក​ផលប៉ះពាល់​ដល់​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ។ ប៉ុន្តែ​លទ្ធផល​នៃ​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​នោះបាន​បង្ហាញថា កម្ពុជា នៅ​មិនទាន់មាន​ការបំពុល​ខ្យល់​ធ្ងន់ធ្ងរ​នោះទេ។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ចេញផ្សាយ​កាលពី​ថ្ងៃទី ២ ឧសភា បាន​ព្រមាន​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ដែល​បង្កឡើង​ដោយ​ខ្យល់ពុល ក្នុងនោះ មាន​មនុស្ស ដល់​ទៅ៩នាក់​ក្នុងចំណោម១០នាក់ ដែល​រស់​នៅលើ​ពិភព​ផែនដី បាននិងកំពុង​ដក​ដង្ហើម​​ស្រូបយក​ខ្យល់ពុល ដែលមាន​ធាតុ​ល្អិតឆ្មារៗខ្លាំង​ជាប្រចាំ​និង​ជា​រៀងរាល់ថ្ងៃ។ ខ្យល់​ពុល ជា​ខ្យល់​ដែល​បញ្ចេញ​ដោយ​រោងចក្រ​ឧស្សាហកម្ម មធ្យោបាយ​ដឹកជញ្ជូន ក្នុង​បរិយា​កាស​​ខាងក្រៅ​ផង និង​ជា​ខ្យល់ពុល​វល់​ក្នុងផ្ទះ​គ្មាន​ចរន្ត​ប្តូរផ្លាស់​ផង។ បើតាម​របាយការណ៍​នេះ កំរិត​នៃ​ជាតិពុល​ក្នុង​ខ្យល់​កំពុងមាន​ខ្ពស់​ខ្លាំង នៅតាម​តំបន់​ដើម​បូព៌ា អាហ្វ្រិក​​ខាងជើង និង​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​មិនបាន​បញ្ជាក់ថា មាននៅ​ក្នុងប្រទេស​កម្ពុ​ជា​នោះ​នៅឡើយ​ទេ។ បើតាម​របាយការណ៍ ថា ជា​រៀងរាល់ឆ្នាំ ខ្យល់ពុល​ក្នុង​បរិយាកាស បានសម្លាប់​មនុស្ស​ឱ្យស្លាប់​មុន​អាយុ​ចំនួន៧លាន​នាក់​នៅលើ​ពិភពលោក។ មានន័យថា ជា​ចំនួន​មរណៈ​ដ៏​ច្រើន​ខ្លាំង​ជាង​ចំនួន​មរណៈ​ព្រោះ​ជំងឺ​ស៊ី​ដា (១,១លាន​នាក់) របេង (១,៤លាន​នាក់) ទឹកនោមផ្អែម (១,៦លាន​នាក់) និង​គ្រោះថ្នាក់​ចរាចរណ៍ (១,៣លាន​នាក់) ​បូក​បញ្ចូល​គ្នា​ទៅទៀត។​

យ៉ាងណាក៏ដោយ ក្រសួងបរិស្ថាន​បាន​អះអាងថា ខ្លួន​នឹង​បន្ត​តាមដាន​ស្ថានភាព​គុណភាព​ខ្យល់​នៅតាម​ទីក្រុងធំៗ ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ដែលជា​តំបន់​មមាញឹក​​ខ្លាំង​ក្នុង​សកម្មភាព​រោងចក្រ ឧស្សាហកម្ម ពាណិជ្ជកម្ម ការធ្វើដំណើរ និង​ទេសចរណ៍។ ហើយ​ក្រសួង​នេះ បាន​សន្យាថា នឹង​ជូនដំណឹង​ដល់​សាធារណជន ប្រសិន​បើ​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ