rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់ សារព័ត៌មាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សេចក្តីព្រាង​ច្បាប់​​ស្តីពី​​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​បញ្ចប់​ក្រោយ​ស៊ី​ពេល​២​ឆ្នាំ​កន្លះ​

media
លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី​ព័ត៌មាន​ស្នើប៉ូលីស​មិន​ឲ្យ​ផ្តល់​រូបភាព​គ្រោះថ្នាក់​រន្ធត់​ដល់​សារព័ត៌មាន RFI/Leang Delux

នៅ​​ទីបំផុត​​ទៅ ​ភាគី​​ពាក់ព័ន្ធ ​ដឹកនាំ​​ដោយ​​ក្រសួង​​ព័ត៌មាន ​បាន​បញ្ចប់​​កិច្ច​​ពិភាក្សា ​លើ​​សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី ​សិទ្ធិ​ទទួល​បាន​​ព័ត៌មាន​​ហើយ ​បន្ទាប់​ពី​​ចំណាយ​ពេល​​អស់​២​ឆ្នាំ​កន្លះ​។ ​សម្រាប់​​ក្រសួង​​ព័ត៌មាន ​នេះ​​គឺ​ជា​​ប្រវត្តិសាស្ត្រ​​របស់​ខ្លួន ​ដែល​​ឈាន​ទៅ​​បញ្ចប់​​សេចក្តី​ព្រាង​ច្បាប់​​ដ៏​​ចម្រូង​ចម្រាស់​​មួយ​​នេះ​។ ​តាម​​គម្រោង ​បន្ទាប់​ពី​​បញ្ចប់​​កិច្ច​ពិភាក្សា​​នេះ​​ទៅ ​ក្រសួង​​ព័ត៌មាន ​នឹង​ធ្វើ​​សេចក្តី​ថ្លែង​ហេតុ​​មួយ ​ដាក់​ជូន​​គណៈ​រដ្ឋ​មន្ត្រី ​ដើម្បី​​ពិនិត្យ​នៅ​​ត្រឹម​​​ថ្ងៃ​​ច​ន្ទ​សប្តាហ៍​​ក្រោយ​។ 


បន្ទាប់ពី​ស៊ីពេល​អស់២ឆ្នាំកន្លះ នៅ​ទីបំផុត​ទៅ សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់ ស្តីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន ត្រូវបាន​ភាគី​ពាក់ព័ន្ធ​បញ្ចប់​ការពិភាក្សា​ទាំងស្រុង​ហើយ កាលពី​ថ្ងៃទី ២៦ មករា នៅឯ​ខេត្ត​ព្រះសីហនុ។ សេចក្តីព្រាងច្បាប់​នេះ មាន ៩ជំពូក និង៣៨មាត្រា បន្ទាប់ពី​ភាគី​ពាក់ព័ន្ធ បានសម្រេច​លុ​ល​ចោល​មាត្រា ៣០ ដែល​បាន​ចែងថា “អំពើ​ញុះញង់​ដោយផ្ទាល់​ឲ្យ​ប្រព្រឹត្ត​អំពើ​ឆាឆៅ​រំខាន​រារាំង​ការបំពេញ​ការងារ​រប​ស់​ស្ថាប័ន​សាធារណៈ ត្រូវបាន​ផ្តន្ទាទោស​តាម​មាត្រា៥០៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ចាត់ទុកថា នេះ​គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​កម្ពុជា ដែល​សម្រេចបាន​នូវ​សេចក្តីព្រាងច្បាប់​មួយ ដែល​កម្ពុជា​មិន​ធ្លាប់មាន​ពីមុនមក។ បើតាម​លោក អ៊ុក គឹម​សេង បន្ទាប់ពី​បញ្ចប់​កិច្ចពិភាក្សា​នេះ​ទៅ ក្រសួង​ព័ត៌មាន​នឹងធ្វើ​សេចក្តីថ្លែងហេតុ​មួយ​ដាក់ជូន​គណៈរដ្ឋមន្ត្រី នៅពេល​ស្នើ​សេចក្តីព្រាងច្បាប់ ទៅ​ក្រុមការងារ​អន្តរក្រសួង។

សូមបញ្ជាក់ថា កិច្ចពិភាក្សា​ដែល​ធ្វើឡើង​នៅឯ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៦ មករា​កន្លងទៅនេះ ក៏មាន​ការចូលរួម​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផងដែរ។ លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា នេះ​គឺជា​ការបិទ​បញ្ចប់​ជំហាន​ដំបូង នៃ​សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន។ លោក​បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ អាច​នឹងដាក់​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅត្រឹម​ថ្ងៃ​ចន្ទ​ទី២៩មករា​ខាងមុខ។

គួរ​ជំរាបជូន​ថា សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន ធ្លាប់​ត្រូវបាន​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា ផ្តួចផ្តើម​ឲ្យ​មាន​កាលពី៤ឆ្នាំមុន​មកម្ល៉េះ ប៉ុន្តែ​គំនិត​ផ្តួចផ្តើម​នោះ មិនត្រូវ​បាន​លើក​យកមក​រៀបចំ​ជា​សេចក្តីព្រាងច្បាប់​ឡើយ។ យ៉ាងណាក៏ដោយ ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ស៊ុយ​អ៊ែត ក្រសួង​ព័ត៌មាន​និង​អង្គការ UNESCO បាន​សម្របសម្រួល​ឲ្យ​មាន​ក្រុមការងារ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន​នេះ នឹង​បានចាប់ផ្តើម​តាក់តែង​លើ​សេចក្តីព្រាងច្បាប់​នេះ តាំងពី​ឆ្នាំ២០១៥មក។ មាន​វេទិកា សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ជាច្រើន ត្រូវបាន​បង្កើតឡើង ដើម្បី​ឲ្យ​មាន​កិច្ចពិភាក្សា​យ៉ាង​ទូលំទូលាយ​ទៅលើ​សេចក្តីព្រាងច្បាប់​នេះ ជាពិសេស​ទាក់ទង​ទៅនឹង​ពាក្យពេចន៍ និង​ខ្លឹមសារ​ទាំងមូល។

បើ​គ្មាន​ការប្រែប្រួល​ទេ ក្រសួង​ព័ត៌មាន គ្រោង​ធ្វើ​សន្និសីទកាសែត​មួយ នៅ​ថ្ងៃទី ៣១ ខែមករា សប្តាហ៍​ក្រោយ ដើម្បី​ប្រកាស​ពី​ការបញ្ចប់​លើ​ការពិភាក្សា​នៃ​សេចក្តីព្រាងច្បាប់​នេះ៕