rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ស្រីរ៉ូណាស្មីត ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ពី​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​

media
លោក​ស្រី​រ៉ូណាស្មីត ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ពី​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិធម៌​ ​នៅ​​ក្នុង​​ជំនួប​​កាល​​ពីថ្ងៃទី​ ​៦ ​​មីនា​​២០១៨​​។​​ @សហការី

លោកស្រី ​រ៉ូ​ណា​ស្មី​ត ​អ្នក​រាយការណ៍​​ពិសេស​​របស់​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​​ខាង​​សិទ្ធិមនុស្ស​​ប្រចាំ​​នៅ​​កម្ពុជា ​កំពុង​​បំពេញ​​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​នៅ​​កម្ពុជា​​ចាប់​តាំង​ពី​​ថ្ងៃ​​ចន្ទ​​ដើម​សប្តាហ៍​នេះ​មក​​។ ​នៅថ្ងៃ​នេះ ​លោក​ស្រី​​បាន​​ជួប​​ជា​មួយ​​រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌​​កម្ពុជា ​ដោយ​បាន​​បង្ហាញ​​ការ​ព្រួយបារម្ភ​​ពី​​វិសោធនកម្ម​​ច្បាប់​រដ្ឋធម្មនុញ្ញ ​និង​​វិសោធនកម្ម​​ក្រម​ព្រហ្មទណ្ឌ​​ថ្មី​ថា ​គឺ​ជា​​ការ​​រិត​ត្បិត​​សិទ្ធិសេរីភាព​​នៃ​​ការ​បញ្ចេញ​មតិ​​នៅ​​កម្ពុជា​។ ​ប៉ុន្តែ​​ក្រសួង​យុត្តិធម៌​​បាន​​ពន្យល់​​ត្រលប់​​ទៅ​វិញ​​ថា ​ការ​លើក​ឡើង​​របស់​លោក​​ស្រី​​ធ្វើ​ឡើង​​តាម​​របាយការណ៍​​របស់​​បក្ស​ប្រឆាំងប៉ុណ្ណោះ​។  


បញ្ហា​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា គឺជា​របៀបវារៈ​សំខាន់​មួយ​ក្នុងចំណោម​របៀបវារៈ​មួយចំនួនទៀត ដែល​ត្រូវ​បានលើកឡើង​ដោយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា​ស្មី​ត នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា លោក​អង្គ វង្ស​វ​ឌ្ឍ​នា កាលពី​ព្រឹក​ថ្ងៃ អង្គារ ទី៦ មីនា។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ លោកស្រី រ៉ូ​ណា​ស្មី​ត បានលើកឡើង​ពី​ក្តី​ព្រួយបារម្ភ​ចំពោះ​ប្រទេស​កម្ពុជា បន្ទាប់ពី​បានធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ និង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោកស្រី​បាន​ចាត់ទុកថា គឺជា​ការ​រិត​ត្បិត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ចាត់ទុកថា ការលើកឡើង​របស់លោក​ស្រី គឺ​ផ្អែកលើ​របាយការណ៍​ពី​ក្រុមប្រឆាំង ហើយ​ចាំបាច់​ក្រសួងយុត្តិធម៌​បាន​ពន្យល់​ទៅកាន់​លោកស្រី​វិញភ្លាមៗដែរ។

សូមបញ្ជាក់ថា លោកស្រី រ៉ូ​ណា​ស្មី​ត​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី​ចាប់តាំងពី​ថ្ងៃ​ចន្ទ ទី៥ មីនា​មក ដើម្បី​ពិនិត្យមើល​ឡើងវិញ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​អនុសាសន៍​របស់លោក​ស្រី ដែល​បាន​ដាក់ជូន​រដ្ឋាភិបាល​កាលពី​ឆ្នាំ២០១៧ ។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល ១០ ថ្ងៃនេះ អ្នកជំនាញ​រូបនេះ គ្រោង​ជួបប្រជុំ​ជា​មួយ​​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការ​ទូត​​នានា។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​របស់លោក​ស្រី។

ក្រៅពី​បញ្ហា​សិទ្ធិ​បញ្ចេញមតិ​នេះ ភាគី​របស់​អ្នកស្រី​រ៉ូ​ណា​ស្មី​ត ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​ដំបូង លើ​សេចក្តីព្រាងច្បាប់​ស្តីពី «ពរ​ពោះ​ជំនួស» ក្រោម​ជំនួយ​គាំទ្រ​ប្រឹក្សា​យោបល់​របស់​អង្គការសហប្រជាជាតិ (អ.ស.ប )។ បើតាម​លោក ជីន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថា លោកស្រី​រ៉ូ ណា​ស្មី​ត បាន​សន្យា​ជួយ​ដល់​កម្ពុជា​ក្នុង​ការធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួស​នេះ​បន្តទៀត៕