rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​សម្រេច​ចូល​រួម​ការ​បោះឆ្នោត​ក្នុង​ខែ​កក្កដា​

media
សមាជិកគណៈកម្មាធិការនាយកគណបក្សចំនួនជាង៣២រូប មកពីរាជធានីខេត្ត បានបោះឆ្នោតជាសំងាត់ ចូលរួម​ការ​បោះ​ឆ្នោត​។​ @facebook

គណបក្ស​​ប្រជាធិបតេយ្យ​​មូលដ្ឋាន ​(GDP) ​នៅ​​ថ្ងៃ​អាទិត្យ​​នេះ ​បាន​ប្រកាស​​ជំហរ​​ថា ​នឹង​ចូល​រួម​​បោះ​ឆ្នោត ​នៅ​​ខែ​ក​ក្កដា ​ខាងមុខ​។ ​សេចក្តី​​សម្រេច​បាន​​ធ្វើ​ឡើង ​នៅ​ក្នុង​​កិច្ចប្រជុំ​​មួយ ​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ ​នៅ​ឯ​​ស្នាក់ការ​​កណ្តាល​​គណបក្ស ​ដែល​​ស្ថិត​នៅ​ក្នុង​​ខណ្ឌ​​សែន​​សុខ ​រាជធានី ​ភ្នំពេញ​។ ​កិច្ចប្រជុំ​​នេះ​​មាន​ការ​​ចូលរួម​​ពី​​ថ្នាក់​ដឹកនាំ​​ថ្នាក់​ជាតិ ​និង​​អ្នក​តំណាង​​ខេត្ត​​នៃ​​គណបក្ស​​ប្រមាណ​​ជា ​១០០​នាក់​។ ​ការ​សម្រេច​​របស់​​គណ​បក្ស​​ប្រជាធិ​ប​តេយ្យ​​មូលដ្ឋាន​​ដូច្នេះ ​ត្រូវ​បាន​​អ្នក​នាំ​ពាក្យ​​គណបក្ស​កាន់​អំណាច​​ប្រកាស​​ស្វាគមន៍​។  


នៅ​ទីបំផុត​ទៅ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បានប្រកាស​ដោយ​មិន​រារែក​ចិត្ត​ទៀតឡើយ​ថា ខ្លួន​នឹងចូលរួម​ការបោះឆ្នោតជាតិ នៅ​ថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ខាងមុខនេះ បើទោះបីជា​មានការ​រិះគន់​ថា គឺជា​ការសម្រេចចិត្ត​ខុស​ក្តី។ ការសម្រេចចិត្ត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៦ ឧសភា​នេះ នៅឯ​ស្នាក់ការ​កណ្តាល ដែល​ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ និង​អ្នកតំណាង​ខេត្ត​នៃ​គណបក្ស​ប្រមាណ​ជា១០០​នាក់​។ នៅក្នុង​កិច្ចប្រជុំ​នេះ សមាជិក​គណៈកម្មាធិកា​រ​នាយក​គណបក្ស​ចំនួន​ជាង៣២រូប មក​ពី​​រាជ​ធានី​ខេត្ត បាន​បោះឆ្នោត​ជាសំងាត់ ហើយ​ជា​លទ្ធផល​បាន​បង្ហាញថា គឺ​មានតែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​បោះឆ្នោត​មិន​យល់ព្រម ខណៈ៣១រូប​បាន​បោះឆ្នោត​យល់ព្រម។

សូមបញ្ជាក់ថា នៅមុន​ការបោះឆ្នោត​ផ្ទៃ​ក្នុងនេះ មាន​ការឡើង​ថ្លែង​ពី​ជំហរ​របស់​តំណាង​ខេត្ត​នីៗមួយ​។ ​ភាគច្រើន​នៃ​អ្នកតំណាង​ទាំងនោះ បង្ហាញ​ជំហរ​ចង់​ចូលរួម​ការបោះឆ្នោត ដោយ​សំអាងថា គណបក្ស​ខ្លួន​មាន​គោលនយោបាយ​ល្អ មានការ​គាំទ្រ​ពី​ពលរដ្ឋ និង​ជាការ​ផ្តល់​ជម្រើស​ថ្មី​ដល់​ប្រជាពលរដ្ឋ ជាដើម។ លោក យ៉ង សាំង​កុមារ អនុប្រធាន​គណបក្ស​នេះ បានចាត់ទុក​ការសម្រេចចិត្ត​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ជាការ​សម្រេច​ចិត្តជា​ប្រវត្តិ​សាស្ត្រ​របស់​គណបក្ស។

ជុំវិញ​ការសម្រេចចិត្ត​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​​លោក សុខ ឥសាន បានប្រកាស​ស្វាគមន៍ភ្លាម។ លោក សុខ ឥសាន សង្ឃឹម​ថា គណបក្សនយោបាយ​ថ្មី នឹង​ក្លាយជា​គណបក្ស​ប្រកួតប្រជែង​ខ្លាំង ជាមួយ​គណបក្ស​​របស់​លោក។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី៦ នឹងធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា​ខាងមុខ។ គិត​មកទល់នឹង​ពេលនេះ មាន​គណបក្ស​នយោបាយ​​ចំនួន​៣​ហើយ​ដែល​បាន​ចុះឈ្មោះ​រួចរាល់ នៅ គជប ខណៈ​គណបក្ស​នយោបាយ​​ចំនួន៧ បាន​យកប្រាក់១៥លាន​រៀល​ទៅ​តម្កល់​នៅ​រតនាគារជាតិ និង​គណបក្ស​​ចំនួន១១ផ្សេងទៀត បានមក​យក​ទម្រង់ ១១០៨ ដើម្បី​ត្រៀម​ចុះឈ្មោះ ក្នុង​នោះ ក៏មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ផងដែរ។ ការចុះឈ្មោះ​បញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ នឹងត្រូវ​ផុតកំណត់ នៅ​ថ្ងៃទី ១៤ ឧសភា ខាងមុខ។ យ៉ាង​ណាក៏ដោយ មកទល់នឹង​ពេលនេះ គណបក្សនយោបាយ​ចំនួន២ បានប្រកាស​ធ្វើពហិការ​មិន​ចូលរួម​ការបោះឆ្នោត​នៅពេល​ខាងមុខ គឺ​គណបក្ស​ភ្លើងទៀន អតីត​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​អំណាច​ខ្មែរ​របស់លោក សួង សុ​ភ័​ណ្ឌ៕