rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ព្រៃឈើ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រយៈពេល​២០​ថ្ងៃ​៖ ​រថយន្ត​ជាង​១០០​គ្រឿង​ត្រូវ​បាន​កម្ទេច ​ហើយ​មនុស្ស​១៧​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​បទ​ល្មើស​ព្រៃឈើ​

media
កង​កម្លាំង​កម្ពុជា​ចុះ​បង្ក្រា​ប​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី​នា​ពេល​កន្លង​មក​។​ @FB

គិត​ចាប់​ពី​ថ្ងៃទី ​០៩ ​ដល់​ថ្ងៃទី ​២៨ ​កក្កដា ​ឆ្នាំ​២០១៩​នេះ ​យ៉ាង​ហោច​ណាស់​មនុស្ស​១៧​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​កាន់​តុលាការ​ពី​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ក្រៅ​ពី​នោះ ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​រយៈពេល​ជាង​២០​ថ្ងៃ​មក​នេះ រថយន្ត​ជិត​២០០​គ្រឿង​ត្រូវ​​បាន​​រឹបអូស​ហើយ​ឈើ​ជាង​២៦០០​ម៉ែត្រ​គូប​ត្រូវ​បាន​រឹបអូស​។​ បើ​តាម​អ្នក​នាំ​ពាក្យ​គណៈកម្មា​ធិ​ការ​​ជាតិ​​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ​កំពុង​ត្រូវ​បាន​ធ្វើ​យ៉ាង​ក្តៅ​គគុក​នៅ​ទូទាំង​ប្រទេស​។ ​ 


ក្នុងចំណោម​ជនល្មើស​ទាំង​១៧​នាក់​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​បទល្មើស​ព្រៃឈើ​ក្នុង​រយៈ​ពេល​ជិត​មួយ​ខែ​កក្ក​ដា​នេះ ​រួមមាន​ទាំង​ជន​ជាតិ​ចិន​ និង​ជនជាតិ​វៀតណាម​ផង​ដែរ​។ ​ហើយ​ជន​សង្ស័យ​ទាំងអស់​នេះ​ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​សាលាដំបូង​រួច​ហើយ​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ​អេង ​ហ៊ី ​អ្នក​នាំ​ពាក្យ​គណៈកម្មា​ធិការ​ជាតិ​ ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ក្រៅ​ពី​ជន​ជាតិ​ចិន ​និង​ជន​ជាតិ​វៀតណាម ​នៅ​មា​ន​ ឧកញ៉ា ​និង​រួម​ទាំង​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ផង​ ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​បទ​ល្មើស​ព្រៃឈើនេះ​ដែរ។

​ក្រៅ​ពី​នេះ ​ក្នុង​រយៈពេល​២០​ថ្ងៃ​នៃ​យុទ្ធនាការ​បង្ក្រា​ប​បទ​ល្មើស​ព្រៃឈើ​នៅ​ភូមិ​ភាគ​ឥសាន​នេះ ​គណៈកម្មាធិការ​ជាតិ ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ ​ដែល​ដឹក​នាំ​ដោយ​លោក​នាយឧត្តមសេនីយ៍ ​សៅ សុខា ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថលើផ្ទៃ​ប្រទេស ​បាន​រឹប​អូស​ឈើ ​បាន​ប្រមាណ​ជា​២៦០០​ម៉ែត្រគូប ​ឈើ​ដុំ​ប្រមាណ​ជា​៣ពាន់ដុំ និ​ងដុ​តកម្ទេច​រថយន្ត ​ម៉ូតូ​កែ​ច្នៃ​សម្រាប់​ដឹក​ឈើ​បាន​ប្រមាណ​ជាង​១០០​គ្រឿង ​និង​រក្សា​ទុក​រថយន្ត​ដែល​អា​ច​ប្រើការ​បាន​ជាង​៧០​គ្រឿង​។

​គួររំលឹក​ជូន​ថា ​នៅ​ចំ​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​កំពុ​ង​ប្រារព្ធ​ទិវា​ជាតិ​ដាំ​ដើម​ឈើ ​ឬ ​រុក្ខទិវាជាតិ​ ​នៅឯខេត្តក្រចេះ ​កាល​​​ពី​ថ្ងៃទី ​០៩ ​កក្កដា ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​នេះ​ក៏​បាន​បើក​យុទ្ធនាការ​បង្ក្រាបបទល្មើស​ព្រៃឈើ​ជា​ទ្រង់ទ្រាយធំ​នៅ​ក្នុង​ខេត្តមណ្ឌលគីរី ​ដោយ​បាន​ឃាត់ខ្លួន​ឧកញ៉ា​ម្នាក់​ឈ្មោះ ​ស៊ឹង ​សំអុល ​ប្រធាន​ក្រុម​ហ៊ុន​ម៉ាស្ទ័រខេសាន់ ​រួមជា​មួយ​មេការ​ក្រុមហ៊ុន​២​នាក់ ​និង​អ្នក​បើក​រថយន្ត​ម្នាក់ ​និង​បាន​ដក​ហូត​រថយន្ដ​ដឹក​ឈើ​បាន​ចំនួន​ជាង​៤០​គ្រឿង​។ បន្ថែម​លើ​នេះ ​​កាល​​ពីថ្ងៃទី​​ ២៧ ​​កក្កដា​ គណៈកម្មាធិការ​ជាតិ ​ដើម្បី​ទប់ស្កាត់ ​និង ​បង្ក្រាប​ បទល្មើស​ធនធាន​ធម្មជាតិ ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​នេះ ​បាន​ឃាត់​ខ្លួន​មន្ដ្រី​៣​នាក់​ទៀត​បញ្ជូន​ទៅ​កាន់​តុលាការ​ ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រៃឈើ​។​ ក្នុង​នោះ ២​នាក់​ជា​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ​និង​ម្នាក់​ជា​មន្ដ្រី​បរិស្ថាន​នៅ​ខេត្ដមណ្ឌ​លគិរី ​ខណៈ​ដែល​តុលាការ​ខេត្ត​មណ្ឌលគីរីដដែលនេះ​ កាល​ពី​ថ្ងៃទី ​១៧ ​កក្កដា ​ក៏​បាន​ចេញ​ដីការ​បង្គាប់​ឲ្យ​អតីត​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា​ និង​បច្ចុប្បន្ន​ជា​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ​លោក សាក់ សារុន​ ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃទី ​២០ ​សីហា ​ខាងមុខ ​ក្នុង​សំណុំរឿង​ប្រមូល ​និង​ដឹក​ជញ្ជូន​ផល ​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ​កាលពី ​ខែកក្កដា ​ឆ្នាំ២០១៥​។

​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ​អេង ហ៊ី ​យុទ្ធនាការ​បង្ក្រា​ប​បទល្មើស​ព្រៃឈើដ៏​ក្តៅគគុក​នេះ ​នឹង​បន្ត​ធ្វើ​នៅ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ដោយ​ម៉ឺងម៉ាត់​បំផុត​៕​