អានតួអត្ថបទ
កម្ពុជា-សង្គម

កង​កម្លាំង​ជិត​៦​ពាន់​នាក់​ចេញ​មក​ហ្វឹក​ហាត់​នៅ​មុខ​ព្រះ​បរមរាជ​វាំង ​ត្រៀម​អបអរសាទរ​ទិវា​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

កង​កម្លាំង​​ចម្រុះ​​ជិត​៦​ពាន់​​នាក់ ​មក​ពី​​អង្គភាព​​នានា ​បាន​​ចេញ​មក​​ហ្វឹក​ហាត់​​នៅ​មុខ​​ព្រះ​បរមរាជ​វាំង ​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ ​ទី៤ ​វិច្ឆិកា​​នេះ ​ដើម្បី​​ត្រៀម​​ចូល​រួម​​អបអរសាទរ ​ទិវា​​បុណ្យ​​ឯករាជ្យ​​ជាតិ ​៩ ​វិច្ឆិកា ​ខួប​​លើក​​ទី ​៦៥ ​។ ​បុណ្យ​​ឯករាជ្យ​​ជាតិ ​៩ ​វិច្ឆិកា​ ​ឆ្នាំ​នេះ ​រដ្ឋា​ភិ​បាល​​កម្ពុជា ​គ្រោង​​នឹង​​រៀប​ចំ​​ធ្វើ​ឡើង​​ឲ្យ​​បាន​​អធិក​អធម​​ជាង​​បណ្តា​ឆ្នាំ​មុន​ៗ​។ 

ការ​ដើរ​ក្បួន​របស់​ផែន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​​កាល​ពី​ថ្ងៃ​អាទិត្យ ​ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ​៩ ​វិច្ឆិកា ​ឆ្នាំ ​២០១៨​ ខួប​លើក​ទី​៦៥​ឆ្នាំ​។​
ការ​ដើរ​ក្បួន​របស់​ផែន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​​កាល​ពី​ថ្ងៃ​អាទិត្យ ​ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ​៩ ​វិច្ឆិកា ​ឆ្នាំ ​២០១៨​ ខួប​លើក​ទី​៦៥​ឆ្នាំ​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ស្រប​ពេលដែល​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ជិត​ឈានចូល​មកដល់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី០៤ ខែវិច្ឆិកា​នេះ កងកម្លាំង​ចម្រុះ​ដែល​រួមមាន កងកម្លាំង​នគរបាលជាតិ កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងយោធពល​ខេមរភូមិន្ទ បាន​ចេញមក​ហ្វឹក​ហាត់​ព្រមៗ​គ្នា នៅឯ​ខាងមុខ​ព្រះបរមរាជវាំង។ ការហ្វឹកហាត់​នេះ មានការ​ចូលរួម​ពី​កងកម្លាំង​ចម្រុះ​ជិត៦ពាន់​នាក់ ដោយ​ចែកចេញជា៥៤ផែន។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ឆាយ គឹម​​ឃឿន អ្នកនាំពាក្យ និង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ។

បើតាម​អ្នកនាំពាក្យ​រូបនេះ ការហ្វឹកហាត់​នៅ​ថ្ងៃអាទិត្យ​នេះ រួមមាន ការហ្វឹកហាត់​ពី​របៀប​នៃ​ការដើរ​ក្បួន ការ​ឈរ និង​កាយវិការផ្សេងៗទៀត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​សាក​សមជា​កងកម្លាំងរ​បស់​ជាតិ។ បើតាម​អ្នកនាំពាក្យ​ដដែល ការហ្វឹកហាត់​នេះ បានធ្វើ​ឡើង​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​ការហ្វឹកហាត់​នៅថ្ងៃនេះ គឺជា​លើក​ទី១ហើយ ដែល​កងកម្លាំង​ទាំងអស់ បានមក​ហ្វឹកហាត់​រួមគ្នា​នៅខាងមុខ​ព្រះបរមរាជវាំង ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ខួប​លើក​ទី៦៥ឆ្នាំ។ ការហ្វឹកហាត់​លើក​ទី២ នឹងធ្វើ​ឡើង នៅ​ថ្ងៃ​ពុធ ទី ៧ វិច្ឆិកា ដែល​នឹងមាន​ការចូលរួម​ពី​ផែនផ្សេងៗទៀត តួយ៉ាង​ដូចជា ផែន​មន្ត្រីរាជការ និង​យុវជន​ជាដើម។ សូមបញ្ជាក់ថា កងកម្លាំង​ដែល​ចូលរួម​ហ្វឹកហាត់​នៅថ្ងៃនេះ រួមមាន ៥៤ ផែន ដែល​មកពី​កងកម្លាំង​នគរ​បាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងយោធពល​ខេមរភូមិន្ទ​ជាដើម។ ហើយ​​នៅ​ក្នុង​ផែននីមួយៗ មាន​កងកម្លាំង​សរុប​ចំនួន១១០នាក់។

គួរ​ជំរាបជូន​ថា ការ​ចេញមក​ហ្វឹកហាត់​របស់​កងកម្លាំង​ចម្រុះ​កម្ពុជា​នៅថ្ងៃនេះ គឺ​នៅ​មុនពេល៥ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ខួប៦៥ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ដែល​កម្ពុជា​រំដោះ​បាន​ពី​នឹម​អាណានិគមនិយម​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​រប​ស់​ព្រះមហាវីរក្សត្រ​កម្ពុជា ព្រះ​បរម​រតន​កោដ្ឋ។ តាម​គម្រោង ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំនេះ រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹងធ្វើ​ឡើង ឲ្យ​បាន​អធិកអធម​បើ​ប្រៀបធៀប​នឹង​បណ្តាឆ្នាំមុន។ ការ​ប្រារព្ធ​ខួប៦៥ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ក្នុង​រយៈពេល៣ថ្ងៃនេះ នឹង​ប្រារព្ធ​ធ្វើឡើង ក្រោម​ព្រះរាជធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ