អានតួអត្ថបទ
កម្ពុជា-នយោបាយ

រដ្ឋសភា ​ប្រកាស​ទទួល​ស្គាល់​សុពលភាព​​តំណាង​​រាស្រ្ត​​ថ្មី​​៤៤​រូប ​មក​ពី​គណបក្ស​​នយោបាយ​ចំនួន​៣​

តំណាងរាស្ត្រ​ថ្មី​ចំនួន៤៤​រូប ​ដែល​បានមកពី​ការបែងចែក​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ ត្រូវបាន​រដ្ឋសភា​ប្រកាស​ផ្តល់​សុពល​ភាពជា​ផ្លូវការ​ហើយនៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៧ ខែវិច្ឆិកា​នេះ។ ក្នុងនោះ៤១នាក់ មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ, ​២នាក់​មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​ម្នាក់​មកពី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច។ ចំណែក១១អាសនៈ​ទៀត​ដែល​នៅសល់ នឹង​បែង​ចែក​​នៅពេល​ក្រោយ បន្ទាប់ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​​ក្រ បានប្រកែក​មិន​ទទួលយក។ 

រដ្ឋសភានៅថ្ងៃទី ២៧​ វិច្ឆិកា ​នេះ​​បាន​​បើក​​កិច្ច​​ប្រជុំ​ពេញ​អង្គ​លើក​ទី​៩ ​នីតិកាល​ទី៥ ​បាន​ប្រកាស​ទទួល​ស្គាល់​សុពលភាព​តំណាង​រាស្ត្រ​ថ្មីចំនួន​៤៤​រូប​ មក​ពី​គណបក្ស​នយោបាយ​ចំនួន​៣​។​
រដ្ឋសភានៅថ្ងៃទី ២៧​ វិច្ឆិកា ​នេះ​​បាន​​បើក​​កិច្ច​​ប្រជុំ​ពេញ​អង្គ​លើក​ទី​៩ ​នីតិកាល​ទី៥ ​បាន​ប្រកាស​ទទួល​ស្គាល់​សុពលភាព​តំណាង​រាស្ត្រ​ថ្មីចំនួន​៤៤​រូប​ មក​ពី​គណបក្ស​នយោបាយ​ចំនួន​៣​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​នៅ​ថ្ងៃទី ២៧ វិច្ឆិកា នេះ រដ្ឋសភា​ដែល​បាន​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី៩ នីតិកាល​ទី៥ បានប្រកាស​ទទួលស្គាល់​សុពលភាព​តំណាងរាស្ត្រ​ថ្មី​ចំនួន៤៤រូប មកពី​គណបក្សនយោបាយ​ចំនួន០៣។ ក្នុងនោះ​រួមមាន ទី១.គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ចំនួន ៤១រូប ទី២.គណបក្ស​សញ្ជាតិ​កម្ពុជា​ចំនួន២រូប និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មាន​ចំនួន១រូប គឺ​លោក ហួន រាជ​ចំរើន ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល។

កិច្ចប្រជុំ​រដ្ឋសភា​នៅថ្ងៃនេះ ធ្វើឡើង​ក្រោម​អធិបតីភាព​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា​ដោយមាន​កូរ៉ុម​ចំនួន៦៧នាក់ ប៉ុន្តែ​មិនឃើញ​មាន​វត្តមាន​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ ដោយឡែក សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ដែល​បាន​អវត្តមាន​ពី​កៅអី​រដ្ឋសភា​ជាង១០ឆ្នាំ ពោលគឺ​ចាប់តាំងពី​ព្រះអង្គ​ត្រូវបានធ្វើ​បក្ស​ប្រហារ​​កាលពី​ខែតុលា ឆ្នាំ ២០០៦ មក​នោះ បានបង្ហាញ​ព្រះ​ភក្ត្រ​នៅក្នុង​កិច្ចប្រជុំ​នេះ​ជា​លើក​ដំបូង​នៅក្នុង​សម្លៀកបំពាក់​អាវធំ​ក្រវ៉ាត់​ករ​ពណ៌​ផ្ទៃមេឃ។ អំណឹះតទៅ សម្តេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ គឺជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម មកពី​គណបក្ស​ហ្វ៊ុន​ស៊ិន​​ប៉ិច​។

សូមបញ្ជាក់ថា កៅអី​រដ្ឋសភា​ទាំង៤៤នេះ គឺ​បានមកពី​ការបែងចែក​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៥៥អាសនៈ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា កន្លង​ទៅ។ ប៉ុន្តែ ដោយសារតែ​គណបក្សនយោបាយ​ចំនួន​ពីរ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បានប្រកែក​មិន​យក បានធ្វើ​ឲ្យ​កៅអី​នៅ​ទំនេរ​មាន​ចំនួន១១ ហើយនឹង​ត្រូវ​យកទៅ​បែងចែក​នៅពេល​ក្រោយ។ យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា​នេះ បាន​ហៅ​ការប្រកាស​សុពលភាព​​តំណាងរាស្ត្រ​ថ្មី​ទាំង៤៤រូបនេះ​ថា គឺជាពួក​អ្នកទទួលផល​ចោរប្លន់ "ឆន្ទៈ​រាស្ត្រ " ​ថា​បាន​បង្ហាញមុខ​ហើយ។

គួរ​ជំរាបជូន​ដែរ​ថា បន្ទាប់ពី​ទទួលបាន​ការប្រកាស​សុ​ពល​ភាពជា​តំណាងរាស្ត្រ​ពី​រដ្ឋសភា​នៅថ្ងៃនេះ​ហើយ តំណាងរាស្ត្រ​ថ្មី​ទាំង៤៤រូប មកពី​គណបក្សនយោបាយ​ទាំង៣ នឹងត្រូវ​ចូលទៅ​ស្បថ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​កម្ពុជា​នៅ​ថ្ងៃ​បន្ទាប់ មុននឹង​ចាប់ផ្តើម​បំពេញការងារ​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ