អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​ខ្មែរ​ម្នាក់​របួស​ធ្ងន់​និង​៣​នាក់​ទៀត​របួស​ស្រាល ​បន្ទាប់​ពី​ការ​វាយប្រហារ​អត្តឃាត​មួយ​នៅ​ប្រទេស​ម៉ាលី

ពលរដ្ឋ​ខ្មែរ​៤​នាក់ ​បាន​រង​របួស ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ភេរវកម្ម​អត្តឃាត​មួយ​ នៅ​ប្រទេស​ម៉ាលី ​កាល​ពី​ម៉ោង​៧​យប់ ​ថ្ងៃ​ទី​១២​វិច្ឆិកា​(​ម៉ោង​នៅ​ម៉ាលី)​ ត្រូវ​នឹង​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ​(​ម៉ោង​នៅ​កម្ពុជា​)​។ ​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នេះ ​គឺ​ភេរវ​ករ​បាន​បើក​រថយន្ត​១​គ្រឿង ​សំរុក​ចូល​ទៅ​បំផ្ទុះ​ក្នុង​ទីតាំង​ស្នាក់​នៅ​របស់​អង្គការ​សហប្រជាជាតិ ​នៅ​តំបន់​ហ្កា​វ នៃ​ប្រទេស​ម៉ាលី​។

កង​ទ័ព​មួក​ខៀវ​កម្ពុជា ​កំពុង​បំពេញ​ការងារ​នៅ​តំបន់​អាហ្វ្រិក​
កង​ទ័ព​មួក​ខៀវ​កម្ពុជា ​កំពុង​បំពេញ​ការងារ​នៅ​តំបន់​អាហ្វ្រិក​ fb
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ​នៅ​ថ្ងៃ​ពុធ​នេះ ​ក្នុង​ចំណោម​អ្នក​ពលរដ្ឋ​ខ្មែរ ​ដែល​រង​របួស​ទាំង​៤​នាក់​នោះ ​មាន​ម្នាក់​របួស​ធ្ងន់ ​និង​៣​នាក់​ទៀត​របួស​ស្រាល ​ខណៈ​ភេរ​វករ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​។ ​ពលរដ្ឋ​ខ្មែរ ​ដែល​រង​របួស​ទាំង​៤​នាក់ ​ត្រូវ​បាន​បញ្ចូន​ទៅ​សង្គ្រោះ ​និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ផ្សេង​គ្នា​ទៅ​តាម​ស្ថានភាព​របួស​។ ​ពួក​គេ ​ជា​អតីត​បុគ្គលិក​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​កំចាត់​មីន​ក​ម្ពុ​ជា​(​CMAC​) ​និង​អតីត​បុគ្គលិក​អង្គការ ​Hello TRUST​។ ​ហេតុការណ៍​នេះ ​ក៏​បណ្តាល​ឲ្យ​ជនជាតិ​ម៉ាលី​២​នាក់​ស្លាប់ ​និង​១០​នាក់​ទៀត​រង​របួស​ផង​ដែរ​។

ដោយឡែក​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ​ដែល​បំរើ​ការងារ​នៅ​ក្រោម​ឆ័​ត្រ​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី ​គឺ​មិន​មាន​គ្រោះថ្នាក់​ដោយ​ហេតុ​ការណ៍​ខាងលើ​នេះ​ទេ​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​ខេត្តកណ្ដាល ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ថា ​ពួក​ឧទ្ទាម​បាន​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ ​ទៅ​លើ​បន្ទាយ​ក្រុម​កង​កម្លាំង​រក្សា​សន្តិភាព ​ដោយ​ពួក​ឧទ្ទាម​ប្រើប្រាស់​រថយន្ត ​(​Pick up)​ ៨​គ្រឿង ​ឡោមព័ទ្ធ​ជំរុំ ​ហើយ​រថយន្ត​២​គ្រឿង ​បាន​ចូល​វាយ​ប្រហារ​បែប​អត្តឃាត ​ទៅ​លើ​បន្ទាយ​​កងទ័ព​អង្គការ​សហប្រជាជាតិ ​ដែល​ក្នុង​នោះ​មាន​កងទ័ព​មួក​ខៀវ​កម្ពុជា​រស់​នៅ​។ ​ក៏​ប៉ុន្តែ ​ការ​វាយ​ប្រហារ​នោះ ​មិន​បាន​បង្ករ​ឲ្យ​កង​ទ័ព​មួក​ខៀវ​កម្ពុជា ​រង​របួស ​ឬ​បាត់​បង់​ជីវិត​នោះ​ទេ ​ពោល​គឺ​មាន​តែ​កងទ័ព​របស់​បួ​គី​ណា​ហ្វា​សូ ​២​នាក់​ស្លាប់ ​និង​របួស​៥​នាក់​។

មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​មាន​ពលរដ្ឋ​កម្ពុជា ​ដែល​ជា​ជន​ស៊ីវិល​សរុប​ប៉ុន្មាន​នាក់​នៅ​ឡើយ ​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​ម៉ាលី ​និង​ប្រទេស​អាហ្វ្រិក​ឯ​ទៀត ​ក៏ប៉ុន្តែ ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ ​កម្ពុជា​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស​បាន​ចំនួន​ប្រមាណ ​ជាង​៥០០០​នាក់ ​ក្នុង​នោះ​កង​ទ័ព​ជា​ស្ត្រី​មាន​ចំនួន​ជាង​២០០​នាក់​។ ប្រទេស​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចំនួន​៨ ​រួមមាន​ស៊ូដង់ ​ស៊ូដង់​ខាងត្បូង ​លី​បង់ ​អាហ្វ្រិក​កណ្តាល ​ស៊ី​រ៉ី ​ស៊ី​ប ​ម៉ាលី ​និង​ប្រទេស​ឆាត​។ ​កង​កម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា ​ជា​កម្លាំង​ជំនាញ​ផ្នែក​វិស្វកម្ម ​កម្លាំង​ពេទ្យ​កម្រិត​២ ​កម្លាំង​បោស​សម្អាត​មីន ​កម្លាំង​អាវុធហត្ថ ​និង​កម្លាំង​កម្ទេច​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ