អានតួអត្ថបទ
កម្ពុជា-នយោបាយ

បណ្ឌិត សុខ ទូច កំណត់​ការងារ​អាទិភាព​បី​ក្នុង​ថ្ងៃ​ទទួល​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា

លោក​បណ្ឌិត​សុខ ទូច​នៅ​ថ្ងៃ​នេះ បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ក្លាយ​ជា​ធនាគារ​ខួរ​ក្បាល​របស់​កម្ពុជា និង​កំណត់​ការងារ​អាទិភាព​៣ ក្នុង​ពេល​លោក​ចូល​កាន់​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា។ ការងារ​ទាំង​៣​សំខាន់​របស់​លោក​សុខ ទូច គឺ ដើម្បី​ផ្តល់​ធាតុ​ចូល​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ។

បណ្ឌិត សុខ ទូច ក្នុង​ថ្ងៃ​ចូល​​កាន់​​តំណែង​​ជា​​ប្រធាន​​រាជបណ្ឌិត្យ​​សភា​​កម្ពុជា
បណ្ឌិត សុខ ទូច ក្នុង​ថ្ងៃ​ចូល​​កាន់​​តំណែង​​ជា​​ប្រធាន​​រាជបណ្ឌិត្យ​​សភា​​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

អ្នក​វិភាគ​នយោបាយ និង​សង្គម លោក​បណ្ឌិត​សុខ ទូច សាកល​វិទ្យាធិការ នៃ​សាកល​វិទ្យាល័យ​ខេមរៈ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា បាន​ក្លាយ​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​របស់​រដ្ឋាភិបាល​ជា​ផ្លូវ​ការ ហើយ​លោក​បាន​កំណត់​យក​ការងារ​អាទិភាព​៣ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ដើម្បី​ផ្តល់​ធាតុ​ចូល​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ។ លោក​បញ្ជាក់​ថា​ការងារ​ទាំង​៣​នោះ រួម​មាន ទី​១​កសិកម្ម និង​បរិស្ថាន ទី​២​មីក្រូ​ហិរញ្ញវត្ថុ និង​ទេសចរណ៍​ជនបទ និង​ទី​៣ គឺ​ព្រំដែន និង​កិច្ចការ​អន្តរជាតិ។

លោក​បណ្ឌិត​សុខ ទូច បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ថា​ការ​លើក​យក​បញ្ហា​ខាង​លើ​នេះ​ជា​អាទិភាព​ដោយ​សារ​តែ​ប្រជា​កសិករ​កម្ពុជា​ភាគ​ច្រើន​បាន​ប្រើ​ប្រាស់​កម្ចី​ពី​មីក្រូ​ហិរញ្ញវត្ថុ ហើយ​ត្រូវ​តែ​រក​ដំណោះ​ស្រាយ​ឲ្យ​ប្រជា​កសិករ។

ចំពោះ​បញ្ហា​បរិស្ថាន ឬ​ព្រៃ​ឈើ​វិញ លោក​បញ្ជាក់​ថា រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ចង់​កែ​ប្រែ​ឧទ្យាន​មួយ​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល ឲ្យ​ក្លាយ​ជា​ឧទ្យាន​គំរូ។ ចំណែក​បញ្ហា​ព្រំដែន​លោក​សុខ ទូច​បាន​លើក​យក​ឧទាហរណ៍​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ឡាវ ដូច្នេះ​លោក​នឹង​បន្ត​ការ​ស្រាវ​ជ្រាវ​មិន​ត្រឹម​តែ​ព្រំដែន​វៀតណាម​ទេ តែ​ក៏​មាន​ព្រំដែន​រវាង​ឡាវ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​ពិធី​តែង​តាំង​ប្រធាន​បណ្ឌិត្យ​សភា និង​ប្រធាន​បណ្ឌិត្យ​សភាចារ្យ​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា បាន​ស្នើ​ឲ្យ​លោក​បណ្ឌិត សុខ ទូច កែ​ទម្រង់​ឲ្យ​បាន ទៅ​លើ​ចំណុច​មួយ​ចំនួន ដែល​ចាំ​បាច់។ លោក​ហ៊ុន សែន​បញ្ជាក់​ថា បើ​មិន​ធ្វើ​កំណែ​ទម្រង់​ទេ នោះ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​នឹង​រយីក​រយាក ហើយ​ក្លាយ​ជា​គំរូ​មិន​ល្អ​សម្រាប់​ស្ថាប័ន​ដ៏ទៃ​ទៀត។

រាជ​បណ្ឌិត្យ​សភា​បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​១៩៦៥ ប៉ុន្ដែ​មិន​ទាន់​មាន​ដំណើរ ដោយ​សារ​សង្គ្រាម​ស៊ីវិល។ លុះ​មក​ដល់​ឆ្នាំ​១៩៩៩ រាជ​បណ្ឌិត្យ​សភា បាន​បង្កើត​ឡើង​វិញ ដែល​ពេល​នោះ​មាន​លោក​បណ្ឌិត ស៊ន សំណាង ជា​ស្ថាបនិក និង​ជា​អតីត​ប្រធាន។

បច្ចុប្បន្ន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​មាន​វិទ្យាស្ថាន​ចំនួន​០៦​ជា​ស្ថាប័ន​ស្រាវជ្រាវ ដែល​ក្នុង​នោះ​រួម​មាន វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រ​សិល្បៈ វិទ្យាស្ថាន​មនុស្ស​សាស្ដ្រ និង​វិទ្យាសាស្ដ្រ​សង្គម វិទ្យាស្ថាន​ជីវសាស្ដ្រ វេជ្ជសាស្ដ្រ និង​កសិកម្ម វិទ្យាស្ថាន​វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា វិទ្យាស្ថាន​ភាសា​ជាតិ និង វិទ្យាស្ថាន​ទំនាក់​ទំនង​អន្ដរជាតិ​ព្រម​ទាំង​មាន​មជ្ឈមណ្ឌល​ចំនួន​ប្រាំ​ទៀត។

សូម​បញ្ជាក់​ថា​លោក​បណ្ឌិត​សុខ ទូច សាកល​វិទ្យាធិការ នៃ​សាកល​វិទ្យាល័យ​ខេមរៈ ត្រូវ​បាន​ប្រមុខ​រដ្ឋស្តីទី​លោក​សាយ ឈុំ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧ បាន​ចេញ​ព្រះ​រាជក្រឹត្យ​តែង​តាំង​​ជា ប្រធាន​រាជ​បណ្ឌិត្យ​សភា​ជំនួស លោក​ស្រី​បណ្ឌិត​សភាចារ្យ ខ្លូត ធីតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ