rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នយោបាយ សម រង្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នក​នាំ​ពាក្យ​បក្ស​CPP ចំអក​ថា កង​ទ័ព​នឹង​ស្វាគមន៍​លោក សម រង្ស៊ី បន្ទាប់​ពី​ការ​អំពាវនាវ​ក្រោក​ឈរ

media
លោក សម រង្ស៊ី (ឆ្វេង)​ និង​លោក ​សុខ ​ឥសាន (ស្តាំ)។​ @RFI

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ហៅ​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​នោះ ឲ្យ​វិល​ចូល​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​កង​ទ័ព​ស្វាគមន៍​តាម​ការ​អំពាវនាវ​របស់​លោក។ ប្រតិកម្ម​តប​បែប​ចំអក​នេះ គឺ​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​ជា​ថ្មី​ទៀត​របស់​លោក សម រង្ស៊ី កាល​ពី​សប្តាហ៍​មុន ដែល​ឲ្យ​កង​ទ័ព​ឈរ​នៅ​ខាង​ប្រជាជន ហើយ​ឲ្យ​ប្រជាជន​ក្រោក​ឈរ​ឡើង​ ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា។


លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ថា​ជា​ក្បាច់​ចុង​ហើយ តែ​ថា​ប្រជាពលរដ្ឋ​មិន​ជឿ​តាម​ការ​អំពាវនាវ​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ទេ។

លោក សុខ ឥសាន អះអាង​ថា ដាច់​ខាច​គ្មាន​ឡើយ ការ​ងើប​បះ​បោរ​ណា​មួយ​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី។ លោក សម​ រង្ស៊ី មិន​ត្រឹម​តែ​អំពាវនាវ​ឲ្យ “ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ត្រូវ​តែ​ងើប​ឈរ​ឡើង​ទាំង​អស់​គ្នា ក្រោយ​ពី​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ ថ្ងៃ ២៩ កក្កដា​នេះ ”ទេ។ ប៉ុន្តែ​លោក ក៏​អំពាវនាវ​ឲ្យ​កង​ទ័ព​ឬ​កូន​ទាហាន​ត្រូវ​ឈរ​នៅ​ខាង​ប្រជាជន នៅ​ពេល​ប្រជាជន​ក្រោក​ឈរ​ឡើង​ក្រោយ​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា។ នេះ​បើ​តាម​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី ថ្ងៃ​ទី៦​មិថុនា។

ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប​បែប​ចំអក​ទៅ​វិញ លោក សុខ ឥសាន បាន​ប្រកាស​ហៅ​លោក សម រង្ស៊ី ឲ្យ​វិល​ចូល​ប្រទេស​វិញ​កាន់​តែ​ឆាប់​ដើម្បី​ឲ្យ​កងទ័ព​ស្វាគមន៍។ ស្វាគមន៍​ដែល​តាម លោក សុខ ឥសាន គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ចាប់​ខ្លួន​ទៅ​ដាក់​ពន្ធនាគារ​ទៅ​តាម​ដីកា​របស់​តុលាការ​ដែល​មាន​ស្រាប់​នោះ​ទេ។

តែ​យ៉ាង​ណា​ក៏​ដោយ ក្នុង​បទ​សម្ភាសន៍​ដដែល លោក សម រង្ស៊ី បាន​បក​ស្រាយ​ថា ការ​ដែល​អំពាវនាវ​ឲ្យ​ប្រជាជន​ក្រោក​ឈរ​ឡើង​នោះ គឺ​ជា​ការ​មិន​ទៅ​បោះ​ឆ្នោត ហើយ​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ដោយ​អហិង្សា​តែ​ប៉ុណ្ណោះ។

បើ​តាម លោក សម រង្ស៊ី ច្បាស់​ណាស់​ថា ការ​បោះ​ឆ្នោត​ដែល​គ្មាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម​នៅ​ពេល​ខាង​មុខ​នេះ គឺ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហភាព​អឺរ៉ុប ឬ​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ឡើយ។

តំណាង​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ដែល​គ្រោង​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​ក្នុង​ខែ​នេះ​ឬ​ដើម​ខែ​កក្កដា ដើម្បី​ពិនិត្យ​ពី​គោលការណ៍​អនុគ្រោះ​ពន្ធ​នាំ​ចេញ​លើ​វិស័យ​កាត់ដេរ។

សូម​បញ្ជាក់​ថា លោក សម រង្ស៊ី ទើប​តែ​ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ​ប្រើ​អធិបញ្ជា​ទៅ​តំណាង​អយ្យការ​ឲ្យ​ចាត់​ការ​ប្រឆាំង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​មួយ​ករណី​ទៀត ដោយ​ចោទ​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ ​ទាក់​ទង​សំណុំ​រឿង​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត៕