អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ​សង្គម​ថា​ការ​ដាក់​ជញ្ជីង​ចល័ត​ឡើង​វិញ​ល្អ ​តែ​ទាម​ទារ​ឲ្យ​មាន​ការ​សហការ​

អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ បាន​លើក​ឡើង​ថា ​គំរោង​ដាក់​ជញ្ជីង​ចល័ត​ឡើង​វិញ ​ដើម្បី​ថ្លឹង​រថយន្ត​ គឺ​ជា​វិធាន​ការ​ល្អ ​តែ​ទាមទារ​ឲ្យ​ក្រសួង​ហ៊ាន​ផាក​ពិន័យ​គ្រប់​រថយន្ត​ បើ​ទោះ​បី​ជា​ក្រុម​ហ៊ុន​រថយន្ត​នោះ ​មាន​ខ្នង​ធំ​ប៉ុណ្ណា​ក៏​ដោយ​។ គំរោង​ដាក់​ជញ្ជីង​ចល័ត​ឡើង​វិញ​នេះ ​គឺ​ជា​វិធានការ​ទប់​ស្កាត់​រថយន្ត​ដឹក​លើស​ទម្ងន់​របស់​ក្រសួង​សាធារ​ណការ​។

ឡានដឹកទំនិញដែល​លើស​ទំងន់ ​និង​រថយន្ត​ធំៗ​ដែល​ចូល​ទៅ​ក្រុង​ដែល​បង្ក​ឲ្យ​មាន​ការ​ខូចខាតទៅ​ដល់​ផ្លូវ​ថ្នល់​ ស្ពាន ​និង​ស្ទះច​រាចរណ៍។
ឡានដឹកទំនិញដែល​លើស​ទំងន់ ​និង​រថយន្ត​ធំៗ​ដែល​ចូល​ទៅ​ក្រុង​ដែល​បង្ក​ឲ្យ​មាន​ការ​ខូចខាតទៅ​ដល់​ផ្លូវ​ថ្នល់​ ស្ពាន ​និង​ស្ទះច​រាចរណ៍។ © facebook
ផ្សាយពាណិជ្ជកម្ម

លោក កែម ឡី អ្នកសិក្សា​ពី​ការអភិវឌ្ឍ​សង្គម​កម្ពុជា បាន​ឲ្យ​ដឹងថា​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល អំពី​ការដាក់​ជញ្ជីង​ចល័ត ដើម្បី​ទប់ស្កាត់​ការដឹក​លើស​ទម្ងន់​គឺជា​រឿង​ល្អ។ ប៉ុន្តែ​លោក កែម ឡី បាន​លើក​ជា​សំនួ​រថា តើ​ក្រសួង​សាធារណការ ឬ​អ្នក​ផាកពិន័យ​នោះ ពិតជា​ហ៊ាន​ផាកពិន័យ​ដែរឬទេ? បើ​ក្រុមហ៊ុន រថយន្ត​មួយចំនួន​នោះ ជា​ក្រុមហ៊ុន​កូនអ្នកធំៗ ពោលគឺ​ធំ​ជាង​រដ្ឋមន្ត្រី។

 
លោកបាន​បន្ថែមថា​ចំណាត់ការ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​កន្លងមក គឺ​អនុវត្ត​មិនបាន​ជោគជ័យ​ទេ ដោយសារតែ​ឡាន ដែល​ដឹក​លើស​ទម្ងន់​នោះ គឺជា​ឡាន​របស់​ក្រុមហ៊ុន​កូន​ប្រពន្ធ​បក្សពួក​អ្នកកាន់អំណាចធំ។ ពេលខ្លះ​វិធាន​ការដែល​ប្រកាស​កន្លងមក គឺ​គ្រាន់តែ​ជាការ​ឃោសនា​តែប៉ុណ្ណោះ។

ជុំវិញ​ការទប់ស្កាត់​រថយន្ត​លើស​ទម្ងន់​នេះ លោក អៀរ ចរិយា អ្នកជំនាញ​ខាង​សុវត្ថិភាព​ផ្លូវថ្នល់​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ការដាក់​ជញ្ជីង​នៅតាម​ផ្លូវជាតិ​កាលពី​កន្លងមក​គឺ​មិនសូវ​ជាមាន​ប្រសិទ្ធភាព​ទេ ដោយសារតែ​មិនមាន​ការផាកពិន័យ ឬ​ការបញ្ឈប់​។ លោក​អៀរ ចរិយា មិនអាច​បញ្ជាក់​បានទេ​ថា​ផែនការ​ថ្មី​នេះ​នឹង​ប្រសិទ្ធភាព​ប៉ុណ្ណា​នោះ ប៉ុន្តែ​លោក​ថា​ផែនការ​ថ្មី​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​នគរបាល ឬ​កម្លាំង​រាជ​អាវុធហត្ថ​ជាដើម។

លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី១២ ខែឧសភា បាន​បញ្ជាក់ថា​ក្រសួង​នឹងមាន​វិធានការ​ទប់ស្កាត់​ការដឹក​លើស​ទម្ងន់ ដោយ​ទៅដល់​ទីតាំង ហើយ​ថ្លឹង​ទម្ងន់​ដោយ​ជញ្ជីង​ចល័ត។ ប៉ុន្តែ​ដើម្បី​ធ្វើបែបនេះ​បាន លោក ស៊ុន ចាន់ថុល បញ្ជាក់ថា​ក្រសួង​សាធារណការ​នឹង​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ដាក់​ជញ្ជីង​ចល័ត​ឡើងវិញ ហើយ​គ្រោង​ដាក់​បន្ថែមទៀត។ លោក​បន្ថែមថា​ការ​ក្រសួង​នឹងមាន​ផែនការ​ពិន័យ​លើ​មន្ត្រី​គ្រប់គ្រង​ជញ្ជីង​ណា ដែល​ឲ្យ​រថយន្ដ​ដឹក​លើស​ទម្ងន់​ចរាចរ​លើផ្លូវ​ថ្នល់។ 

សូមបញ្ជាក់ថា កាលពី​ខែកុម្ភៈ កន្លងទៅ មាន​រថយន្ត​មួយគ្រឿង​បាន​ដឹក​លើស​ទម្ងន់ ដែល​បង្ក​ឲ្យ​ខូចខាត​លើ​ស្ពាន​អ្នក​លឿង ហើយភ្លាមៗនោះ​មិនមាន​អាជ្ញាធរ​ណា​តាម​រថយន្ត​បង្ក​នោះទេ។ ៣ថ្ងៃ​ក្រោយមក​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​នគរបាល​តាម​ចាប់​រថយន្ត​បង្កហេតុ​នោះ។ មិនបាន​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ការបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី គេ​សង្កេតឃើញ​អាជ្ញាធរ​ខេត្តព្រៃវែង​ចាត់វិធានការ​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​គល់ស្ពាន​អ្នក​លឿង តែ​មិនបាន​ប៉ុន្មាន​សប្តាហ៍​ផង វិធានការ​នេះ​បាន​បាត់​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ