អានតួអត្ថបទ
កម្ពុជា

ស្ថាប័ន​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​៧ ​ស្នើ​ឲ្យ​អាស៊ាន​ជួយ​សម្រុះសម្រួល​បញ្ហា​កម្ពុជា

ស្ថាប័ន​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៧ ​នៅ​ថ្ងៃ​ទី​២៥​ខែ​មេសា ​ម្សិលមិញ ​ បាន​សរ​សេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក​ Dr VIVIAN BALAKRISHNAN​ ​រដ្ឋ​មន្ត្រី​​​ការ​​​បរទេស​​សិង្ហ​បុរី ​​ដើម្បី​ស្នើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្ពុជា​ជួយ​សម្របសម្រួល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ឲ្យ​វិល​ទៅ​រក​ក្រ​ក្រ​តី​ភាព​ឡើងវិញ​។ ​ការ​អំពាវនាវ​របស់​អង្គការ​ទាំង​៧​នេះ ​បាន​ធ្វើ​ឡើង​ខណៈដែល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍​នេះ​។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ fb
ផ្សាយពាណិជ្ជកម្ម

អង្គការ​អន្តរជាតិ​ទាំង​៧ ​ដែល​ស្នើ​ឲ្យ​ប្រធាន​អាស៊ាន​គឺ​ប្រទេស​សិង្ហ​បុរី ​ជួយ​សម្របសម្រួល​ដល់​បញ្ហា​នយោបាយ​កម្ពុជា​នោះ​គឺ ​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស ​(APHR)​ បណ្តាញ​ប្រជាធិបតេយ្យ​អាស៊ី​(ADN) ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ ​បណ្តាញ​អាស៊ី​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី ​(ANFREL) ​ក្រុម​ប្រឹក្សា​សេរីភាព​និង​ប្រជា​ធិបតេយ្យ​អាស៊ី ​(CALD)​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​(HRW) ​និង ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្ដរជាតិ​​(NDI)​។

ក្រុម​អង្គការ​ទាំង​នេះ ​បាន​ធ្វើ​ការ​អំពាវនាវ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ​នៅ​ប្រទេស​សិង្ហ​បុរី ​ដោយ​ស្នើ​ឲ្យ ​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ជួយ​សម្រុះ​សម្រួល​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ ​«​អស្ថិរភាព​» ​នៅ​កម្ពុជា ​ត្រលប់​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ​។ ​លើស​ពី​នេះ ​ក៏​មាន​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ​ដែល​ជា​ហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​កោះ​ប្រជុំ​ឡើង​វិញ ​មុន​ខែ​កក្កដា​ឆ្នាំ២០១៩ ​ដើម្បី​នាំ​មក​នូវ​សកម្មភាព​រួម ​ផ្លាស់​ប្តូរ​កម្ពុជា​ឲ្យ​ផុត​ពី​គន្លង​ប្រទេស​ដែល​មាន​ការ​ធ្លាក់ចុះ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​។

នៅ​ក្នុង​លិខិត​សរសេរ​ទៅ​កាន់​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ​ដែរ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ទាំង​នេះ ​ក៏​បាន​រៀបរាប់​ផង​ដែរ ​អំពី​សកម្មភាព​ថ្មី​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដោយ​រដ្ឋាភិបាល​កម្ពុជា ​ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក​កឹម សុខា ​និង​សកម្មជន​សិ​ទិ្ធ​មនុស្ស ​ការ​បិទ​សិទ្ធិ​នយោបាយ​មេដឹក​នាំ​បក្ស​ប្រឆាំង​ជាង​១០០​នាក់ ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សង្គម​ស៊ីវិល​ដែល​មិន​ស្រប​ទៅ​នឹង​គោលការណ៍​របស់​អាស៊ាន​។ ​

គោល​ការណ៍​អាស៊ាន​គឺ ​ការ​លើក​កម្ពស់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ ​តាម​រយៈ​គោរព​ការ​យុត្តិធម៌​និង​នីតិរដ្ឋ ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ​១៩៩១ ​ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​រយៈពេល​១២ឆ្នាំ​នៅ​កម្ពុជា​។ ទោះ​យ៉ាង​ណា ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​តែង​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា ​គោលការណ៍​អាស៊ាន ​គឺ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផង​គ្នា​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ