អានតួអត្ថបទ
កម្ពុជា

សំ​ណុំ​រឿង​ស៊ើប​អង្កេត​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ខេត្ត​មណ្ឌល​គិរី​ បញ្ជូន​មក​ដល់​ភ្នំពេញ

ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ប្រចាំ​ខេត្ត​មណ្ឌល​គិរី​ចំនួន​១១​នាក់​ ត្រូវ​បាន​ផ្ទេរ​មក​តុលា​ការ​ក្រុង​ភ្នំពេញ​ហើយ​ កាល​ពី​សប្តាហ៍​មុន​។ ​នេះ​បើ​តាម​មន្ត្រី​តុលា​ការក្រុង​ភ្នំពេញ​។ ការ​ផ្ទេរ​សំណុំ​រឿង​នេះ​ ធ្វើ​ឡើង​ តាម​ការ​ស្នើ​របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌។

ព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី
ព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី @RFI/ Navin
ផ្សាយពាណិជ្ជកម្ម

លោក​អ៊ី​ រិន​ ប្រធាន​លេខា​រដ្ឋាន​រដ្ឋ​បាល​សា​លា​ដំបូង​រា​ជា​ធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ សំ​ណុំ​រឿង​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឈើ​ក្នុង​ខេត្ត​មណ្ឌល​គិរី ​ត្រួវ​បាន​បញ្ជូន​មក​ដល់​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​ស្ថិត​នៅ​ក្នុងដៃ​របស់​អយ្យ​ការ​ចាត់​ការ​លើ​សំណុំ​រឿង​នេះ។​

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ខេម​បូ​ឌេ​ដេ​លី​ សំ​ណុំ​រឿង​ខាង​លើ​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ខេត្ត​ចំនួន​១១រូប​ រួម​មាន​មេ​បញ្ជា​ការ​យោ​ធា ​និង​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ឬ​អាច​ទាំង​ព្រះ​រា​ជ​អា​ជ្ញា​អមសាលា​ដំបូង​ខេត្ត​នេះ​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ទាំង​៣រូប​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ នៅ​ថ្ងៃ​ទី​១២​ ខែ​កក្កដា​នេះ​។

លោក​យ៉ា ​ណា​រិន​ ប្រ​ធាន​សាលា​ដំបូង​ខេត្ត​មណ្ឌល​គីរី​សុំ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​លើ​ករណី​ខាង​លើ​នេះ​។ ចំណែក​លោក​មាស​ ប្រុស​ អ្នក​នាំ​ពាក្យ​សា​លា​ដំបូង​ខេត្ត​មណ្ឌល​គីរី​បាន​ឲ្យ​ដឹង​ថា​ សំ​ណុំ​រឿង​ខាង​លើ​នេះ​ត្រូវ​បាន​បញ្ជូន​មក​សា​លា​ដំបូង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក​ ហើយ​លោក​មិន​អាច​បញ្ជាក់​អត្ត​សញ្ញាណ​ ចំពោះ​អ្នក​ជាប់​ពាក់​ព័ន្ធ​ទាំង​១១​នាក់​នោះ​ទេ​។

ប៉ុន្តែ​លោក​ថា​អ្នក​ពាក់​ព័ន្ធ​ គឺ​ជា​មនុស្ស​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​នេះ​ផ្ទាល់​។ បើ​តាម​លោក​មាស​ ប្រុស​ ក្រៅ​ពី​អ្នក​ទាំង​១១​នាក់​នេះ ​ក៏​មាន​មនុស្ស​ផ្សេង​ទៀត​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ពុក​រលួយ​ខាង​លើ​នេះ​ដែរ​។ ​

​លោក​ប៉ែន ​ប៊ុណ្ណារ៍​ មន្ត្រី​អាដ​ហុក​ ដែល​តាម​ដាន​ករណី​នេះ​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បា​រាំង​អន្តរ​ជាតិ​ថា​ ការ​បញ្ជូន​ករណី​អំពើ​ពុក​រលួយ​ក្នុង​ការ​ជួញ​ដូរ​ឈើ​នេះ​ ធ្វើ​ឡើង​ដោយ​សារ​តែ​សមាស​ភាព​ពាក់​ព័ន្ធ​ដល់​មន្ត្រី​ក្នុង​ស្ថាប័ន​តុលា​ការ​ខេត្ត​មណ្ឌល​គិរី​។ ​លោក​ប៊ុណ្ណារ៍​ យល់​ឃើញ​ថា​ ប្រសិន​បើ​សំណុំ​រឿង​នេះ​ បន្ត​ទុក​ស៊ើប​អង្កេត​នៅ​ក្នុង​ខេត្ត​មណ្ឌល​គីរី​ នោះ​នឹង​មិន​អាច​រក​យុត្ត​ធម៌​ឃើញ​ទេ​។

​លោក​មាស​ ប្រុស​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី​ និង​លោក ​ប៉ែន ​ប៊ុណ្ណារ៍​ មន្ត្រី​អាដ​ហុក​ ថា​ករណី​ស៊ើប​អង្កេត​លើ​មន្ត្រី​របស់​ខេត្ត​មណ្ឌល​គីរី​នា​ពេល​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​ការ​បង្រ្កាប​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​ កាល​ពី​ខែ​កុម្ភៈ ​ហើយ​ឈ្មួញ​ឈើ ​បាន​ឆ្លើយ​ដាក់​លើ​មន្ត្រី​របស់​ខេត្ត ​ដែល​មាន​ទាំង​ មេ​បញ្ជា​ការ​ និង​ព្រះ​រាជ​អាជ្ញា​។ បើ​តាម​លោក​ប៊ុណ្ណារ៍​ ឈ្មួញ​ឈើ​បាន​ផ្តល់​លុយ​ទៅ​ឲ្យ​មន្ត្រី​នៅ​តាម​ព្រំ​ដែន​ ដើម្បីនាំ​ឈើ​ចេញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ