អានតួអត្ថបទ
កម្ពុជា

មួយ​ឆ្នាំ​ៗ ពលរដ្ឋខ្មែរ​ចំណាយ​លើ​បារី​ជាង​២០០​លាន​ដុល្លារ

ថ្ងៃ​ទី​៧​មិថុនា​នេះ គឺ​ជា​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់​ ដែល​ត្រូវ​បាន​​ប្រារព្ធឡើង​ក្រោម​ប្រធានបទ «ថ្នាំ​ជក់​ជា​ឧបសគ្គ​នៃការ​អភិវឌ្ឍ​»​។ ក្នុង​ឱកាស​នេះ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ជក់​បារី មាន​ប្រមាណ​១​លាន​៦​សែន​នាក់ ភាគ​ច្រើន​ជា​ក្រុម​មនុស្ស​ដែល​មាន​ចំណូល​ទាប​។ ក្នុង​នោះ​១​ម៉ឺន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​។ ចំណែក​ថ្លៃ​ចំណាយ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​ទិញ​បារី​វិញ មាន​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ​។

REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្លៃ​ជាង​២០០​លាន​ដុល្លារ​នេះ គិត​ត្រឹម​តែ​ការ​ចំណាយ​សម្រាប់​ទិញ​បារី​ប៉ុណ្ណោះ នៅ​មិន​ទាន់​រាប់​បញ្ចូល​​​ការ​ចំណាយ​ព្យាបាល​ជំងឺ​ដែល​បង្ក​ដោយ​ថ្នាំ​ជក់​ប្រមាណ​១៦០​លាន​ដុល្លារ​ទៀត​នៅ​ឡើយ​ទេ​។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នៅ​កម្ពុជា បាន​ថយ​ចុះ​ខ្លះ​ហើយ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ចំពោះ​បុរស អត្រា​ការ​ជក់​បារី​ថយ​ចុះ​ពី​៤៨​ភាគរយ មក​ត្រឹម​៣៥​ភាគ​រយ​ ខណៈ​ស្ដ្រី ថយ​ចុះ​ពី​២០​ភាគរយ មក​ជាង​១១​ភាគរយ​។

ការ​ថយ​ចុះ​នេះ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ពន្យល់​ថា បណ្ដាល​មក​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ដែលបាន​​ហាម​ឃាត់​ទាំង​ស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ឧស្សាហកម្ម​ថ្នាំ​ជក់ អនុវត្ត​សារព្រមាន​សុខភាព​និង​រូបភាព​លើ​កញ្ចប់​បារី ហាម​ឃាត់​ការ​ជក់​បារី​នៅ​កន្លែង​សាធារៈ និង​ការ​អប់រំពីផល​ប៉ះពាល់​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​ជា​ដើម​។

លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ គឺ​ជា​ឧបសគ្គ​មួយ​រារាំង​ដល់​ការ​សម្រេច​គោលដៅអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​។ ក្នុង​នោះ ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព សេដ្ឋកិច្ច យេនឌ័រ និង​បរិស្ថាន​​។ ក្នុង​ទិដ្ឋភាព​បរិស្ថាន ​កសិដ្ឋាន​ថ្នាំ​ជក់ ដែល​​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​និង​ជី​គីមី បាន​​បង្ក​បញ្ហា​ដល់​បរិស្ថាន​។ ចំណែក​ផ្សែង​ផលិត​ថ្នាំ​ជក់ ព្រម​ទាំង​សំណល់​ដើម​ថ្នាំ​ជក់ មាន​​ផ្ទុក​សារធាតុ​គីមី​ពុល​ជាង​៧​ពាន់​ប្រភេទ ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក​។

របាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា ថ្នាំ​ជក់​បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ និង​បង្កើន​ភាព​ក្រីក្រ​ ដោយ​បាន​​សម្លាប់​មនុស្ស​ជាង​៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ប្រមាណ​១,៤​ទ្រីលាន​ដុល្លារ​នៅ ទូទាំង​ពិភពលោក​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ