អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​កឹម សុខា​ថា​ការ​យក​លោក​ឈឹម ផលវរុណ​ធ្វើ​ជា​សាក្សី​គឺ​គ្មាន​ផ្តល់​យុត្តិធម៌​ដល់​រឿង​ក្តី​របស់​លោក​ទេ

នៅ​ព្រឹក​នេះ លោក​ឈឹម ផលវរុណ សហអ្នក​នាំ​ពាក្យ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូល​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​រឿង​ក្តី​ក្បត់​ជាតិ​របស់​លោកកឹម សុខា តាម​ការ​កោះ​ហៅ​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ចំពោះ​សាក្សី​រូប​នេះ លោក​កឹម សុខា តាម​រយៈ​មេធាវី​បាន​អះអាង​ថា លោក​គ្មាន​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​ទេ​ដោយ​លោក​ចាត់​ទុក​លោក​ឈឹម ផលវរុណ​មិន​មែន​ជា​មនុស្ស​កណ្តាល​ឡើយ ដោយ​ហេតុ​ថា​តែង​តែ​វាយ​ប្រហារ​លើ​រូប​លោក​ជា​រឿយៗ​នា​ពេល​កន្លង​មក។

លោក​ឈឹម ផលវរុណ សហអ្នក​នាំ​ពាក្យ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូល​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​រឿង​ក្តី​ក្បត់​ជាតិ​របស់​លោក​កឹម សុខា កាល​ពី​ព្រឹក​ថ្ងៃ​ទី ៦ កុម្ភៈនេះ
លោក​ឈឹម ផលវរុណ សហអ្នក​នាំ​ពាក្យ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូល​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​រឿង​ក្តី​ក្បត់​ជាតិ​របស់​លោក​កឹម សុខា កាល​ពី​ព្រឹក​ថ្ងៃ​ទី ៦ កុម្ភៈនេះ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ផែង ហេង សហមេធាវី​ម្នាក់​របស់​លោក​កឹម សុខា បាន​អះអាង​ប្រាប់​វិទ្យុ​អន្តរជាតិ​ថា លោក​កឹម សុខា បាន​សម្តែង​ការ​មិន​ស្វាគមន៍​ទេ​ដែល​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​គី ឫទ្ធី​បាន​កោះ​ហៅ​លោក​ឈឹម ផលវរុណ​ក្នុង​នាម​ជា​សាក្សី​ទៅ​បំភ្លឺ​នៅ​ក្នុង​សំណុំ​រឿង​ក្តី​របស់​លោក​នោះ។ លោក​មេធាវី​ផែង ហេង បាន​អះអាង​ដូច្នេះ បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​ជួប​លោក​កឹម សុខា ដោយ​ផ្ទាល់​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ចន្ទ។

បើ​តាម​លោក​មេធាវី​ផែង ហេង លោក​កឹម សុខា មិន​សង្ឃឹម​សោះ​ឡើយ​ថា​ការ​បំភ្លឺ​របស់​លោក​ឈឹម ផលវរុណ​នេះ នឹង​ផ្តល់​យុត្តិធម៌​ដល់​លោក​នោះ តែ​ជំនួស​មក​វិញ​គឺ​មាន​តែ​ការ​ដាក់​បន្ទុក​បន្ថែម​ប៉ុណ្ណោះ។ តាម​លោក​កឹម សុខា នេះ​គឺ​ដោយ​សារ​តែ​លោក​ឈឹម ផលវរុណ ធ្លាប់​មាន​ទំនាស់​ជាមួយ​លោក​កាល​នៅ​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​មួយ​វិញ​ទៀត គឺ​នៅ​ក្នុង​កម្មវិធី​វិទ្យុ​នានា លោក​ឈឹម ផលវរុណ​តែង​តែ​និយាយ​វាយ​ប្រហារ​លើ​រូប​លោក​ជា​រឿយៗ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ឈឹម ផលវរុណ គឺ​ជា​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ទាំង​អស់​នេះ ធ្វើ​ឲ្យ​លោក​កឹម សុខា សន្មត់​ថា លោក​ឈឹម ​ផលវរុណ​មិន​ជា​មនុស្ស​កណ្តាល​ដែល​ត្រូវ​យក​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​របស់​លោក​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​មេធាវី​ផែង ហេង។

ជា​ការ​ឆ្លើយ​តប​វិញ លោក​ឈឹម ផលវរុណ​ក្រោយ​ពី​បញ្ចប់​ការ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​អះអាង​ថា លោក​មិន​បាន​ប្រឌិត​ព័ត៌មាន ឬ​វាយ​ប្រហារ​ដើម្បី​ដាក់​បន្ទុក​ណា​មួយ​ទៅ​លើ​លោក​កឹម សុខា​នោះ​ឡើយ។ លោក​ថា ចៅ​ក្រម​បាន​សួរ​លោក​អំពី​បញ្ហា​ពាក់​ព័ន្ធ​នានា​កាល​លោក​នៅ​ធ្វើ​ការ​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​ជំនាន់​លោក​កឹម សុខា ធ្វើ​ជា​ប្រធាន ហើយ​លោក​ក៏​បាន​ឆ្លើយ​នូវ​អ្វី​ដែល​លោក​បាន​ដឹង​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ការ​កោះ​ហៅ​លោក​ឈឹម ផលវរុណ ឲ្យ​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​រឿង​ក្តី​លោក​កឹម សុខា​ពី​សំណាក់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ម៉ម សូណង់ដូ ដែល​ត្រូវ​បាន​ចៅ​ក្រម​កោះ​ហៅ​ក្នុង​នាម​ជា​សាក្សី​ដូច​គ្នា​នេះ បាន​បដិសេធ​មិន​ចូល​ឆ្លើយ​នៅ​តុលាការ។ យ៉ាង​ណា​ក៏​ដោយ លោក​មេធាវី​ផែង ហេង ហាក់​មិន​យល់​ជម្រៅ​ទេ​ពី​គោល​បំណង​របស់​តុលាការ​ក្នុង​កោះ​ហៅ​លោកឈឹម ផលវរុណ មក​ឆ្លើយ​បំភ្លឺ​នៅ​ពេល​នេះ។ លោក​មេធាវី​បាន​សម្តែង​ការ​ងឿន​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ចៅក្រម​កោះ​ហៅ​តែ​លោក​ឈឹម ផលវរុណ​មក​ធ្វើ​ជា​សាក្សី តែ​បែរ​ជា​មិន​កោះ​ហៅ​លោក​ប៉ា ងួនទៀង និង​លោក​អ៊ូ វិរៈ​ដែល​ធ្លាប់​តែ​កាន់​តំណែង​ខ្ពស់​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មក​ធ្វើ​ជា​សាក្សី​វិញ?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ