rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់ អាមេរិក កឹម សុខា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មេធាវី​ព្រមាន​ប្តឹង​ឧទ្ធរណ៍​បើ​ចៅ​ក្រម​នៅ​តែ​បន្ត​មិន​កោះ​ហៅ​តំណាង​អាមេរិក​មក​បំភ្លឺ​ក្នុង​រឿង​ក្តី​លោក​កឹម សុខា

media
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ @facebook

គិត​មក​ដល់​ពេល​នេះ គឺ​ជិត​ពីរ​សប្តាហ៍​មក​ហើយ​ដែល​ក្រុម​មេធាវី​របស់​លោក​កឹម សុខា បាន​ដាក់​សំ​ណើសុំ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បំពេញ​កិច្ច​ដោយ​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​អាមេរិកាំង​មក​បំភ្លឺ​ក្នុង​សំណុំ​រឿង​អតីត​មេ​បក្ស​ប្រឆាំង។ ប៉ុន្តែ​មិន​ទាន់​មាន​ឆ្លើយ​តប​យ៉ាង​ណា​មួយ​នៅ​ឡើយ​ទេ។ នេះ​ធ្វើ​ឲ្យ​ក្រុម​មេធាវី​មិន​សប្បាយ​ចិត្ត ហើយ​ព្រមាន​ថា ប្រសិន​បើ​ចៅក្រម​នៅ​តែ​ពន្យារ​ពេល​ធ្វើ​កិច្ចការ​នេះ​ទៀត នោះ​ពួក​គេ​នឹង​ប្តឹង​ទៅ​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​ធ្វើការ​សម្រេច​ជំនួស​តែ​ម្តង។


ក្រុម​មេធាវី​របស់​លោក​កឹម សុខា នឹង​ទុក​ពេល​យ៉ាង​យូរ​​បំផុត​១​ខែ ដើម្បី​ឲ្យ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គឺ​លោក​គី ឫទ្ធី ដំណើរ​ការ​បំពេញ​កិច្ច​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​អាមេរិកាំង​មក​បំភ្លឺ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​អតីត​មេ​បក្ស​រូប​នេះ​តាម​សំណើ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​សំ សុគង់​ដែល​ជា​សហមេធាវី​ម្នាក់​របស់​លោក​កឹម សុខា។ លោក​សំ សុគង់ បាន​អះអាង​ទៀត​ថា ដោយ​សារ​តែ​សំណើ​បំពេញ​កិច្ច​នេះ មិន​បាន​កំណត់​រយៈ​ពេល​ដល់​ចៅក្រម​ក្នុង​ការ​ឆ្លើយ​តប ដូច្នេះ​ហើយ​ក្រុម​មេធាវី​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​តែ​ពី​រង់​ចាំ​សិន​នោះ​ទេ។ លោក​គី ឫទ្ធី ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​កាន់​សំណុំ​រឿង​លោក​កឹម សុខា មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ឡើយ។ ចំណែក​លោក​លី សុផាណា ដែល​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ​ក៏​មិន​ព្រម​ផ្តល់​ព័ត៌មាន​ជុំវិញ​រឿង​នេះ​នោះ​ដែរ។

ក្រុម​មេធាវី​របស់​លោក​កឹម សុខា បាន​ដាក់​សំណើរ​សុំ​ឲ្យ​លោក​ចៅក្រម​គី ឫទ្ធី កោះ​ហៅ​តំណាង​រដ្ឋាភិបាល​អាមេរិកាំង​មក​បំភ្លឺ​នៅ​ក្នុង​រឿង​ក្តី​របស់​លោក​តាំង​តែ​ដើម​សប្តាហ៍​មុន​មក​ម្លេះ។ ការ​ដាក់​សំណើ​នេះ ក៏​ព្រោះ​តែ​ក្រុម​មេធាវី​យល់​ថា ដោយ​សារ​តែ​មាន​ការ​ចោទ​ប្រកាន់​លោក​កឹម សុខា ថា​មាន​អាមេរិក​នៅ​ពី​ក្រោយ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក។ ដូច​នេះ​ហើយ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​លាស់ ក្រុម​មេធាវី​ចង់​ឲ្យ​ចៅក្រម​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​អាមេរិកាំង​មក​បំភ្លឺ​រឿង​នេះ​នៅ​ក្នុង​តុលាការ​កម្ពុជា​តែ​ម្តង។ បើ​តាម​លោក​មេធាវី សំ សុគង់ ដំណើរ​ការ​នេះ គឺ​អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​ចៅក្រម​មាន​ចេតនា​ចង់​ធ្វើ​នោះ។

លោក​កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ជិត​៥​ខែ​មក​ហើយ​គិត​មក​ដល់​ពេល​នេះ។ លោក​ត្រូវ​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ក្បត់​ជាតិ។ ក្រុម​មេធាវី​របស់​លោក​កឹម សុខា បាន​ខិត​ខំ​តវ៉ា​ជំទាស់​នឹង​ការ​ឃុំ​ខ្លួន​ភ្លាមៗ​នេះ ប៉ុន្តែ​តុលាការ​តាំង​ពី​ជាន់​ទាប ជាន់​កណ្តាល និង​ជាន់​ខ្ពស់​សុទ្ធ​តែ​ទាត់​ចោល​នូវ​ការ​ខិត​ខំ​ទាំង​នេះ។

លុះ​ការ​ទាម​ទារ​ទាំង​នេះ​មិន​បាន​សម្រេច ក្រុម​មេធាវី​ក៏​បាន​ស្នើ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក​កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​តាម​នីតិវិធី​ច្បាប់ តែ​សំណើ​នេះ​ត្រូវ​បាន​ទាត់​ចោល​កាល​ថ្ងៃ​ទី​១៥ មករា​កន្លង​ទៅ។ យ៉ាង​ណា​មិញ ក្រុម​មេធាវី​ក៏​បាន​ប្តឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ទៀត ហើយ​សាលា​ឧទ្ធរណ៍​ក៏​បាន​សម្រេច​បើក​សវនាការ​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​សប្តាហ៍​ក្រោយ​នេះ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​មេធាវី​ហាក់​មិន​សង្ឃឹម​ថា តុលាការ​សាលា​ឧទ្ធរណ៍​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​ពួក​គេ​នោះ​ទេ​ ដោយ​ហេតុ​ថា សំណុំ​រឿង​នេះ ជា​រឿង​ធំ ហើយ​មាន​លក្ខណៈ​នយោបាយ​ទៀត៕