អានតួអត្ថបទ
កម្ពុជា-តុលាការ

ក្រុម​មេធាវី​គ្រោង​ស្នើ​សុំ​តុលាការ​នាំ​យក​លោក​កឹម សុខា ទៅ​ព្យាបាល​ជំងឺ

លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​កំពុង​ហ៊ុម​ព័ន្ធ​ដោយ​ជំងឺ​ផ្សេងៗ ហើយ​កំពុង​ត្រូវ​បាន​តាម​ដាន និង​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​ប្រចាំ​នៅ​ពន្ធនាគារ។ ក៏​ប៉ុន្តែ​ការ​តាម​ដាន​និង​ព្យាបាល​នេះ ក្រុម​មេធាវី​លោក​កឹម សុខា បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា មិន​ទាន់​គ្រប់​គ្រាន់​ដែល​ធានា​ឲ្យ​លោក​កឹម សុខា​មាន​សុខភាព​ល្អ​ឡើង​វិញ​ឡើយ។ ដូច្នេះ​ក្រុម​មេធាវី​គ្រោង​នឹង​ដាក់​លិខិត​ស្នើ​សុំ​ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​នាំ​យក​លោក​កឹម សុខា​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិញ។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ @facebook
ផ្សាយពាណិជ្ជកម្ម

សហមេធាវី​ម្នាក់​របស់​លោក​កឹម សុខា ​គឺ​លោក​ផែង ហេង បាន​អះអាង​ថា នៅ​ពេល​នេះ លោក​កឹម ​សុខា កំពុង​មាន​ជំងឺ​ខ្វះ​ជាតិ​ស្ករ សំពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​ជា​ពិសេស​នោះ គឺ​លោក​កំពុង​រង​នូវ​ការ​ឈឺ​ចាប់​ដោយ​ជំងឺ​គាប​សរសៃ​នៅ​ស្មា​ខាង​ឆ្វេង ដែល​ធ្វើ​ឲ្យ​លោក​សម្រាក​មិន​សូវ​បាន​ដូច​មុន។ តាម​លោក​មេធាវី​ផែង ហេង ជំងឺ​គាប​សរសៃ​នៅ​ស្មា​ខាង​ឆ្វេង​របស់​លោក​កឹម សុខា​នេះ គឺ​ធ្លាប់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​តម្រូវ​​ឲ្យ​លោក​វះ​កាត់​ម្តង​រួច​មក​ហើយ​តាំង​តែ​ពី​លោក​មិន​ទាន់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​មក​ម្ល៉េះ តែ​កាល​ណោះ​លោក​បាន​ខក​ខាន។ ដូច្នេះ​ហើយ​ទើប​ពេល​នេះ វា​បង្ក​ការ​ឈឺ​ចាប់​ដែល​តម្រូវ​ឲ្យ​មាន​ការ​វះ​កាត់។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ លោក​មេធាវី​ផែង ហេង បាន​បញ្ជាក់​ថា ក្រុម​មេធាវី​នឹង​រៀប​ចំ​លិខិត​ស្នើ​សុំ​ផ្លូវ​ការ​មួយ​ទៅ​កាន់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​នាំ​យក​លោក​កឹម សុខា ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ។ ក៏​ប៉ុន្តែ​លោក​មេធាវី មិន​បាន​បង្ហាញ​ឲ្យ​ជាក់​លាក់​ទេ ថា​តើ​នឹង​ដាក់​ទៅ​កាន់​តុលាការ​នៅ​ពេល​ណា​មួយ​នោះ តែ​គ្រាន់​តែ​ថា​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក​សុខ ឥសាន អ្នក​នាំ​គណបក្ស​កាន់​អំណាច​បាន​ចាត់​ទុក​ការ​អះអាង​របស់​ក្រុម​មេធាវី លោក​កឹម សុខា​នេះ​ថា​ ជា​វោហារសាស្ត្រ​នយោបាយ​ចង់​បាន​ការ​ដោះ​លែង​កូន​ក្តី​របស់​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​តែ​ប៉ុណ្ណោះ ។ តាម​អ្នក​នាំ​ពាក្យ​រូប​នេះ មេធាវី​បាន​ចាប់​អារម្មណ៍​ពី​អាយុ​ជីវិត​របស់​កូន​ក្តី តែ​មេធាវី​មិន​បាន​គិត​ពី​អាយុ​ជីវិត​របស់​ប្រជាជន​កម្ពុជា​ដែល​មិន​ដឹង​ជា​ប៉ុន្មាន​នាក់​ត្រូវ​បាត់​បង់ បើ​សិន​ណា​ជា​អំពើ​ឃុប​ឃិត​ជាមួយ​បរទេស​ចង់​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​ដូច​ពី​អតីតកាល​មក​ដាក់​នៅ​កម្ពុជា​ជា​ថ្មី​នោះ។ លោក​សុខ ឥសាន ថែម​ទាំង​ប្រៀប​ធៀប​អាយុ​ជីវិត​របស់ កឹម សុខា ជាមួយ​អាយុ​ជីវិត​របស់​ប្រជាជន​កម្ពុជា​ដោយ​គូស​បញ្ជាក់​ថា​ខុស​គ្នា​ឆ្ងាយ​ណាស់។ ដូច្នេះ​សម្រាប់​លោក​សុខ ឥសាន សុំ​កុំ​យក​អាយុ​ជីវិត​លោក​កឹម សុខា​ម្នាក់​មក​ដាក់​ពី​លើ​អាយុ​ជីវិត​របស់​ប្រជាជន​កម្ពុជា​អី វា​មិន​បាន​សម្រេច​តាម​ចិត្ត​ចង់​នោះ​ទេ ។

សម្រាប់​លោក​មេធាវី​ផែង ហេង​វិញ គម្រោង​ស្នើ​សុំ​នេះ មិន​មែន​ចង់​ឲ្យ​មាន​ការ​ដោះ​លែង​លោក​កឹម សុខានោះ​ទេ​ តែ​ជា​ការ​នាំ​ទៅ​ព្យាបាល​ជំងឺ​ដែល​កំពុង​កើត​មាន​ជាក់​ស្តែង​លើ​លោក​កឹម សុខា។ មេធាវី​ដែល​តែង​តែ​ចូល​ទៅ​ជួប​លោក​កឹម សុខា​ញឹក​ញាប់​រូប​នេះ លើក​ឡើង​ថា ការ​នាំ​យក​លោក​កឹម សុខា ទៅ​ព្យាបាល​ជំងឺ​នេះ​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នីតីវិធី​លើ​សំណុំ​រឿង​លោក​កឹម សុខា​ឡើយ ហើយ​ថា នៅ​ពេល​ណា​ដែល​លោក​កឹម សុខា ទទួល​បាន​ការ​ព្យាបាល​រួច​ហើយ​នោះ គឺ​អាច​នាំ​យក​លោក​កឹម សុខា មក​បន្ត​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​វិញ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ