អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​រ៉ែ​សិង្ហបុរី​ទទួល​បាន​សិទ្ធិ​រុក​រក​ប្រេង​កាត​ក្នុង​ប្លុក​អេ

ក្រុមហ៊ុន​រុក​រក​ប្រេង​មក​ពី​ប្រទេស​សិង្ហបុរី និង​រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​ ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​អភិវឌ្ឍន៍​អណ្ដូង​ប្រេង​កាត​នៅ​ប្លុក​អេ ក្នុង​ដែន​ទឹក​សមុទ្រ​កម្ពុជា។ ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​តាម​រយៈ​ ក្រសួង​រ៉ែ និង​ថាមពល​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដែល​តំណាង​ឲ្យ​កម្ពុជា ជាមួយ​នឹង​ប្រធាន​ក្រុមហ៊ុន គ្រីស អេននើជី នៅ​ក្នុង​សណ្ឋាគា​មួយ​ក្នុង​ក្រុង​ភ្នំពេញ។

រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ លោក អូន ព័ន្ធមុនីរ័ត្ន និង​ប្រធាន​ក្រុមហ៊ុន គ្រីស​អេ​នើ​ជី
រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ លោក អូន ព័ន្ធមុនីរ័ត្ន និង​ប្រធាន​ក្រុមហ៊ុន គ្រីស​អេ​នើ​ជី @REUTERSSamrang Pring
ផ្សាយពាណិជ្ជកម្ម

លោក ស៊ុយ សែម រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ក្រោយ​ពិធី​ចុះ​ហត្ថលេខា​នោះ​ថា កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន​រុក​រក​ប្រេង​សិង្ហបុរី​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​សមតិ្ថផល​ថ្មី​មួយ​ទៀត​របស់​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ផលិត​ប្រេង​ឆៅ​លើក​ទី​មួយ​ចេញ​ពី​សមុទ្រ​កម្ពុជា។ លោក​បន្ដ​ថា បរិមាណ​សក្ដានុពល​ធន​ធាន​ប្រេង​កាត​ដែល​ត្រូវ​បាន​រក​ឃើញ​ និង​រំពឹង​ទុក​សម្រាប់​ដំណាក់​កាល​ដំបូង​ត្រូវ​បាន​សន្និដ្ឋាន​ថា​ អាច​មាន​លើស​ពី៣០​លាន​បារ៉ែល ហើយ​លោក​ថា អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​ប្រ​ទេស​ផលិត​ប្រេង​ឆៅ​ក្នុង​ពេល​អនាគត។ បើ​តាម​លោក​ រដ្ឋមន្ដ្រី​រូប​នេះ ក្រៅ​ពី​ប្លុក​អេ​នេះ កម្ពុជា​នៅ​មាន​ប្លុក​ប្រេង​កាត​ទំនេរ​ក្នុង​ដែន​សមុទ្រ​ចំនួន ៥ និង​លើ​គោក​ចំនួន ១៨ ប្លុក​ទៀត​ដែល​មិន​ទាន់​ត្រូវ​បាន​វិនិយោគ។

ចំណែក​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​វិញ លោក អូន ព័ន្ធមុនីរ័ត្ន​ លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រុក​រក​ប្រេង​កាត​លើក​ទី​១​របស់​ខ្លួន នៅ​លើ​ផ្ទៃ​១៩៨ គីឡូម៉ែត្រ​ក្រឡា​នៃ​ដែន​សមុទ្រកម្ពុជា ដែល​អាច​ផលិត​បាន​ប្រេង​ឆៅ​ចំនួន ៣០​លាន​បារ៉ែល ក្នុង​រយៈ​ពេល​៩​ឆ្នាំ។ លោក​បន្ដ​ថា ការ​ផលិត​ប្រេង​លើក​ដំបូង​របស់​ក្រុមហ៊ុន​នេះ នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​២០១៩ ឬ​ដើម​ឆ្នាំ​២០២០ ខាង​មុខ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ដ្រី​នេះ ក្នុង​មួយ​ថ្ងៃៗ​ក្រុមហ៊ុន​នេះ​អាច បូម​ប្រេង​ឆៅ​បាន​ចំនួន ៨០០០​បារែល។ ​

សូម​បញ្ជាក់​ថា កម្ពុជា​ធ្លាប់​មាន​ក្រហ៊ុន Elf និង​ក្រុមហ៊ុន Esso ខួង​អណ្ដូង​ប្រេង​កាត​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧២ និង​ឆ្នាំ ១៩៧៤ ក៏​ប៉ុន្ដែ​ពុំ​ទាន់​បាន​រក​ឃើញ​ធន​ធាន​ប្រេង​កាត​នោះ​ទេ។ ក្រោយ​មក​ក្នុង​ឆ្នាំ ១៩៩៤ ក្រហ៊ុន​ Enterprise Oil របស់​ចក្រភព​អង់គ្លេស​បាន​ខួង​រក​ឃើញ​ប្រេង​កាត​ចំនួន​២​អណ្ដូង​ ប៉ុន្ដែ​នៅ​តែ​មិន​អាច​អភិវឌ្ឍ​បាន​ដោយ​សារ​កត្តា​ទំហំ​ប្រេង​មាន​កម្រិត​ និង​តម្លៃ​ប្រេង​ឆៅ​នៅ​ថោក​នៅ​ឡើយ។ រហូត​មក​ដល់​ឆ្នាំ ២០០២ កិច្ច​ព្រម​ព្រៀង​ប្រេង​កាត​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជា​លើក​ដំបូង​ជាមួយ​ក្រុមហ៊ុន​ Chevron និង​មាន​ការ​ចូល​រួម​ភាគ​ហ៊ុន​ពី​ក្រុមហ៊ុន គ្រីស អេនើជី ក្នុង​ឆ្នាំ ២០១១ ឆ្នាំ​២០១៤ និង​ឆ្នាំ ២០១៦ ជា​បន្ដ​បន្ទាប់​រហូត​ក្រុមហ៊ុន គ្រីសអេនើជី បាន​ក្លាយ​ជា​ប្រតិបត្តិករ​ និង​មាន​ភាគ​ហ៊ុន​សរុប​ចំនួន ៩៥ ភាគរយ និង​រដ្ឋាភិបាល​កម្ពុជា​មាន​ ចំនួន ៥ ភាគ​រយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ