rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សិទ្ធិស្ត្រី ការបំពានផ្លូវភេទ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​រដ្ឋ​មន្ត្រី​៖ ជិត​១​ភាគ​៣​នៃ​ស្ត្រី​រោង​ចក្រ​ធ្លាប់​ទទួល​រង​ឥរិយាបថ​នៃ​ការ​បៀត​បៀន​ផ្លូវ​ភេទ​

media
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​នៅ​ថ្ងៃ​ទី២១​មិនា​នេះគឺ កម្មការិនី​បំរើ​ការងារ​នៅ​តាម​រោង​ចក្រ​ធ្លាប់​ទទួល​រង​ឥរិយាបថ​នៃ​ការ​បៀត​បៀន​ផ្លូវ​ភេទ​ក្នុង​កម្រិត​អត្រា​មួយ​ខ្ពស់ បើ​ធៀប​នឹង​ការ​បៀត​បៀន​លើ​ស្ត្រី​ក្នុង​វិស័យ​ផ្សេង​ទៀត​។ ការ​លើក​បង្ហាញ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​សហ​ប្រតិ​បត្តិ​ការ​ អូស្រ្តាលី កម្ពុជា ក្នុង​ការ​ផ្ដល់​សេវា​ប្រកប​ដោយ​និរន្ត​ភាព​និង​សមធម៌​ដល់​ស្ត្រី​។ 


ជិត​១ភាគ​៣​នៃ​ស្ត្រីក​ម្មការិនី​រោងច​ក្រនៅ​ក្នុង​ទ្វីប​អាស៊ី ដែល​ក្នុង​នោះ​មាន​ស្ត្រី​កម្ពុជា​ដែរ​បាន​រាយ​ការណ៍​ថា ធ្លាប់​ទទួល​រង​ឥរិយាបថ​នៃ​ការ​បៀត​បៀន​ផ្លូវ​ភេទ​។ សម្រាប់​ប្រទេស​កម្ពុជា​លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​នារី​បាន​គូស​បញ្ជាក់​ថា ក្រសួង​កិច្ច​ការ​នារី​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​ដែល​ផ្ដល់​ជូន​ដោយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​។

ក្រៅ​ពី​កម្មការិនី​រោង​ចក្រ ស្រ្តី​ពិការ​ភាព​ក៏​ទទួល​រង​អំពើ​ហិង្សា​បៀត​បៀន​ផ្លូវ​ភេទ​ដែរ តែ​ហិង្សា​លើ​ពួក​គេ​ភាគ​ច្រើន​កើត​ក្នុង​រង្វង់​គ្រួសារ​។ ទន្ទឹម​នេះ រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ទទួល​ស្គាល់ និង​មាន​ក្ដី​បារម្ភ​ចំពោះ​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី​ពុំ​មាន​ការ​ថយ​ចុះ​ឡើយ​ ខណៈ​អំពើ​ហិង្សា​ក្នុង​រង្វង់​គ្រួសារ​បាន​ធ្លាក់​ចុះ​។

ទាក់​ទង​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​ទូទៅ​នៅ​កម្ពុជា​ដូចជាៈ ស្ត្រី​ចំណាក់​ស្រុក ស្ត្រី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ស្ត្រី​នៅ​តាម​ជន និង​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ដើម ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ធ្លាប់​មាន​បទ​ពិសោធន៍​ទទួល​រង​អំពើ​ហិង្សា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដែល​នេះ​ជា​ចំនួន​មួយ​ខ្ពស់​បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​។ ក្នុង​ចំណោម​ស្ត្រី​ដែល​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​ទាំង​នោះ មាន​ស្ត្រី​តែ​១ភាគ​រយ​ប៉ុណ្ណោះ​ដែល​ស្វែង​រក​ជំនួយ​ពី​ស្ថាប័ន​មាន​សមត្ថ​កិច្ច​។

ប្រឈម​បញ្ហា​នានា​ទាក់​ទង​អំពើ​ហិង្សា​លើ​ស្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​អះអាង​ថា ក្រសួង​កិច្ចការ​នារី​កំពុង​សិក្សា​រៀប​ចំ​យុទ្ធ​សាស្ត្រ​ទប់​ស្កាត់ ដែល​យុទ្ធ​សាស្ត្រ​ទប់​ស្កាត់​នេះ​នឹង​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​។​

សម្រាប់អង្គការសង្គមស៊ីវិលក្នុងស្រុកនិយាយថា អំពើ​ហិង្សា​លើ​ស្ត្រី​កំពុង​កើត​មាន​ឡើង​នៅ​ក្នុងទម្រង់​បែប​ថ្មី​នៃ​សម័យ​បច្ចេក​វិទ្យា​ទំនើប ខណៈ​អំពើ​ហិង្សា​ដោយ​កម្លាំង​មាន​ការ​ថយ​ចុះ។ ជាក់​ស្ដែង ការ​បង្ហោះ និងថត​រូប​ស្ត្រី​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ធ្វើការ​ចែក​ចាយ​បន្ត​លើ​បណ្ដាញ​សង្គម​តាមរយៈ​ប្រើប្រាស់​ពាក្យ​សម្ដីលេង​សើច មាក់​ងាយ ឬ​គម្រាម​កំហែង ជា​ដើម​គឺ​សុទ្ធ​តែ​រាប់​បញ្ចូល​ទៅ​ក្នុង​ទម្រង់​អំពើ​ហិង្សា​បែប​ថ្មី។

ផ្អែក​តាម​របាយការណ៍​ដោយឡែក​របស់​អង្គការ​លីកាដូ រយៈពេល ១០ខែ ឆ្នាំ២០១៨ ករណី​អំពើ​ហិង្សា​លើ​ស្ដ្រីមានចំនួន ៥៨​ករណី បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ជា​ស្ត្រី ១០​នាក់​ស្លាប់ ហើយ​ការ​រំលោភ​សេពន្ថវៈ​លើ​ស្ត្រី និង​កុមារីមាន​ចំនួន ១២៧ករណី បណ្តាល​ឱ្យ​ជន​រង​គ្រោះ​៨ នាក់​ស្លាប់ ក្នុង​នោះ​ក្មេង​ស្រី​មាន​ចំនួន​៣​នាក់៕