លទ្ធផលផ្លូវការ៖ បក្សនយោបាយ៧ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់
ដូចការគ្រោងទុក គ.ជ.ប នៅថ្ងៃនេះ បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់អាណ្ណត្តិទីបួន។ លទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដណ្តើមបានអាសនៈច្រើនជាងគេ ដោយបក្សប្រជាជនទទួលបាន ៦៥០៣ និងបក្សសង្រ្គោះជាតិទទួលបាន ៥០០៧។ ក្រៅពីនេះ គណបក្សចំនួន៥ ទៀតក៏ទទួលបានអាសនៈខ្លះដែរ ដូចជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងចំណោមឃុំសង្កាត់ចំនួន ១៦៤៦ ទូទាំងប្រទេស គណបក្សកាន់អំណាច បានបន្តនាំមុខ ដោយទទួលបានតំណែងមេឃុំចំនួន ១១៥៦ តាមពីក្រោយដោយបក្សប្រឆាំង ដែលទទួលបានតំណែងមេឃុំ ចំនួន ៤៨៩។ គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈចំនួន ២៤ និងតំណែងជាមេឃុំចំនួន ១ នៅក្នុងខេត្តបន្ទាយមានជ័យ។
ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច ដណ្តើមបានអាសនៈចំនួន២៨ ប៉ុន្តែមិនបានឈ្នះតំណែងមេឃុំនោះឡើយ តែទទួលតំណែងជំទប់ទី១ និង ជំទប់ទី២។ មិនខុសគ្នាដែរ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានអាសនៈ៤ ហើយទទួលបានកៅអីជំទប់ទី២ ចំនួន៤។
គណបក្សសំបុកឃ្មុំ ទទួលបានអាសនៈតែមួយប៉ុណ្ណោះ នៅក្នុងខេត្តកំពង់ចាម ប៉ុន្តែមិនបានឈ្នះ តំណែងមេឃុំ ជំទប់ទី ១ នោះទេ។ និងចុងក្រោយគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបកកើតថ្មី ទទួលបាន៥ អាសនៈ ដោយទទួលបានតំណែងជំទប់ទី១ និង ជំទប់ទីពីរ នៅក្នុងខេត្តកំពង់ធំ កំពត និងខេត្តរតនគិរី។
សូមជម្រាបជូនថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណ្ណត្តិទី៤ មានគណបក្សនយោបាយចំនួន១២ ដែលបានដាក់បេក្ខភាពចូលរួមប្រកួតប្រជែង តំណែងមេឃុំ ចៅសង្កាត់ ដោយនៅក្នុងនោះ បក្សនយោបាយចំនួន ៧ ដែលបានរៀបរាប់ខាងលើ ទទួលបានអាសនៈ ខណៈបក្សចំនួន ៥ ទៀត មិនទទួលបានអាសនៈទាល់តែសោះ។ គណបក្សទាំងប្រាំនោះរួមមាន៖ គណបក្សសញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។
ការប្រកាសលទ្ធផលផ្លូវការរបស់គ.ជ.ប ធ្វើឡើងបន្ទាប់ពីស្ថាប័នជំនាញមួយនេះ បានដោះស្រាយបណ្តឹងពីគណបក្សនយោបាយ និងប្រជាពលរដ្ឋចប់សព្វគ្រប់។ ជាបណ្តឹងដែលភាគច្រើន ផ្តឹងតវ៉ាជុំវិញលទ្ធផលបោះឆ្នោត និងទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។
តួលេខដែលចេញដោយគ.ជ.ប. ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីដើមខែមិថុនានេះ មានចំនួនជាង៧លាននាក់ ស្មើនឹងជិត៩០ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតសរុបជិត ៨លាននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ