អានតួអត្ថបទ
កម្ពុជា

ថ្ងៃ​ទី១​នៃ​បុណ្យ​សមុទ្រ​មាន​អ្នក​ចូល​រួម​១០​ម៉ឺន​នាក់​ខណៈ​កន្លែង​ស្នាក់នៅ​មាន​ការ​ដំឡើថ្លៃ

ភ្ញៀវទេសចរ​១០​ម៉ឺន​នាក់​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​ចូលរួម​ពិធី​បុណ្យ​សមុទ្រ​ដែល​កំពុងរៀប​ចំ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​សម្រាប់​ថ្ងៃ​ទី​១​ម្សិលមិញ។ នៅ​ថ្ងៃ​សៅរ៍​នេះ​ដែល​ជា​ថ្ងៃ​ទី២​នៃ​ពិធី​បុណ្យ​សមុទ្រ​មន្ត្រី​ក្រសួង​ទេសចរណ៍​រំពឹង​ថា ភ្ញៀវ​ទេសចរ​នឹង​កើន​ឡើង​លើសការ​រំពឹង​ទុក​ព្រោះ​ថា ជា​ថ្ងៃ​បើក​កម្មវិធី​ផ្លូវ​ការ​ក្រោម​វត្ត​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

រូបភាព៖ពលរដ្ឋចូលរួមបុណ្យសមុទ្រ
រូបភាព៖ពលរដ្ឋចូលរួមបុណ្យសមុទ្រ @facebook
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ទី១​នៃ​ពិធី​បុណ្យ​សមុទ្រ​ដែល​កំពុង​រៀបចំ​ឡើង​ក្នុង​ខេត្ត​ព្រះសីហនុ លោក វ៉ាត់ ចំរើន អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​អះ​អាង​ថា ស្ថានភាព​ទូទៅ​ដំណើ​ការ​ល្អ​ដោយ​ទទួល​បាន​ភ្ញៀវទេសចរ​១០​ម៉ឺននាក់​ទាំង​ជាតិ​និង​អន្តរជាតិ។

ទោះ​ជា​គ្រប់​យ៉ាង​ដំណើរ​ការ​ទៅ​ល្អ​ក៏​ពិត​មែន លោក​វ៉ាត់ ចំរើន បាន​ទទួល​ស្គាល់​ថាបញ្ហា​ចោរកម្ម​កើត​ឡើង​ខ្លះៗ​ដែរ​ដូច​ជា​ករណី​លូក​ហោប៉ៅ​និង​ការ​ផ្គត់ផ្គង់​ម្ហូប​អាហារមាន​ភាព​ខ្វះ​ខាត។ ខ្វះ​ខាត​ដោយ​សារ​តែ​ភ្ញៀវទេចរ​មាន​ចំនួន​ច្រើន​លើស​ចំនួន​ភោជនីយដ្ឋាន​ដែល​មាន​ក្នុង​ខេត្ត​ព្រះសីហនុ។ បើ​តាម​លោក វ៉ាត់ ចំរើន សម្រាប់​ថ្ងៃ​ទី​២និង​ថ្ងៃ​ទី​៣​ស្អែក​ក្រសួង​ទេសចរណ៍​បាន​ណែនាំ​ឲ្យ​អ្នក​លក់​ដូរ​និង​ម្ចាស់​ភោជនីយដ្ឋានបង្កើន​បរិមាណ​ម្ហូប​អាហារ។  

ខណៈ​មាន​ការ​រិះ​គន់​ពី​ការ​ដំឡើង​ថ្លៃ​កន្លែង​ស្នាក់​នៅ​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​នេះ​លោកវ៉ាត់ ចំរើន ក៏​បាន​ទទួល​ស្គាល់​ថា បញ្ហា​នេះ​ពិ​ត​ជា​កើត​មាន​ឡើង​ប្រាកដ​មែន​ដោយ​សារតែ​តម្រូវ​ការ​ច្រើន​តែ​ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត​ទើប​ជា​ឱកាស​មួយ​ធ្វើ​ម្ចាស់​អាជីវកម្មឆ្លៀត​ដំឡើង​ថ្លៃ។ ជា​ដំណោះ​ស្រាយ​លោកវ៉ាត់ ចំរើន អះ​អាង​ថា ក្រសួង​ទេសចរណ៍បាន​ធ្វើ​ការ​ណែនាំ​ទៅ​សណ្ឋាគារ​ឬ​ផ្ទះ​សំណាក់​រួច​ហើយ។ សម្រាប់​លោក វ៉ាត់ ចំរើន បើ​ពួក​គេ​នៅ​តែ​បន្ត​ឡើង​ថ្លៃ​នឹង​នាំ​ឲ្យ​សណ្ឋាគារ​ឬ​ផ្ទះ​សំណាក់​របស់​ពួក​គេ​បាត់​បង់ប្រជាប្រិយភាព​ជា​ផ្នែក​មួយ​នាំ​ឲ្យ​ភ្ញៀវ​លែង​ចូល​ស្នាក់​នៅ។

លទ្ធភាព​ម្យ៉ាង​ទៀត​ក្រសួង​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ជួល​បន្ទប់​ឬ​កន្លែង​ស្នាក់​នៅដល់​ភ្ញៀវ​ទេសចរ​ជាតិ។ ហើយ​ក្នុង​នោះ​ក៏​មាន​ភ្ញៀវជាតិ​ចូល​ស្នាក់​នៅ​រួច​ហើយ​ដែរ។ រូបភាព​នេះ​លោក វ៉ាត់ ចំរើន អះ​អាង​ថា ក្រសួង​ទេសចរណ៍​លើក​ទឹក​ចិត្ត​ឲ្យ​មាន​រៀង​រាល់ឆ្នាំ។  

សូមបញ្ជាក់ថា ថ្ងៃ​ទី២​នៃ​ពិធី​បុណ្យ​សមុទ្រ​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​បើក​កម្មវិធី​បុណ្យ​សមុទ្រ​លើក​ទី​៥។ បន្ទាប់​មក​ទៀត​ក៏​មាន​ការ​ប្រគុំ​តន្ត្រី​ដោយមាន​ការ​ចូល​រួម​ពី​សិល្បៈករខ្មែរ វៀតណាម ចិន ឥណ្ឌូណេស៊ី។ ដោយ​ឡែក​សម្រាប់កម្មវិធី​ពេល​ព្រឹក​មាន​ការ​ប្រណាំង​កង ការ​ប្រកួត​ប្រដាល់ និង ការ​ប្រកួត​បាល់​ទាត់​និងបាល់​ទះ​ជា​ដើម។
បើ​តាម​គម្រោង​បុណ្យ​សមុទ្រ​ឆ្នាំ​ក្រោយ​នឹង​រៀប​ចំ​ក្នុង​ខេត្ត​កែប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ