អានតួអត្ថបទ
កម្ពុជា-សង្គម

​អង្គការ Save the Children រំពឹងថា កុមារ​រស់​ក្នុង​មណ្ឌល​ជាង​១០០០​នាក់​នឹង​ធ្វើ​សមា​ហរណ​កម្ម​ចូល​ក្នុង​គ្រួសារ​

អង្គការ Save the Children រំពឹងថា កុមារ​កំពុង​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ជាង​១០០០​នាក់​នឹង​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​គ្រួសារ​វិញ​សម្រាប់​រយៈ​ពេល​បីឆ្នាំ​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ២០​២១​។ ក្ដី​រំពឹង​នេះ​ត្រូវ​បាន​លើក​បង្ហាញ​នៅ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​គម្រោង​មួយ​ឈ្មោះ​ថា«ការ​ឆ្លើយ​តប​ដោយ​ប្រសិទ្ធ​ភាព​ដើម្បី​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខុមាល​ភាព​កុមារ»ហៅ​កាត់​ថា REACT​នៅ​ថ្ងៃ​ពុធ​នេះ​។ 

ស្នាមញញឹមកុមារ ផ្ដល់នូវភាពស្រស់ថ្លាដល់សង្គមជាតិ
ស្នាមញញឹមកុមារ ផ្ដល់នូវភាពស្រស់ថ្លាដល់សង្គមជាតិ @Save the Children
ផ្សាយពាណិជ្ជកម្ម

ក្រសួង​សង្គម​កិច្ច អង្គការ Save the Children និង​អង្គ​ការ​ពាក់​ព័ន្ធ​ឯទៀត​បាន​ជ្រើស​យក​ខេត្ត​ចំនួន​៥​រួម​មានៈបាត់​ដំបង សៀម​រាប ព្រះសីហនុ កណ្ដាល និង​ភ្នំពេញ ក្នុង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​គម្រោង​ឆ្លើយ​តប​ដោយ​ប្រសិទ្ធិ​ភាព ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខុមាល​ភាព​កុមារ​ហៅ​កាត់​ថា​REACT​ជា​លើក​ដំបូង​។ គម្រោង​នេះ​មាន​រយៈ​ពេល​បីឆ្នាំ​ពី​ឆ្នាំ២០​១៩​ដល់​២០២១​ក្រោម​ទំហំ​ទឹក​ប្រាក់​៣លាន​អឺរ៉ូ​ផ្ដល់​ដោយ​សហភាព​អឺរ៉ុប ដើម្បី​ធ្វើ​យ៉ាង​ណា​បង្ការ​កុមារ​កុំ​ឲ្យ​បែក​បាក់​ពី​គ្រួសារ។

តាម​រយៈ​ការ​ដាក់​ឲ្យ​ដំណើ​ការ​គម្រោង​នេះ អង្គការ Save the Children រំពឹង​ថា កុមារ​រស់​នៅ​ក្នុង​មណ្ឌ​ល​ជាង១០០០​នាក់ នឹង​ធ្វើ​សមាហរណ​កម្ម​ចូល​ក្នុង​គ្រួសារ ខណៈ​ឱពុក​ម្ដាយ​៨៥​ភាគ​រយ​បាន​យក​កូន​ទៅ​ដាក់​ក្នុង​មណ្ឌល​កុមារ​កំព្រា​។ ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០១៨​មណ្ឌល​កុមារ​កំព្រា​មាន​ចំនួន​២៥២​មណ្ឌល និង​មាន​កុមារ​រស់​នៅ​ចំនួន​ជាង​៧ពាន់​នាក់​។ បើ​តាម​អ្នក​ជំនាញ​មុន​បញ្ជូន​កុមារ​ឲ្យ​ទៅ​រស់​នៅ​ជួប​គ្រួសារ​វិញ ត្រូវ​ពិនិត្យ​លើ​លក្ខខណ្ឌ​ស្ម័គ្រ​ចិត្ត​ពី​កុមារ ស្ថាន​ភាព​និង​លទ្ធភាព​របស់​ឱពុក​ម្ដាយ​។ ប៉ុន្តែ​យ៉ាង​ណា​មិញ បើ​ទោះ​ជា​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ជាមួយ​គ្រួសារ​ក៏​ដោយ តែ​ពួក​គេ​នៅ​តែ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​អង្គការ និង​ក្រសួង​ជាដើម​។

រដ្ឋ​លេខា​ធិការ​ក្រសួង​សង្គម​កិច្ច លោក នឹម ថូត លើក​ឡើង​ថា ជា​ធម្មតា​កុមារ​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ការ​មើល​ថែ​មិន​ដូច​កុមារ​រស់​នៅ​ជួប​ជុំ​ជាមួយ​គ្រួសារ​ឡើយ​។ បើ​តាម លោក នឹម ថូត ស្ថាន​ភាព​កុមារ​រស់​នៅ​ក្នុង​មណ្ឌល​ពួក​គេ​ប្រឈម​នឹង​ខ្វះ​ភាព​កក់​ក្ដៅ​មាន​ភាព​អៀន​ខ្មាស មិន​ហ៊ាន​ចេញ​ក្រៅ​ចូល​រួម​ជាមួយ​កុមារ​ដែល​មាន​ការ​មើល​ថែ​ត្រឹម​ត្រូវ​ឡើយ​។

អ្នកស្រី លន់ បរមី តំណាង​អង្គការ Save the Children លើក​បង្ហាញ​ថា មណ្ឌល​មិន​មែន​ជា​ជ​ម្រើ​ស​ល្អស​ម្រាប់​កុមារ​ឡើយ ហើយ​ភាគ​ច្រើន​កុមារ​ដែល​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​មណ្ឌល​ដោយ​សារ​តែ​ការ​លែង​លះ ឱពុក​ឬ​ម្ដាយ​រៀបការ​គូរ​ថ្មី កុមារ​ដែល​គេ​បោះបង់​ចោល​និង​កត្តា​ជីវ​ភាព​ជា​ដើម​។ ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ​ជា​អន្តរជាតិ​ឲ្យ​ដឹង​ថា ការ​ថែ​ទាំ​កុមារ​ក្នុង​មណ្ឌល​ អាច​ផ្ដល់​ផល​ប៉ះពាល់​រយៈ​ពេល​វែង​ទៅ​ដល់​ការ​អភិវឌ្ឍ​ផ្នែក​រាង​កាយ សង្គម អារម្មណ៍ និង​សតិ​បញ្ញា​របស់​កុមារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ