អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក ស ខេង ​ថា ​ក្រុម​ក្រៅ​ច្បាប់​មួយ​​​កំពុង​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា​

អនុ​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោកស ខេង បាន​និយាយ​ដោយ​ប្រយោល​​ថា "​ក្រុម​ក្រៅ​ច្បាប់" ដែល​គេ​យល់​ថា​ដឹក​នាំ​ដោយ​លោក​សម រង្ស៊ី គឺ​ជា​ក្រុម​កំពុង​ប៉ុន​ប៉ង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សុខ​សន្តិភាព​នៅ​កម្ពុជា​។ ​លោក​ស ខេង អះ​អាង​ដូច្នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​ស្ទឹង​ត្រែង កាល​ពីថ្ងៃ​ម្សិល​មិញ។ ប្រឈម​នឹង​បញ្ហា​នេះ លោក​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​ទាំង​អស់​ត្រៀម​ខ្លួន​ទប់​ស្កាត់​នូវ​សកម្មភាព​ដែល​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា​។ 

លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ
លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ @rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​លោក​ស ខេង មិន​បញ្ចេញ​ឈ្មោះ​ក៏​ពិត​មែន ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា "ក្រុម​ក្រៅ​ច្បាប់​" ដែល​លោក​ចង់​សំដៅ​ដល់​នោះ គឺ​ក្រុម​លោក​សម រង្ស៊ី។ ក្រុម​លោក​សម រង្ស៊ី ដែល​ប្រកាស​ពី​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី​មក​ក្នុង​ប្រទេស​កម្ពុជា និង​បាន​បំផុស​បំផុល​ឱ្យ​ប្រជាពល​រដ្ឋ ដែល​ជា​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ប្រមូល​គ្នា​ទៅ​ទទួល​លោក​ផង​នៅ​ពេល​លោក​មក​ដល់​។ សម្រាប់​លោក​ស ខេង ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី លើក​នេះ គឺ​ជា​ការ​ចូល​មក​ដោយ​ខុស​ច្បាប់ ព្រោះ​មិន​ទទួល​បាន​ការ​លើក​លែង​ទោស​ដូច​កាល​ពី​ឆ្នាំ​២០១៣​នោះ​ឡើយ​។

លោកសម រង្ស៊ី បាន​ប្រកាស​ថា នឹង​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ឱ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩នេះ តែ​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​កាល​ពី​ចុង​សប្តាហ៍​មុន លោក​បង្ហាញ​ពី​ភាព​កាន់​តែ​មិន​ច្បាស់​លាស់​ថែម​ទៀត​ជុំវិញ​ដំណើរ​មក​កាន់​កម្ពុជា​នេះ ដោយ​លោក​ថា នឹង​ធ្វើ​អ្វី​តាម​កាលៈទេសៈ ហើយ​ថា លោក​មិន​ធ្វើ​ដូច​សព​លោក​បណ្ឌិត​កែម ឡី និង​ឱ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ចាប់​ខ្លួន​ដូច​លោក​កឹម សុខា​ទេ​។ តែ​យ៉ាង​ណា លោក​បញ្ជាក់​ថា ឆ្នាំ​២០១៩​នេះ គឺ​ជា​ឆ្នាំ​អំណោយ​ផល​សម្រាប់​លោក​ចូល​មក​កាន់​កម្ពុជា​។

សម្រាប់​លោក​ស ខេង ការ​ចង់​មក​កម្ពុជា​របស់​លោក​សម រង្ស៊ី នៅ​ក្នុង​ឆ្នាំ​នេះ គឺ​ការ​ប៉ុនប៉ង​ ដើម្បី​បំផ្លាញ​សុខ​សន្តិភាព​ និង​ស្ថិរភាព​នៅ​កម្ពុជា​ ពីព្រោះ​ថា​កាល​ណា​ចូលមក​ខុស​ច្បា​ប់ ​ប្រមូល​កម្លាំង​គាំទ្រ​ចូលរួម​ ដើម្បី​​ទទួល​ឬ​ធ្វើ​សកម្មភាព​ណា​មួ​យ​ បានន័យថា ​ប្រឆាំង​ជាមួយនឹង​ច្បាប់ ប្រឆាំងនឹង​សុខ​សន្តិភាព ស្ថិរភាពដែលកម្ពុជា​កំពុង​តែ​មាន​សព្វថ្ងៃ​នេះ។

ហេតុ​ដូច្នេះ​ហើយ លោក​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ក្រើន​រំលឹក​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មិន​ត្រូវ​ភ្លេច​ខ្លួន​ទេ ពោល​គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​ខ្លួន​បង្រ្កាប និង​បំផ្លាញ​ចោល​នូវ​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​លោក​ថា មាន​បំណង ឫ​ធ្វើ​សកម្មភាព​បំផ្លាញ​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ លោក​ស ខេង ក៏​ទទួល​ស្គាល់​ថា ការ​ដឹក​នាំ​ប្រទេស​នា​ពេល​នេះ មិន​ទាន់​ល្អ​ឥត​ខ្ចោះ​ទេ តែ​ប្រសើរ​ជាង​ការ​ដឹក​នាំ​សម័យ​មុនៗ ហើយ​ថា រដ្ឋា​ភិបាល​កម្ពុជា​នឹង​បន្ត​កែ​ទម្រង់ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ឡាយ​ជូន​ប្រជាពលរដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ