លោកស ខេងប្រាប់អភិបាលរាជធានី-ខេត្តឲ្យខំដោះស្រាយបញ្ហាដីធ្លី ដើម្បីរក្សាបានសន្តិសុខមុនការបោះឆ្នោត
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាលោកស ខេង បានប្រាប់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ឲ្យបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពលរដ្ឋនៅតាមរាជធានី-ខេត្តនីមួយៗ។ នេះបើតាមលិខិតរបស់លោកស ខេង ទៅកាន់អភិបាលរាជធានី-ខេត្តកាលពីថ្ងៃទី១៣ មិថុនាម្សិលមិញ។ ការជំរុញឲ្យខំដោះស្រាយបញ្ហាដីធ្លីនេះ បើតាមលោកស ខេង គឺដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរនៅមុនការបោះឆ្នោត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៥
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាលោកស ខេង បានដាក់ចេញនូវការណែនាំមួយចំនួនដល់អភិបាលរាជធានី-ខេត្តទាំងអស់ក្នុងការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីនានាដល់ប្រជាពលរដ្ឋក្នុងដែនរដ្ឋបាលរបស់ខ្លួន។ ការណែនាំទាំងនេះ រួមមានដូចជា ត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាដីធ្លីដែលមានស្រាប់នៅថ្នាក់រាជធានី-ខេត្តឲ្យបន្តខិតខំជំរុញការសម្រុះសម្រួល និងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តីស ខេង ក៏បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីនៅតាមខេត្តនីមួយៗឲ្យបានហ្មត់ចត់ ដើម្បីចូលរួមបង្ការ និង ទប់ស្កាត់កុំមាននិន្នាការឡើងមកប្រមូលផ្តុំតវ៉ាដាក់ញត្តិនៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកស ខេង ក៏បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្តត្រូវណែនាំដល់អាជ្ញាធរ និងកងកម្លាំងឲ្យរក្សាបាននូវភាពអត់ធ្មត់នៅក្នុងការបំពេញការងារដោះស្រាយទំនាស់ដីធ្លី ឬការតវ៉ានានារបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសនូវអំពើហិង្សាជាដើម។ យ៉ាងណាក៏ដោយ ប្រសិនបើប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តហើយឡើងមកតវ៉ានៅរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញតាមដាន និងចាត់ចែងកងកម្លាំងឲ្យជួយការពារសន្តិសុខ និងសុវត្ថិភាពជូនពួកគាត់។ បន្ថែមលើនេះ អាជ្ញាធររាជធានីភ្នំពេញត្រូវទាក់ទងទៅរដ្ឋបាលខេត្តដែលពលរដ្ឋឡើងមកតវ៉ានៅភ្នំពេញនេះ ឲ្យមកដោះស្រាយ និងសម្រុះសម្រួលនាំពលរដ្ឋទៅដោះស្រាយនៅក្នុងខេត្តវិញ។ នេះបើតាមលោកស ខេង។
ជាការកត់សម្គាល់ ការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជានេះធ្វើឡើងស្របពេលដែលពលរដ្ឋដែលមានទំនាស់ដីធ្លីនៅតាមខេត្តនានានៅតែបន្តនាំគ្នាមកស្វែងរកដំណោះស្រាយនៅរាជធានីភ្នំពេញ និងវាក៏ធ្វើឡើងនៅជិតការបោះឆ្នោតមកដល់ផងដែរ។ សម្រាប់លោកស ខេង ការជំរុញទៅកាន់អាជ្ញាធរថ្នាក់ខេត្ត និងរាជធានីនេះ គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជាពិសេសចាប់ពេលនេះរហូតដល់ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ កក្កដា ខាងមុខ។ ជាមួយគ្នានេះ លោកស ខេងក៏បានបញ្ជាឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបន្តខិតខំពង្រឹងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាននានាឲ្យបានល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលដំណើរការបោះឆ្នោតជាតិនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ