អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ស ខេង​៖ ការ​គោរព​ច្បាប់​ចរាចរណ៍​ធ្លាក់​ចុះ​

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ការ​គោ​រពច្បាប់​ក្នុង​ពេល​ធ្វើ​ដំណើរ​ហាក់បី​ដូច​ជា​មាន​ការ​ធ្លាក់​ចុះ​។ នេះ​ជា​ការ​លើក​ឡើង របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី១២ នា​ព្រឹកថ្ងៃទី​១១ ខែ​មិថុនា ពី​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។​ 

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ស ខេង
លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ស ខេង @Facebook Samdach Sar Kheng
ផ្សាយពាណិជ្ជកម្ម

បើ​តាម​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ក៏​មាន​កត្តា​ផ្សេង​ទៀត ដែល​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍ ដូច​ជា​ការ​កើន​ឡើង​ចំនួន​យានយន្ត ដែល​មាន​កំណើន​ប្រមាណ​៣០ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ ហើយ​ពី​ដើម​ឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ ក៏​បន្ត​កើន​ឡើង​បន្ថែម​ទៀត​។ តួលេខ​នេះ​មិន​រាប់​បញ្ចូល​ចំនួន​ម៉ូតូ និង​ទោចក្រយាន​ផង​។ នេះ​បើតាម​លោក ស ខេង។

លោក គង់ រតនៈ ប្រធាន​ស្តីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​ស ខេង នា​ពេល​នេះ​ថា​ជា​ការ​ក្រើន​រំលឹក​មួយ​ដល់​សមត្ថកិច្ច​ឲ្យ​ខិតខំ​បន្ថែម​ទៀត។ លោក​បញ្ជាក់​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ជា​មធ្យម​ច្រើន​ជាង​៥នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នក​របួស​ធ្ងន់​មាន​១៣​នាក់ និង​របួស​ស្រាល​ប្រមាណ​២០​នាក់​។ លោក​ចាត់​ទុក​តួលេខ​ខាង​លើ​នេះ​ថា​ជា​ចំណុច ដែល​ត្រូវ​ប្រកាស​អាសន្ន​លើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ប្រធាន​ស្តីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បន្ថែម​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ជា​ការ​ខាត​បង់​មួយ ហើយ​បើ​គិត​លើ​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​ខាត​បង់​ប្រមាណ​៣៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នេះ​បើ​តាម​តួលេខ​ពី​ឆ្នាំ២០១៣​មក​។ លោក​បញ្ជាក់​ថា​ការ​ចូលរួម ដើម្បី​ឆ្លើយ​តប​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ គឺ​មិនមែន​ភាគី​សមត្ថកិច្ច​តែ​ម្ខាង​អាច​ធ្វើ​បាន​ទេ តែ​ទាមទារ​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ជា​ពិសេស​អ្នក​បើកបរ​ត្រូវ​គោរពច្បាប់​ដែរ ទើប​អាច​ធ្វើ​ទៅ​បាន​៕

សូម​ជម្រាប​ជូន​ថា​កាល​ពីថ្ងៃទី​០៨ ខែ​មិថុនា កន្លង​ទៅ​នេះ​ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៤​ បណ្តាល​ឲ្យ​មនុស្ស​១០​នាក់​ ​ស្លាប់ ​និង​៤នាក់ទៀតបាន​រង​របួស។ នេះគឺជាករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​មូយ​នា​ដើម​ខែ​មិថុនា​នេះ​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​រយៈពេល​មួយ​ត្រីមាស​ដើម​ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប ១ ០៧៦លើក បាន​កើន​ឡើង​ចំនួន​២៥៧លើក ឬ​៣១ភាគ​រយ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៨។ ចំណែក​ឯ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះមាន​៥១៣នាក់ កើន​ឡើង​ចំនួន​៣៣នាក់ ឬ​ប្រមាណ​៧ភាគរយ និង​មាន​អ្នក​របួស​ចំនួន ១ ៥៩២នាក់ កើន​ឡើង​ចំនួន​៣៥៨​នាក់ ឬ​២៩ភាគ​រយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ