rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​លោក សៅ សុខា ប្រកាស​យក​ឈ្នះ​ឲ្យ​បាន​លើ​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ព្រៃ​ឈើ​

media
នាយឧត្តមសេនីយ៍ សៅ សុខា @Internet

លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​ប្តេជ្ញាថា​នឹង​ចាត់​វិធានការ​យ៉ាងតឹងរ៉ឹងបំផុត ដើម្បី​យក​ឈ្នះឲ្យ​បាន​លើ​ អ្នក​ផ្សំគំនិត និងអ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ។ តាម​លោក សៅ សុខា លោក​នឹង​មិន​អន់ឱន​ដាច់​ខាត​ គ្រប់​ជនល្មើស ជនសង្ស័យ និង​មន្ត្រី​ផ្សំគំនិត​ក្នុង​សំណុំ​រឿងបទល្មើសព្រៃឈើ។ ការ​លើកឡើង​របស់លោក សៅ សុខា បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ សមត្ថកិច្ច​កំពុងតាមស្វែងរកជនសង្ស័យ​ពាក់ព័ន្ធចំនួន ៩នាក់ទៀត ខណៈដែល​ឈើខុសច្បាប់​ចំនួន ១៧០០ម៉ែត្រគូប ត្រូវបង្ក្រាប​បាន និង​មាន​រថយន្ត​ល្មើសជាង ៤០​គ្រឿង ត្រូវបាន​ដកហូត ដោយ​ក្នុងនោះ ២៩គ្រឿង ត្រូវបាន​បំផ្លាញចោល។ 


«ត្រឹម​ត្រូវ ការពារដាច់ក្បាល​ចោល ខុស​ប្រឆាំងដាច់​ខាតកាត់​​ក្បាល​ក្រវាត់​ចោល​! អស់​អាយូស ក៏ធ្វើ​ដែរ ដើម្បីព្រៃឈើនៅសេសសល់ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល គឺមាន​តម្លៃ។ សូម​គ្រប់​ខេត្ត​ទាំងអស់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​បញ្ហានេះឲ្យបាន​ច្បាស់ អាវុធហត្ថណា​ដែល​ប្រើឲ្យ​ទៅធ្វើកិច្ចការនេះហើយ បែរជា​ទៅឆ្លៀត​ឱកាស ទៅផ្សំគំនិត​ជាមួយគេ យក​លុយ ខ្ញុំ​រក​ឃើញ​គឺមុន​គេបំផុត អនុវត្ត​នីតិ​វិធីទូទៅនៃកងយុទ្ធពលខេមរភូមិន្ទ…»។

នេះគឺជាការ​លើកឡើង​យ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ ​សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ លោក​សៅ សុខា ដែល​ព្រមាន​ចាត់​វិធានាការ​លើ​គ្រប់​បុគ្គល ដែល​អាង​ខ្សែរយៈ ដើម្បីប្រព្រឹត្តិបទល្មើសព្រៃឈើ ឬ គ្រប់​មន្ត្រី​អាវុធហត្ថ ឬ មន្ត្រី​រដ្ឋាភិបាលណា ដែល​ផ្សំគំនិត​បង្កើតឲ្យ​មានការបំផ្លាញ​ព្រៃឈើ ថ្លែងថា ​ក្រុម​ការពារ​ល្បាត​ព្រៃ ត្រូវបាន​ផ្តល់​ប្រាក់​លើកទឹកចិត្ត ក្នុងមួយ​ថ្ងៃ ២ម៉ឺនរៀល បូក​រួម​នឹង​ការហូប​ចុក ថ្លៃសាំងផ្សេងៗ ដើម្បី​បង្ការ​កុំឲ្យ​ទៅទទួល​ប្រយោជន៍ពីជនល្មើស។ ប៉ុន្តែ​ប្រសិនបើ​ធ្វើបែបនេះហើយ មន្ត្រី​ទាំងនោះ នៅតែល្មើស នោះលោក​នឹង​មិន​អត់​ឱន​ឲ្យ​នោះទេ។

ការ​លើកឡើង​របស់លោក សៅ សុខា បាន​ធ្វើឡើង​ស្របពេល​ដែល​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​​ធ្វើសន្និសីទកាសែត​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី បង្ហាញ​លទ្ធផល​នៃការបង្ក្រាប​បទល្មើសព្រៃឈើ។ លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាន​ឲ្យ​ដឹងដែរថា ក្រោយ​មាន​បទបញ្ជា ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចាប់ពីថ្ងៃទី ៩ ដល់​ថ្ងៃទី ១៧​ខែកក្កដា ឆ្នាំ ២០១៩ គឺមាន​មនុស្ស ៤នាក់ ត្រូវបាន​បញ្ជូន​ទៅតុលាការ ហើយ​កំពុងតែឃុំខ្លួន​បណ្តោះអាសន្ន ដើម្បីបន្ត​នីតិវិធីច្បាប់ ខណៈមនុស្ស ៩​នាក់​ទៀត ជាជនសង្ស័យ​ជាប់ពាក់ព័ន្ធ កំពុង​ត្រូវបាន​ស្វែងរក​ចាប់ខ្លួន ហើយ​ ៣នាក់​ទៀត កំពុងកោះ​ហៅ​បន្ត​បន្ទាប់។

លោក​អេង ហ៊ី បញ្ជាក់ថាសមត្ថកិច្ចបាន​បំផ្លាញ​រថយន្ត ដែលជាមធយោបាយប្រព្រឹត្តបទល្មើស មាន​ដូចជានៅខេត្ត​មណ្ឌលគិរី បំផ្លាញចោល​ចំនួន ២១គ្រឿង នៅ​រតនគិរី បំផ្លាញ​ចោល ២គ្រឿង និង​ខេត្តស្ទឹងត្រែង បំផ្លាញចោល​ចំនួន ៦គ្រឿង ដោយ​ប្រើ​ម្សៅ TNT។

ជាមួយគ្នានេះ លោក អេង ហ៊ី ក៏បានបង្ហាញ​ថា មាន​ក្រុមហ៊ុនចំនួន៥ អាចត្រូវ​ដកអាជ្ញាប័ណ្ណចោល បើសិនរកឃើញមានបទល្មើសពាក់ព័ន្ធព្រៃឈើ។ ក្រុមហ៊ុន​ទាំង ៥នោះ មាន​ឈ្មោះដូចជា ក្រុមហ៊ុន ម៉ាស្ទ័រខេសិន, ក្រុមហ៊ុន យ៉ាន់ចាវ, ក្រុមហ៊ុន ថាច់វូដ, ក្រុម​ហ៊ុនវិជ្ជរី និង​ក្រុមហ៊ុន ណេងណា៕