rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សង្គម នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សម្ដេច​ក្រុម​ព្រះ​មិន​ទាន់​កំណត់​ថ្ងៃ​វិល​វិញ ខណៈ​បក្ស​ត្រៀម​ហែ​ក្បួន​ឃោសនា​ថ្ងៃ​ទី​៧​កក្កដា

media
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច @សហការី

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អះអាង​នៅ​ថ្ងៃ​ពុធ​ទី​៤​មិថុនា​នេះ​ថា ព្រះ​រាជ​សុខភាព​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​វិល​មក​រក​ស្ថានភាព​ល្អ​ស្ទើរ​តែ​ស្រុង​ហើយ គិត​មក​ដល់​ពេល​នេះ ខណៈ​ទ្រង់​កំពុង​គង់​នៅ​ព្យាបាល​ស្នាម​របួស​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថ្លែង​ថា ទោះ​បី​ព្រះ​អង្គ​យាង​មក​មិន​ទាន់​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ទី​៧​កក្កដា​ក៏​ដោយ ក៏​គណបក្ស​នៅ​តែ​ចេញ​ដំណើរ​ឃោសនា ទៅ​តាម​ការ​គ្រោង​ទុក​ដែរ។


គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក៏​ដូច​គណបក្ស​កាន់​អំណាច​ដែរ គឺ​គ្រោង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត នៅ​ថ្ងៃ​ដំបូង​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៧​ខែ​កក្កដា នៅ​រាជធានី​ភ្នំពេញ។ លោក​យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ពុធ​នេះ​ថា​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​គម្រោង​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ដំបូង​នៅ​ភ្នំពេញ តាំង​តែ​មុន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ក្បួន​ព្រះ​ទីនាំង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទៅ​ទៀត។

ទាក់​ទង​ភាព​មិន​ច្បាស់​លាស់​នៃ​ដំណើរ​យាង​មក​ប្រទេស​វិញ​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ត្រូវ​បាន​លោក យូ ហុកគ្រី បាន​បន្ថែម​ថា ត្រូវ​រង​ចាំ​ការ​អនុញ្ញាត​ពី​ក្រុម​គ្រូ​ពេទ្យ​ប្រទេស​ថៃ​សិន​ បើ​ទោះ​បី​ជា​ព្រះ​រាជ​សុខភាព​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​វិល​មក​រក​ស្ថានភាព​ល្អ​ស្ទើរ​តែ​ស្រុង​ក៏​ដោយ។

គួរ​រំឮក​ថា សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ កាល​ពី​ថ្ងៃ​ទី​១៧​មិថុនា នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​បណ្ដាល​ឲ្យ​អ្នក​ម្នាង​អ៊ុក ផល្លា ទទួល​មរណៈភាព។ អ្នក​ម្នាង អ៊ុក ផល្លា បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី​១ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​មណ្ឌល​ព្រៃវែង​ផង​ដែរ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​នីតិកាល​ទី​៦​នេះ។ ក្រោយ​មរណភាព​របស់​អ្នក​ម្នាង គណបក្ស​សម្រេច​ដាក់​បេក្ខភាព​ជា​ស្រ្តី​ឲ្យ​ឈរ​ឈ្មោះ​ដដែល ដែល​ពី​មុន​ជា​បេក្ខជន​បំរុង​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២៕