rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សម រង្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​លោក សម រង្ស៊ី៖ ​មាតុ​ភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី០៩​ វិច្ឆិកា ជា​ការ​បំផុស​អំណាច​ពល​រដ្ឋ ​មិន​មែន​រដ្ឋ​ប្រហារ​ទេ​

media
លោក សម រង្ស៊ី @Internet

ដំណើរ​មាតុភូមិ​និវត្តន៍ នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា ធ្វើ​ឡើង​ដើម្បី​បំផុស​អំណាច​ប្រជាពលរដ្ឋ​នៅ​កម្ពុជា មិន​មែន​ជា​បដិវត្តន៍​ពណ៌ ហើយ​ក៏​មិន​មែន​ជា​រដ្ឋ​ប្រហារដែរ​។​ នេះ​គឺជា​ការ​គូស​បញ្ជាក់​របស់​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ពុធ ទី​០២​តុលា​ម្សិលមិញ​។ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដូច្នេះ ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន។ លោក ហ៊ុន សែន ដែល​ចាត់​ទុក​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​។ 


មិន​មែន​ជា​បដិវត្តន៍​ពណ៌ មិន​មែន​ជា​រដ្ឋ​ប្រហារ​! លោក សម រង្ស៊ី អះអាង​ថា ការ​វិល​ចូល​ស្រុក​របស់​លោក គឺ ជា​ការបំផុស «អំណាច​ពលរដ្ឋ» ដោយ​​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ឲ្យ​ងើប​ឡើង​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន៖ សម្ដែង​មតិ​និង​ប្រមូល​ផ្ដុំ​គ្នា​ដោយ​សន្តិវិធី ដើម្បី​តវ៉ា​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​តាម​បែប​បទ​ប្រជាធិបតេយ្យ ដោយ​អហិង្សា និង​ស្រប​ច្បាប់​។ ​បើ​តាម​ប្រធាន​ចលនា​សង្គ្រោះជាតិ «អំណាច​ពលរដ្ឋ» នេះ អាច​ចាប់​​បង្ខំឲ្យ​ជន​ផ្ដាច់​ការ​ចុះ​ចេញ​ពី​តំណែង ហើយ​ចាក​ចេញ​ពី​ប្រទេស ដូច​​ករណី​នៅ​ប្រទេស​ហ្វីលីពីន ក្នុង​ឆ្នាំ​១៩៨៦​។

ជា​ការ​កត់​សម្គាល់ ការ​គូស​បញ្ជាក់​របស់​លោក សម រង្ស៊ី យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ហៅ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកាខាង​មុខ ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​។ ជា​រដ្ឋ​ប្រហារ​ដើម្បី​ប្ដូរ​របប​រាជានិយម និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ លោក ហ៊ុន សែន បាន​គំរាម​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ចូល​រួមគាំទ្រ​លោក សម រង្ស៊ី ​នៅ​​​ថ្ងៃទី​០៩​វិច្ឆិកា។ ការ​គាំទ្រ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ជា​ការ​ចូល​រួម​បំផ្លាញ​ប្រទេស និង​បំផ្លាញ​សន្តិភាព​។

សូម​ជម្រាប​ជូនថា គិត​ត្រឹម​ដើម​ខែ​តុលា​នេះ តុលាការ​កម្ពុជា​បាន​ចោទ​ប្រកាន់​មនុស្ស​ជាង​១៦០​នាក់ និង​ចាប់​ខ្លួន​​មនុស្ស​ជាង​៣០​នាក់ ពីបទ «រួម​គំនិត​ក្បត់» បន្ទាប់​ពី​ពួក​គេ​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា​។ តាម​រយៈ​ចំណាត់ការ​នេះ លោក​ សម រង្ស៊ី ​យល់​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ខ្លាច​ជា​ទី​បំផុត​ចំពោះ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក ហើយ​ព្យាយាម​​រក​លេស​ដើម្បី​រារាំង​កុំ​ឲ្យ​លោក​វិល​ចូល​ស្រុក​បាន​។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី, អាជ្ញាធរ​កម្ពុជា​បាន​ប្រកាស​រួច​ហើយ​ថា ខ្លួន​នឹង​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រសិន​បើ​លោក សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក​វិញ​មែន​នោះ​៕