អានតួអត្ថបទ
កម្ពុជា-នយោបាយ

ចលនា​សង្រ្គោះ​ជាតិ ដ៍​ចម្រូង​ចម្រាស់​របស់ លោក សម រង្ស៊ី ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ​

ទី​បំផុត ចលនា​សង្រ្គោះ​ជាតិ របស់ លោក សម រង្ស៊ី ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​២៩​ខែ​មករា​នេះ។ ចលនា​ថ្មី​នេះ បាន​ប្រកាស​ចេញ​ពី​ទី​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ទន្ទឹម​គ្នា​នឹង​ការ​ប្រកាស​ចលនា​នេះ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រកាស​មិន​គាំទ្រ​ចលនា​នេះ​ទេ ហើយ​ថា​ការ​ទៅ​ចូល​រួម​របស់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​តូច​នៅ​ក្នុង​ចលនា​នេះ គឺ​ជា​សិទ្ធិ​បុគ្គល​តែ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​ចលនា​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​ចលនា​សង្គ្រោះ​ជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ អ៊ឹង ប៊ុនថន

នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​នៃ​ការ​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​នៅ​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ានោះ ក្រៅ​ពី​លោក សម​ រង្ស៊ី គេ​ឃើញ​មាន​វត្ត​មាន ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ រួម​មាន លោក​ស្រី ជូឡុង ស៊ូម៉ារ៉ា ភរិយា​លោក សម រង្ស៊ី លោក ហូ វ៉ាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក អ៊ុច សេរីយុទ្ធ និង​លោកសៀ ភារម្យ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ​ ​ជា​ដើម។

លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា ចលនា​សង្រ្គោះ​ជាតិ​នេះ មិន​ចាំ​បាច់​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហា​ផ្ទៃ​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំលាយ​បាន​ឡើយ។ លោក សម រង្ស៊ី បាន​អះអាង​ថា​ទៀត អ្នក​ដែល​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិធី​នោះ​គឺ​គ្រាន់​តែ​និមិត្តរូប​ប៉ុណ្ណោះ ដោយ​លោក​ថា​លោក​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ចលនា​នេះ​ជា​ច្រើន​នាក់​ទៀត​ចេញ​មុខ និង​ចេញ​ឈ្មោះ​ឡើយ។

លោក សម រង្ស៊ី បាន​ថ្លែង​ទៀត​ថា បេសកកម្ម​របស់​ចលនា​សង្រ្គោះ​ជាតិ គឺ​ “បំផុស​បំផុល​ឲ្យ​ពលរដ្ឋ​ និង​កម្មករ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព អំពាវនាវ​ឲ្យ​កង​ទ័ព​កុំ​ស្តាប់​បញ្ជា​ដែល​លោក សម រង្ស៊ី ថា​ជា​បញ្ជា​របស់​ជន​ផ្តាច់​ដើម្បី​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ស្លូត​ត្រង់ និង​ការ​ទាក់​ទាញ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ​ដែល​លោក សម រង្ស៊ី ថា​ពួក​គេ​កំពុង​តែ​ខឹង​នឹង លោក ហ៊ុន សែន និង​ការ​បញ្ចុះ​បញ្ចូល​ម្ចាស់​កម្ចី និង​អ្នក​ជំនួញ​កុំ​ឲ្យ​រក​ស៊ី​ជាមួយ​រដ្ឋាភិបាល​ដែល​ លោក សម រង្ស៊ី ថា​ខុស​ច្បាប់ ”។

លោក រី គា ជា​ស្ថាបនិក​ម្នាក់​បាន​អះអាង​ថា ចលនា​សង្រ្គោះ​ជាតិ​នេះ​ធ្វើ​ឡើង​ដើម្បី​សង្រ្គោះ​គណបក្ស​សង្រ្គោះជាតិ និង​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស​មនសិការ ជា​ពិសេស លោក កឹម សុខា ហើយ​ក៏​ជំរុញ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

ប៉ុន្តែ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រកាស​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​ជា​ផ្លូវ​ការ​នេះ លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ប្រចាំ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​មិន​គាំទ្រ​ចលនា​នេះ​ទេ ហើយ​ថា​ការ​ទៅ​ចូល​រួម​របស់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​តូច​នៅ​ក្នុង​ចលនា​នេះ គឺ​ជា​សិទ្ធិ​បុគ្គល​តែ​ប៉ុណ្ណោះ។

ដូច​គ្នា​នេះ​ដែរ កាល​ពី​ចុង​សប្តាហ៍​មុន លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​បាន​ប្រកាស​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​នេះ​ទេ។ ប៉ុន្តែ​លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​ចលនា​នេះ​ថា នោះ​ដោយ​សារ​តែ​លោក​កឹម សុខា បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន។

ចំណែក លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ជា​មុន​ថា ​បើ​មិន​ចង់​មាន​បញ្ហា​ដល់​ខ្លួន នោះ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​ដែល​ត្រូវ​ហាម​ធ្វើ​នយោបាយ កុំ​ឲ្យ​ចូល​ពាក់​ព័ន្ធ​នឹង​ចលនា​នេះ​ឲ្យ​សោះ ខណៈ​លោក ទៀ បាញ់​ រដ្ឋ​មន្រ្តី​ការពារ​បាន​ព្រមាន​កម្ទេច​ចលនា​នេះ​ចោល បើ​ធ្វើ​សកម្មភាព​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ