អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី ​នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​នៅ​ ថ្ងៃ​ទី០៩ ​វិច្ឆិកា ​ខណៈ​អាជ្ញាធរ​កម្ពុជា​ប្រកាស​ត្រៀម​ចាប់​ខ្លួន​

នៅ​ទីបំផុត​ទៅ លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ ២០១៩នេះ ដើម្បី​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​តស៊ូ​ដោយ​និរទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជា​យូរ។ ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​នេះ នឹង​ធ្វើ​ឡើង​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ល្ងាច​ថ្ងៃទី ១៦ សីហា។ 

លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍នាពេលខាងមុខនេះ
លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍នាពេលខាងមុខនេះ @RFI
ផ្សាយពាណិជ្ជកម្ម

ការ​កំណត់​កាល​បរិច្ឆេទ​នេះ គឺ​បន្ទាប់​ពី​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន ក្រោម​ការ​ចូល​រួម​ពី​លោក សម រង្ស៊ី នៅ​វេលា​ម៉ោង​១០ព្រឹក ថ្ងៃទី ១៦ សីហា​នេះ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ បាន​សម្រេច​ដោយ​កំណត់​យក​ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៩ ជា​ថ្ងៃ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ របស់​ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃទី ១៦ សីហា នេះ​។

គួរ​ជំរាប​ជូន​ថា លោក សម រង្ស៊ី ដែល​អះអាង​ថា ជា​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​គូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នៅថ្ងៃទី ១៦ សីហា​នេះ ដើម្បី​ជួប​ប្រជុំ​ជាមួយ​នឹង​យុវជន​អ្នក​គាំទ្រ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​ដំណើរ​ទៅ​ពី​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក សម រង្ស៊ី បាន​អំពាវ​នាវ​ឲ្យ​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គាំទ្រ​រូប​លោក ត្រៀម​មក​ទទួល​ស្វាគមន៍​នៃ​មាតុភូមិ​និវត្តន៍​លោក និង​ថ្នាក់​ដឹក​នាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

សូម​បញ្ជាក់​ដែរ​ថា ការ​ប្រកាស​ពី​កាល​បរិច្ឆេទ​នៃ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​នៅ​ថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ​នេះ គឺ​ជា​ការ​កំណត់​លើក​ទី០១​ហើយ បន្ទាប់​ពី​លោក សម រង្ស៊ី និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​តស៊ូ​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស អស់​រយៈ​ពេល​ដ៏​យូរ​។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ តាម​រយៈ​សេចក្តី​ប្រកាស​មួយ កាលពីថ្ងៃទី ២៧ កក្កដា អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​បាន​ប្រកាស​ថា អាជ្ញាធរ​កម្ពុជា​នឹង​ប្រើ​មធ្យោបាយ​គ្រប់​រូប​ភាព​ទាំង​អស់ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី ដាក់​ពន្ធនាគារ​។ ដោយ​ឡែក​ជុំវិញ​ការ​លេច​មុខ​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅថ្ងៃទី ១៦ ខែសីហា​នេះ​វិញ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន បាន​អះអាង​ថា កម្ពុជា​មិន​ទាន់​បាន​ស្នើ​សុំ​ឲ្យ​ម៉ាឡេស៊ី​ចាប់​ខ្លួន លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ ខណៈ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ថា អាជ្ញា​ធរ​កម្ពុជា មិន​ចាំ​បាច់​ទៅ​ចាប់​ខ្លួន​លោក សម រង្ស៊ី ដល់​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ ត្បិត​លោក ​សម រង្ស៊ី នឹង​ដើរ​ចូល​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​នៅ​ពេល​ខាង​មុខ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ