អានតួអត្ថបទ
កម្ពុជា

លោក អេង ឆៃអ៊ាង ៖ លោក សម រង្ស៊ី ចូល​ស្រុក​ឬ​មិន​ចូល​គឺ​មិន​សំខាន់ទេ​ ប៉ុន្តែកុំ​ឲ្យ​តែ​ខាត​ប្រយោជន៍​បក្ស​!​

«ការ​វិល​ត្រឡប់ ឬ​មិន​ចូល​ស្រុកវិញ​​របស់​លោក សម រង្ស៊ី ​គឺ​មិន​សំខាន់នោះទេ​ ប៉ុន្តែការ​សំខាន់ គឺ​កុំ​ឲ្យតែ​​ខាត​ប្រយោជន៍​បក្ស»​។ នេះបើតាម​ការ​បញ្ជាក់​របស់​ លោក អេង ឆៃអ៊ាង នៅ​ព្រឹកថ្ងៃសុក្រ​នេះ។​ តាមការ​បញ្ជាក់​របស់​អនុប្រធាន​បក្ស​ប្រឆាំងដដែលនេះ​, ប្រសិន​បើ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​​របស់​លោក សម រង្ស៊ី នាំ​ឲ្យ​ខាត​បង់​ប្រយោជន៍​បក្ស​ និង​ប៉ះពាល់​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត គឺ​លោកមិន​បាច់​ចូល​ស្រុក ក៏បាន​ដែរ។ ការ​ចេញ​មុខ​ប្រកាស​របស់​មន្ត្រីជាន់​ខ្ពស់​បក្សសង្គ្រោះជាតិ​យ៉ាងដូច្នេះ គឺបន្ទាប់ពី​មាន​ការ​ឆ្លើយ​ឆ្លង​ឌឺដង​គ្នា​យ៉ាង​រដឹក​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជុំវិញ​ការ​ហ៊ាន​ ឬ​មិនហ៊ាន​ត្រឡប់​ចូល​ស្រុក​វិញរបស់​អតីត​ប្រធាន​បក្ស​ប្រឆាំង​។

លោក សម រង្ស៊ី អតីតប្រធានបក្ស​សង្គ្រោះជាតិ
លោក សម រង្ស៊ី អតីតប្រធានបក្ស​សង្គ្រោះជាតិ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ចំពោះ​រឿងដែល​ថា លោក សម រង្ស៊ី ក្លាហាន ឬ កំសាក ក្នុង​ការ​ចូល​ស្រុក​ខ្មែរ​វិញ​នោះ គឺ​មិនសំខាន់​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។ នេះបើ​តាម​ការ​ពន្យល់​របស់​លោក អេង ឆៃអ៊ាង។ ក៏ប៉ុន្តែ អនុប្រធាន​បក្ស​ប្រឆាំងរូប​នេះ​ សង្កត់ធ្ងន់​ថា រឿង​ដែល​សំខាន់ បើ​លោក សម រង្ស៊ី​ ចូល​មកស្រុក​ខ្មែរ ហើយ​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ជោគជ័យ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នោះ​លោក សម រង្ស៊ី ដាច់​ខាត​ត្រូវ​តែ​ចូលមក​​ស្រុកវិញ​ បើ​ទោះជា ត្រូវ​ជាប់គុក ឬក៏ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ក៏​ដោយ ក៏​ត្រូវ​តែ​ត្រឡប់​ចូល​ស្រុក​វិញ​ដែរ​។

ផ្ទុយ​ពីនេះ​ ប្រសិន​បើ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​​របស់​លោក សម រង្ស៊ី គឺ​នាំឲ្យក្លាយ​ទៅ​ជាមូលហេតុ ឬជា​លេសលើកពេល​បោះឆ្នោតជាតិនៅ​ឆ្នាំក្រោយ​ ឬក៏ ជា​លេស​សម្រាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ ដាច់​ខាត លោក សម រង្ស៊ី មិន​ត្រូវ​ចូល​វិញ​ឡើយ។

លោក អេង ឆៃអ៊ាង ពន្យល់បន្ថែម​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​ RFI ​ថា ពាក្យ កំសាក ឬ​ក្លាហាន សម្រាប់​​បក្ស​សង្គ្រោះជាតិ គឺ​មិន​សំខាន់​ទេ។​ ដ្បិត​ពាក្យ​ទាំងពីរនេះ​ សម្រាប់​និយាយ​បញ្ជោរ ឬ​ផ្ចាញ់​ផ្ចាល់​មនុស្ស​សាមញ្ញ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ សម្រាប់​បក្ស​ប្រឆាំង និង​អ្ន​ក​នយោបាយ​របស់​បក្ស​នេះ គឺ​ត្រូវ​តែ​ដើរ​តាម​យុទ្ធសាស្ត្រ​ច្បាស់​លាស់ និង​មិន​ត្រូវ​ដេក​ដួល​តាម​ពាក្យ​សម្តីទាំង​​នោះទេ។

អ្នក​នយោបាយ​ចាស់​វស្សា លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស គឺគ្មាន​តំណែង​ គ្មាន​តួនាទី​អ្វី​ក្នុង​បក្ស​សង្គ្រោះជាតិ​នោះ ដ្បិត​លោក​បាន​លាលែង​ចេញពី​តំណែង​បក្ស​ទៅហើយ។ ក៏ប៉ុន្តែសម្រាប់​លោក អេង ឆៃអ៊ាង ដែល​ជិត​ដិត​នឹង​អតីត​ប្រធាន​របស់​ខ្លួន បាន​លើកឡើងថា លោក សម រង្ស៊ី ពិត​ជា​គ្មាន​តំណែង​អ្វី និង​គ្មាន​តម្លៃ​អ្វី​​ នៅ​លើ​ក្រដាស​ផ្លូវ​ការ​របស់​បក្ស​នោះទេ តែ​លោក សម រង្ស៊ី មាន​តម្លៃ​ក្នុង​បេះ​ដូង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​។ នេះ​បើ​តាម​លោក អេង ឆៃ​អ៊ាង។

គួរ​រម្លឹក​ជូនថា អតីត​ប្រធាន​បក្ស​ប្រឆាំង ​លោក សម រង្ស៊ី បាន​អះអាងប្រាប់​សារព័ត៌មាន​វិទ្យុ​អន្តរជាតិ ផ្សាយ​​ជាភាសា​ខ្មែរ​ នាពេល​ថ្មីៗនេះ ​ថាលោក​នឹង​វិល​ត្រលប់ ចូល​មកស្រុក​ខ្មែរ​វិញ​ភ្លាម បើ​រដ្ឋាភិបាល​​កម្ពុ​ជាដ​ក​បំរាមរារាំង​មិន​ឲ្យ​យន្ត​ហោះ​ដឹក​អ្នកដំណើរ ​ដឹក​រូបលោក​មកកាន់​កម្ពុជា​នោះ។ ភ្លាម​ៗ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញបញ្ជា​ឲ្យ​ដក​បំរាម​នេះ។ តែនៅ​ទីបំផុត លោក សម រង្ស៊ី ប្តូរ​ចិត្ត និង​ក្រឡាស់​សម្តីថា​ លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជាវិញ​ភ្លាម នៅ​ពេល​អស់​មាន​ឧបសគ្គ​រាំង​ខ្ទប់​ដល់​សុវត្ថិភាព និង​សេរីភាព​របស់​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ