អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​សម រង្ស៊ី​ជំរុញ​ឲ្យ​លោក​ហ៊ុន សែន​ចរចា​ជាមួយ​លោក​កឹម សុខា បើ​មិន​ពេញ​ចិត្ត​និយាយ​ជាមួយ​លោក

ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រកាស​ដាច់​ណាត់​កាល​ពី​ម្សិល​មិញ​បិទ​ផ្លូវ​ចរចា​ជាមួយ​​រួច​មក លោក​សម រង្ស៊ី តាម​រយៈ​បណ្តាញ​សង្គម​ធ្វីត​ទ័រ​បាន​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ចរចា​ជាមួយ​លោក​កឹម សុខា ឬ​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ដទៃ​ទៀត។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​បាន​ទាត់​ចោល​ការ​ជំរុញ​នេះ ដោយ​បញ្ជាក់​ថា លោក​ហ៊ុន​ សែន មិន​ត្រូវ​ការ​ចរចា​ជាមួយ​ក្រុម​ខុស​ច្បាប់​នោះ​ឡើយ។

លោក ហ៊ុន សែន, លោក សម រង្ស៊ី, និង​លោក កឹម សុខា
លោក ហ៊ុន សែន, លោក សម រង្ស៊ី, និង​លោក កឹម សុខា
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​បណ្តាញ​សង្គម​ធ្វីតទ័រ លោក​សម រង្ស៊ី បាន​សរសេរ​ដូច្នេះ​ថា ប្រសិន​បើ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន មិន​ចង់​និយាយ​ជាមួយ​សម រង្ស៊ី គាត់​នៅ​តែ​អាច​និយាយ​ជាមួយ​លោក​កឹម សុខា លោក​អេង ឆៃអ៊ាង លោក​ស្រីមួរ សុខហួរ សង្គម​ស៊ីវិល ឬ​ក៏​អ្នក​សារព័ត៌មាន​ក៏​បាន។ លោក​អតីត​ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ បន្ត​សំណេរ​របស់​លោក​ទៀត​ថា ប្រសិន​បើ​លោក​ហ៊ុន សែន មិន​ពេញ​ចិត្ត​ជាមួយ​នឹង​សម រង្ស៊ី ប៉ុន្តែ​គាត់​នៅ​តែ​អាច​អនុវត្ត​វប្បធម៌​សន្ទនា​ដ៏​ពិត​ប្រាកដ​ជាមួយ​ជន​ជាតិ​ខ្មែរ​ដទៃ​ជា​ច្រើន​ទៀត ដែល​ជា​អ្នក​ស្រឡាញ់​ជាតិ និង​ចង់​បាន​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ភាព​រុង​រឿង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី នេះ ត្រូវ​បាន​លោក​សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ប្រតិកម្ម​តប​ថា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន មិន​ចរចា​ជាមួយ​ពួក​គេ​ទាំង​នោះ​ទេ។ ការ​ចរចា សម្រាប់​លោក​សុខ ឥសាន ទោះ​ធ្វើ​ជាមួយ​អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ ព្រោះ​ថា​អ្នក​ទាំង​នោះ ជា​មនុស្ស​ចេញ​ពី​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​អតីត​បក្ស​សង្រ្គោះ​ជាតិ​ដូច​គ្នា។ និង​ថា ការ​ចរចា​នយោបាយ​របស់​គណបក្ស​កាន់​អំណាច មិន​អាច​ធ្វើ​ឡើង​ជាមួយ​ក្រុម​មនុស្ស​ដែល​ធ្វើ​ខុស​ច្បាប់​ឡើយ។

កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​លោក​សម រង្ស៊ី នៅ​តែ​បង្ហាញ​ឆន្ទៈ​ចង់​ចរចា​នយោបាយ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នោះ លោក​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ជា​ចុង​ក្រោយ ដោយ​បិទ​ទ្វារ​ចរចា​តែ​ម្តង និង​ឈប់​និយាយ​ពី​លោក សម រង្ស៊ី ត​ទៅ​ទៀត។ តាម​លោក​នាយក​រដ្ឋមន្រ្តី គឺ​លោក​សម រង្ស៊ី​នេះ​ឯង​ដែល​តែង​តែ​បំផ្លាញ​នូវ​វប្បធម៌​សន្ទនា ហើយ​លោក​មិន​អាច​ជជែក​ជាមួយ​ទៀត​បាន​ឡើយ។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ផ្ញើ​ពាក្យ​មួយ​ឃ្លា​ទៅ​កាន់​ក្រុម​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​សង្រ្គោះ​ជាតិ​ថែម​ទៀត​គឺ “២​អត់​១​មាន” ដែល​មាន​ន័យ​ថា អត់​ចរចា អត់​លើក​លែង​ទោស និង​មាន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

បើ​ទោះ​បី​ជា​បែប​នេះ​ក្តី តាម​រយៈ​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ លោក​សម រង្ស៊ី នៅ​តែ​មាន​ជំនឿ​ថា ការ​ចរចា​នយោបាយ​រវាង​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ជាមួយ​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច​អាច​កើត​មាន​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់។ នេះ​ក៏​ព្រោះ​តែ​លោក​សម រង្ស៊ី តែង​តែ​កត់​សម្គាល់​នា​ពេល​កន្លង​មក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​អ្វីៗ​ក៏​អាច​កើត​មាន​ឡើង​បាន​ដែរ ហើយ​ថែម​ទាំង​អាច​កើត​មាន​ឡើង​ដោយ​គ្មាន​ការ​គ្រោង​ទុក​ជា​មុន​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ