អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​សម រង្ស៊ី ថា លោក​ហ៊ុន សែន គួរ​តែ​ដោះ​លែង​លោក​កឹម សុខា ដើម្បី​ការពារ​ភាព​ស្រប​ច្បាប់​រដ្ឋា​ភិបាល​

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​កាល​ពី​យប់​មិញ​ លោក​សម រង្ស៊ី ដែល​ធ្លាប់​ជា​ប្រធាន​អតីត​បក្ស​សង្រ្គោះ​ជាតិ​បាន​ផ្ញើ​សារ​ដល់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ឲ្យ​ដោះ​លែង​លោក​កឹម សុខា​។ លោក​កឹម សុខា ដែល​នឹង​ត្រូវ​ឡើ​ង​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី២២​ សីហា​ក្នុង​សប្តាហ៍​នេះ​។ តាម​លោក​សម រង្ស៊ី ការ​ដោះ​លែង​លោក​កឹម សុខា ជា​រឿង​សំខាន់​ ដើម្បី​ការពារ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋា​ភិបាល​របស់​លោក​ហ៊ុន សែន ក្រោយ​ការ​បោះ​ឆ្នោត​។ 

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ FB-SR
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​ទំព័រ​ហ្វេស​បុក លោក​សម រង្ស៊ី បាន​សរសេរ​ថា ​“ក្រោយ​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន បាន​ទទួល​ជ័យ​ជំនះ​១០០​ភាគ​រយ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ កក្កដា​កន្លង​ទៅ​នេះ រដ្ឋា​ភិបាល​កម្ពុជា​ គួរ​តែ​ដោះ​លែង​លោក កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​គេ​បាន​រំលាយ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត”។ បើ​តាម​លោក​សម រង្ស៊ី ប្រសិន​បើ​រដ្ឋា​ភិបាល​លោក​ហ៊ុន សែន មិន​ព្រម​ដោះ​លែង​លោក​កឹម សុខា​ក្រោយ​ពី​ខ្លួន​ឈ្នះ​ការ​បោះ​ឆ្នោត​ទាំង​ស្រុង​ទេ​នោះ​ រដ្ឋា​ភិបាល​កម្ពុជា​ច្បាស់​ជា​កាន់​តែ​ពិបាក​ការពារ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន ដែល​លោក​សម រង្ស៊ី បញ្ជាក់​ថា បាន​ធ្លាក់​ចុះ​ខ្លាំង​ទៅ​ហើយ នៅ​ចំពោះ​មុខ​សហគមន៍​អន្តរ​ជាតិ​។ ជា​មួយ​គ្នា​នេះ លោក​សម រង្ស៊ី បាន​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពី​បទ​ "ក្បត់​ជាតិ" មក​លើ​ទាំង​លោក​កឹម សុខា និង​មក​លើ​ទាំង​ខ្លួន​លោក ដែល​ធ្លាប់​ជា​ប្រធាន​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​អះ​អាង​ថា ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ីនេះ គឺ​គ្រាន់​តែ​ចង់​នាំ​ឲ្យ​មាន​និទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។ លោក​អះ​អាង​បន្ថែម​ថា ការ​ដោះ​លែង​ឬ​មិន​ដោះ​លែង​លោក​កឹម សុខា គឺ​គ្មាន​អ្វី​ជាប់​ទាក់​ទង​ទៅ​នឹង​ភាព​ស្រប​ច្បាប់​របស់​រដ្ឋា​ភិបាល​កម្ពុជា​ថ្មី ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នោះ​ឡើយ​។ សម្រាប់​លោក​សុខ​ ឥសាន រដ្ឋា​ភិបាល​ថ្មី​គឺ​ស្រប​ច្បាប់​រួច​ទៅ​ហើយ ព្រោះ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​លើស​លុប​បាន​បោះ​ឆ្នោត​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​។

គួរ​កត់​សម្គាល់​ថា ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី ដែល​ចង់​មាន​ការ​ដោះ​លែង​លោក​កឹម សុខា​នេះ ធ្វើ​ឡើង​មុន​សវនាការ​លោក​កឹម សុខា នៅ​តុលាការ​កំពូល​នា​ថ្ងៃ​ទី២២​ សីហា​ខាង​មុខ​នេះ​។ អ្នក​តាម​ដាន​ស្ថាន​ការ​នយោ​បាយ​ និង​សង្គម​កម្ពុជា​មើល​ឃើញ​ថា លោក​កឹម សុខា អាច​នឹង​ត្រូវ​ដោះ​លែង​ឡើង​វិញ ដើម្បី​បន្ធូរ​ស្ថានការណ៍​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​ បាន​អះ​អាង​ថា វា​មិន​អាច​ទៅ​រួច ដែល​ត្រូវ​ដោះ​លែង​លោក​កឹម​ សុខា ព្រោះ​តែ​ស្ថាន​ភាព​នយោបាយ​នោះ​។ លោក​ថា រឿង​លោក​កឹម សុខា គឺ​ជា​បញ្ហា​ផ្លូវ​ច្បាប់ មិន​មែន​ជា​រឿង​នយោ​បាយ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ