អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ចោទ​លោក​ម៉ៅ មុន្នីវណ្ណ ត្រង់ៗ​ថា កំពុង​ប៉ុន​ប៉ង​ធ្វើ​បក្ស​ប្រហារ

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​មុខ​មក​ចោទ​ប្រកាន់​ចំៗ​ទៅ​លើ​លោក ម៉ៅ មុន្នីវណ្ណ ប្រធាន​ស្តី​ទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ ថា​ជា​ជន​ក្បត់​បក្ស និង​ប៉ុន​ប៉ង​ធ្វើ​បក្ស​ប្រហារ ដើម្បី​ក្តោប​ក្តាប់​គណបក្ស​ប្រឆាំង ខណៈ​ដែល​លោក កឹម សុខា កំពុង​ជាប់​ពន្ធនាគារ។ ប៉ុន្តែ​លោក ម៉ៅ មុន្នីវណ្ណ បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់។

លោក ម៉ៅ មុនីវណ្ណ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ
លោក ម៉ៅ មុនីវណ្ណ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​វីដេអូ​ឃ្លីប​ថ្លែង​ចេញ​ពី​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​ទី ៣០ តុលា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចោទ​ប្រកាន់​ត្រង់ៗ​ទៅ​លើ​លោក ម៉ៅ មុនីវណ្ណ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ថា បាន​ក្បត់​បក្ស​ដោយ​ស្តាប់​តាម​ការ​បង្គាប់​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​រៀប​ចំ​ធ្វើ​បក្ស​ប្រហារ។

តាម​រយៈ​វីដេអូ​នេះ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ក្នុង​គណបក្ស​សង្រ្គោះ​ជាតិ មាន​អ្នក​ដែល​ចេញ​មុខ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​គឺ​លោក ម៉ៅ មុន្នីវណ្ណ។ លោក សម រង្ស៊ី បាន​អះ​អាង​ថា លោក​មាន​ភស្តុតាង​ដែល​រក​ឃើញ​ថា លោក ម៉ៅ មុន្នីវណ្ណ កំពុង​ដើរ​បញ្ចុះ​បញ្ចូល​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​មក​នៅ​ខាង​ខ្លួន ដើម្បី​ក្តោប​ក្តាប់​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​មូល។ លោក សម រង្ស៊ី តាម​រយៈ​វិដេអូ​កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​តុលា បាន​ចាត់​ទុក​ទង្វើ​នេះ ថា​ជា​អំពើ​ក្បត់ ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ ប៉ុន្តែ​លោក ម៉ៅ មុនីវណ្ណ បាន​បដិសេធ និង​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក សម រង្ស៊ី ថា គ្រាន់​តែ​ជា​សិទ្ធិ​សេរីភាព​របស់​គាត់​ប៉ុណ្ណោះ។ លោក ម៉ៅ មុនីវណ្ណ ដែល​បច្ចុប្បន្ន​គឺ​ជា​ប្រធាន​ស្តី​ទី គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​ថា នឹង​មិន​មាន​បុគ្គល​ណា​មួយ អាច​ធ្វើ​បក្ស​ប្រហារ​លើ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​នោះ​ទេ នោះ​បើ​យោង​លើ​លក្ខន្តិកៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ។

នៅ​ក្នុង​វីដេអូ​ឃ្លីប​ប្រមាណ​ជា​៨​នាទី​នេះ លោក សម រង្ស៊ី ដែល​ថ្លែង​ក្នុង​នាម​ជា​អតីត​ប្រធាន​គណបក្ស និង​ក្នុង​នាម​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​លោក​បាន​រួម​ដៃ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១២​ជាមួយ​លោក កឹម សុខា នោះ បាន​លើក​សរសើរ​ពី​ស្មារតី​តស៊ូ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ និង​បាន​អំពាវនាវ​ដល់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​មាន​តួ​នាទី​ចាប់​ពី​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ស្រុក ខណ្ឌ ឡើង​ទៅ​ ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ប្រសិន​បើ​ដឹង​ថា ជា​មុខ​សញ្ញា​នៃ​ការ​គំរាម​កំហែង ឬ​ទិញ​ទឹក​ចិត្ត ពី​ភាគី​ណា​មួយ។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ចេញ​វីដេអូ​ឃ្លីប​លើក​ទី​២ របស់​លោក សម រង្ស៊ី គិត​ត្រឹម​រយៈ​ពេល​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ