rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ច្បាប់ នីតិការងារ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​ខ្មែរ​គ្រប់​វិស័យ​នឹង​ត្រូវ​កំណត់​ដោយ​ច្បាប់​

media
ក្រុម​ការងារ​ត្រី​ភាគី​ពិភាក្សា​គ្នា​ស្តីពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា fb

សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មករា​នេះ ​នៅ​សណ្ឋាគារ​ភ្នំពេញ ​តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​ត្រី​ភាគី ​រួមមាន​ក្រសួង​ការងារ ភាគី​សហជីព​និ​យោ​ជិ​ក ​និង​និយោជក​។ ​ការ​ជជែក​អំពី​ច្បាប់​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ​ពេលនេះ ​ធ្វើឡើង​បន្ទាប់​ពី​សេចក្តី​ព្រាង​នេះ​ឆ្លងកាត់​ការ​ជជែក​គ្នា​ចំនួន​២លើក​មក​ហើយ ​ព្រមទាំង​ដាក់​ឲ្យ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​ចំនួន​២​លើក​ផង​ដែរ​។


បន្ទាប់​ពី​ការ​ជជែក​គ្នា​ត្រី​ភាគី​នៅ​ថ្ងៃ​នេះ ​ដែល​ជា​ការ​ពិគ្រោះ​យោបល់​លើក​ចុងក្រោយ ​សេចក្តីព្រាងច្បាប់​នេះ ​នឹង​ត្រូវ​ទៅដល់​ដៃ​អន្តរ​ក្រសួង​នៅ​អំឡុង​ខែ​ក្រោយ​នេះ​ហើយ​។ ​តាម​រយៈ​យន្តការ​ត្រី​ភាគី​នេះ ​លោក ​អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​បាន​ថ្លែង​ថា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ ​មាន​សារៈសំខាន់​ណាស់ ​ព្រោះ​វា​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ក​ម្មករ​ និ​យោ​ជិ​ក ​ពោល​គឺ​ធ្វើឡើង​ក្នុង​បំណង​លើក​កម្ពស់​ជីវភាព​រស់​នៅ​សមរម្យ ​បង្កើត​ឱកាស​ការងារ ​និង​បង្កើន​ផលិតភាព​ការងារ​របស់​កម្មករ​និ​យោ​ជិ​ក ​ព្រមទាំង​ជម្រុញ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ​តាមរយៈ​យន្តការ​ច្បាប់ គឺជា​យន្តការ​ដ៏​រឹងមាំ​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​មួយ ​សមស្រប​តាម​បែប​វិទ្យាសាស្ត្រ ​ដែល​ផ្អែក​លើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សង្គម ​និង​សេដ្ឋកិច្ច ​តាមរយៈ​ក្រុម​ប្រឹក្សា​ជាតិ​ ប្រាក់​ឈ្នួល​អប្បបរមា ​ដែល​មាន​តំណាង​ស្មើ​គ្នា​មកពី​ភាគី​និយោជក ​និ​យោ​ជិ​ក និង​ភាគី​រដ្ឋាភិបាល​។

លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ដែល​ជា​សមាជិក​ម្នាក់​មក​ពី​ភាគី​សហជីព ​នៅក្នុង​កិច្ច​ពិភាក្សា​ពង្រាង​ច្បាប់​នេះ ​បាន​ឲ្យ​ដឹង​ថា ​ពង្រាង​ច្បាប់​នេះ ​ជាទូទៅ​អាច​ទទួល​យក​បាន ដោយសារ ​សេចក្តី​ព្រាងច្បាប់​នេះ ​ត្រូវ​បាន​រួម​បញ្ចូល​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កន្លង​មក​រវាង​ភាគី​សហជីព​និង​និយោជក ​និង​មាន​ខ្លឹមសារ​ស្រប​ទៅតាម​ច្បាប់​ការងារ​និង​អនុសញ្ញា​ការងារ​អន្តរជាតិ​ផង​ដែរ​។ ​ពោល​គឺមាន​ចំណុច​ល្អ​និង​ចំណុច​មួយ​ចំនួន​ក៏​អ្នក​សហជីព​មិនសូវ​ពេញចិត្ត​ដែរ​។ ​នេះ​បើតាម​លោក​អាត់ ធន់​។

សូម​បញ្ជាក់​ថា​សេចក្តី​ព្រាងច្បាប់​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ ​នឹង​គ្រប់​ដណ្តប់​ទៅលើ​គ្រប់​វិស័យ​ការងារ​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ​បច្ចុប្បន្ន​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ ត្រូវ​បាន​គេ​កំណត់​តែ​ទៅលើ​វិស័យ​កាត់ដេរ​តែ​មួយ​ប៉ុណ្ណោះ​ ខណៈ​វិស័យ​សំណង់ ​ទេសចរណ៍ ​ព្រៃឈើ ​និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ប្រាក់​ឈ្នួល​ពួកគេ​ត្រូវបាន​កំណត់​ដោយ​បបូរ​មាត់​និយោជក​នៅ​ឡើយ​។

ទោះ​យ៉ាងណា ​វិស័យ​វាយនភ័ណ្ឌ ​កាត់ដេរ ​និង​ដេរ​ស្បែក​ជើង​កម្ពុជា ​បាន​ដើរ​ទៅមុខ​មួយ​ជំ​ហ៊ាន​មុន​គេ​ហើយ ​ដោយ​ឆ្នាំ​២០១៨​នេះ ​កម្មករ​រោងចក្រ​កាត់ដេរ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ ចំនួន​១៧០​ដុល្លារ​ក្នុង​១​ខែ ​បូករួម​នឹង​ប្រាក់​លើក​ទឹកចិត្ត​ផ្សេង​ៗ​ទៀត​កម្មករ​មា្ន​ក់ទ​ទួលបាន​ប្រហាក់​ប្រហែល​២០០​ដុល្លារ ​ក្នុង​មួយ​ខែ​។ ​ប្រាក់​ឈ្នួល​អប្បបរមា​លើ​វិស័យ​កាត់ដេរ​កម្ពុជា ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​លើស​ប្រទេស​មួយ​ចំនួន​ដែល​មាន​ការ​ប្រកួតប្រជែង​លើ​វិស័យ​ដូចគ្នា​គឺ​ចាប់​ពី​៦៧​ដុល្លារ​ទៅ​១៣៤​ដុល្លារ​ក្នុង​មួយ​ខែ​៕