rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សង្គម បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​នាយក​រដ្ឋមន្ត្រី​ប្រាប់​ឲ្យ​អាជ្ញាធរ​ចាត់​ការ​អ្នក​អំពាវនាវ​ថា​ទឹក​ថ្នាំ​ជ្រលក់​ដៃ​អាច​សម្លាប់​មនុស្ស

media
លោកហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា @PM Hun Sen Facebook Page

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​អ្នក ដែល​លើក​ឡើង​ថា​មាន​ទឹក​ថ្នាំ​ជ្រលក់​ម្រាម​ដៃ ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ អាច​សម្លាប់​មនុស្ស​បាន។ ចំណែក គ.ជ.ប បញ្ជាក់​ថា​នឹង​ផ្ទៀង​ផ្ទាត់​ផ្លូវ​ច្បាប់ បើ​ករណី​នេះ​កើត​ឡើង។


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស មិត្តភាព​កម្ពុជា-ចិន សែន​សុខ (ស្ពាន​អាកាស​ផ្សារ​ដីហុយ) នា​ថ្ងៃ​ទី​២ ខែ​កក្កដា​នេះ បាន​លើក​ឡើង​ថា ថ្មីៗ នេះ​មាន​ការ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ថា នៅ​ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ គឺ​មាន​ទឹក​ខ្មៅ​ពីរ​ប្រភេទ ដែល​នឹង​យក​មក​ប្រើ​គឺ ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ​ធម្មតា និង ទឹក​ខ្មៅ ដែល​ជ្រលក់​ម្រាម​ដៃ​ហើយ គឺ​នឹង​ធ្វើ​អោយ​ស្លាប់​ក្នុង​រយៈ​ពេល​២៤​ម៉ោង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ការ​ផ្សព្វ​ផ្សាយ​បែប​នេះ​ថា ជា​ការ​ឆបោក ដែល​មាន​ចេតនា​បង្ក​ចលាចល អសន្តិសុខ និង​សណ្តាប់​ធ្នាប់​ដល់​ប្រទេស​ជាតិ និង​បំភ័យ​ប្រជាជន​កុំ​អោយ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ។ លោក​បញ្ជាក់​ថា នេះ​គឺ​ជា​សកម្មភាព ដែល​ចាត់​ទុក​ជា​អំពើ​ឧក្រិដ្ឋ និង​ជា​បទ​ល្មើស ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ជា​ដាច់​ខាត ហើយ សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ឃ្លាំ​មើល​សកម្មភាព​ពួក​គេ ព្រម​ទាំង​នាំ​ខ្លួន​ជន​ទុច្ចរិត​ទាំង​នោះ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ជា​ធរមាន។

ជា​ការ​លើក​ឡើង​បន្ទាប់​ពី សកម្មជន​អតីត​គណបក្ស​ប្រឆាំង តាម​រយៈ​បណ្តាញ​សង្គម​ឈ្មោះ ឆាំ ឆានី បាន​សរសេរ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ថា “ជំនាញ​ការ​វៀតណាម​ ជា​អ្នក​ផ្តល់​ថ្នាំ​ជ្រលក់​ដៃ​ ​ ដែល​បាន​លាយ​ ជាមួយ​អាស៊ីត​នីទ្រិច និង​ ថ្នាំ​លាង​ រ៉ែ​មាស​ ស្យានីត។ ថ្នាំ​ជ្រលក់​ម្រាមដៃ​នេះ​ មាន​ធ្វើ​តែស្ត៍រួចហើយ​ គឺ​អាច​សម្លាប់​មនុស្ស​ បួន​ម៉ោង​ក្រោយ​ពេល​ជ្រលក់​ម្រាម​ដៃ”។

បើ​តាម​លោក​ ហ៊ុន សែន ទោះ​បី​ជា​អ្នក​ប្រព្រឹត្តិ​ទៅ​ដល់​ប្រទេស​ណា ក៏​ដោយ ក៏​ត្រូវ​ចាប់​ខ្លួន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដែរ។ លោក​បន្ត​ថា លោក​បាន​ស្គាល់​អត្តសញ្ញាណ និង​បាន​បញ្ជូន​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចាត់​ការ​រួច​រាល់​ហើយ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប បាន​បញ្ជាក់​ថា ទង្វើ​នេះ​គឺ​ជា​ការ​រារាំង​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​តាម​មាត្រា​១៤២។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គ.ជ.ប មិន​ទាន់​ឃើញ​ព័ត៌មាន​នេះ ផ្សព្វ​ផ្សាយ​នៅ​ឡើយ ហើយ​បើ​មាន គ.ជ.ប នឹង​ចាត់​វិធានការ​ត្រួត​ពិនិត្យ។

សូម​ជម្រាប​ជូន​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាង​មុខ​នេះ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូល​រួម។ ជា​ការ​បោះ​ឆ្នោត ដែល​សហគមន៍​អន្តរជាតិ​មួយ​ចំនួន បាន​ធ្វើ​ការ​រិះគន់​ថា​មិន​ស្រប​តាម​គោលការណ៍​សេរី​ពហុបក្ស ព្រោះ​អវត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម៕