អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​កាន់​អំណាច​ថា​ខ្លួន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី ខណៈ​បក្ស​ផ្សេង​ទៀត​សង្ឃឹម​ថា​បាន​ខ្លះ​ដែរ

ភ្លាមៗ​បន្ទាប់​ពី​បិទ​បញ្ចប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ គណបក្ស​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោម​គណបក្ស​ទាំង​២០ បាន​អះអាង​ពី​ការ​ទទួល​បាន​អាសនៈ​រៀងៗ​ខ្លួន ខណៈ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​ប្រកាស​លទ្ធផល​នៅ​ឡើយ។ ប៉ុន្តែ​សម្រាប់​គណបក្ស​កាន់​អំណាច​អះអាង​ថា​ខ្លួន​នឹង​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ទៀត​ហើយ​នៅ​ពេល​នេះ។

ការ​រាប់​សន្លឹក​ឆ្នោត​
ការ​រាប់​សន្លឹក​ឆ្នោត​ @REUTERS
ផ្សាយពាណិជ្ជកម្ម

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា គណបក្ស​កាន់​អំណាច​នេះ នឹង​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី ប្រៀប​ដូច​កាល​ពី​ឆ្នាំ​២០០៨​នោះ​ដែរ។ ប៉ុន្តែ​លោក​រំពឹង​ថា គណបក្ស​ចាស់​វស្សា​នេះ​នឹង​ទទួល​បាន​លើស​ពី​៩០​អាសនៈ​នៃ​ចំនួន​អាសនៈ​រដ្ឋសភា​សរុប​១២៥។

ចំណែក លោក ញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​គណបក្ស​មួយ​ទទួល​បាន​អាសនៈ​ចំនួន​៤១ ក្រោយ​ពី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ សង្ឃឹម​ថា ខ្លួន​អាច​នឹង​ទទួល​បាន​អាសនៈ​ខ្លះ​ដែរ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពេល​នេះ ប៉ុន្តែ​លោក​មិន​ហ៊ាន​សន្និដ្ឋាន​ថា​បាន​ប៉ុន្មាន​អាសនៈ​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​អះអាង​ថា​ខ្លួន​ជា​ជម្រើស​ថ្មី​ក្រោយ​អស់​ពី​គណបក្ស​សង្រ្គោះ​ជាតិ​​នោះ បាន​សំដែង​ពី​ចម្ងល់​ទៅ​វិញ​ថា ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​នៅ​ពេល​នេះ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​យ៉ាង​នេះ? នេះ​ជា​ការ​លើក​ឡើង​របស់​លោក សាម អ៊ីន អ្នក​នាំ​ពាក្យ​គណបក្ស​GDP។ តែ​លោក សាម អ៊ីន នៅ​មិន​ទាន់​អាច​និយាយ​បាន​ថា គណបក្ស​ថ្មី​នេះ​នឹង​ទទួល​បាន​អាសនៈ​ខ្លះ​ដែរ​ឬ​ទេ។

រីឯ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ក៏​មិន​ទាន់​អាច​និយាយ​បាន​ថា​ខ្លួន​នឹង​ទទួល​បាន​អាសនៈ​ខ្លះ​ឬ​អត់​នោះ​ទេ ដោយ​សារ​តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ពី​ភ្នាក់​ងារ​របស់​ខ្លួន​នៅ​គ្រប់​ការិយាល័យ​បោះ​ឆ្នោត។ នេះ​ជា​ការ​អះអាង​របស់​លោក សិង្ហ គិរី មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ

យ៉ាង​ណា​ក៏​ដោយ គណបក្ស​ផ្សេងៗ​ទៀត​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ខ្លួន នឹង​ទទួល​បាន​អាសនៈ​ខ្លះ​ដែរ ​ឬ​យ៉ាង​ណា​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ