rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អក្សរសិល្ប៍ខ្មែរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

វិទ្យាស្ថាន​ភាសា​ជាតិ​ចេញ​ផ្សាយ​វចនានុក្រម​អក្ខរាវិរុទ្ធ​ថ្មី​ជាង​៤​ម៉ឺន​ពាក្យ តែ​មិន​មាន​ការ​ពន្យល់

media
វចនានុក្រម​អក្ខរាវិរុទ្ធ​នៃ​ភាសាខ្មែរ @សហការី

នៅ​ថ្ងៃ​អង្គារ​នេះ វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​វចនានុក្រម​អក្ខរាវិរុទ្ធ​នៃ​ភាសាខ្មែរ។ ការ​ចេញ​ផ្សាយ​វចនានុក្រម​អក្ខរាវិរុទ្ធ​នេះ គឺ​ជា​ការ​បោះ​ពុម្ព​លើក​ទី​២​ហើយ បន្ទាប់​ពី​ការ​បោះ​ពុម្ព​លើក​ទី​១​កាល​ពី​ឆ្នាំ​២០០៥ ដែល​កាល​ពី​បោះ​ពុម្ព​លើក​មុន​នោះ គឺ​ជា​ការ​ប្រមូល​ចង​ក្រង​មេ​ពាក្យ​មិន​មាន​ដាក់​សូរ​អាន​ដូច​ការ​បោះ​ពុម្ព​លើក​ទី​២​នេះ​ទេ។


ជា​ការ​ពិត​វត្តមាន​របស់​វចនានុក្រម​អក្ខរាវិរុទ្ធ​នៅ​ពេល​នេះ គឺ​ជា​ជំនួយ​ស្មារតី​មួយ​ដ៏​ធំ​ដល់​វិស័យ​សិក្សា​ធិការជាតិ​ជា​ពិសេស​មាន​ប្រយោជន៍​សម្រាប់​សិស្ស និស្សិត និង​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​សរសេរ​ពាក្យ​ខ្មែរ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ។ នេះ​បើ​តាម​លោក​បណ្ឌិត ជួរ គារី, ប្រធាន​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។

ជា​ទូទៅ​សៀវភៅ​វចនានុក្រម​អក្ខរាវិរុទ្ធ ដែល​មាន​កំរាស់​១០៣០​ទំព័រ ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រប​ក្រាស់​រឹង​ព័ណ៌​ឈាម​ជ្រូក រំលេច​ដោយ​ឡូហ្គោ​វិទ្យាស្ថាន​ភាសា​ជាតិ​និង​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។ ការ​បោះ​ពុម្ព​លើក​ទី​២​នេះ វចនានុក្រម​អក្ខរាវិរុទ្ធ ត្រូវ​បាន​រៀប​រៀង​តាម​អក្ខរក្រម​ទាំង​៣៣​តួ​ពី​អក្សរ​«ក» រហូត​ដល់​អក្សរ​«អ» មាន​ចំនួន​ជាង ៤០ ០០០​ពាក្យ រួម​ទាំង​មេ​ពាក្យ​និង​កូន​ពាក្យ។​

លក្ខណៈ​ពិសេស​របស់​វចនានុក្រម​ថ្មី​នេះ គឺ​មិន​មាន​ការ​ពន្យល់​ពាក្យ​ដូច​ជា​វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ឬ​វចនានុក្រម​ដែល​បោះ​ពុម្ព​មុនៗ​ទេ។ លោក​បណ្ឌិត ជួរ គារី បញ្ជាក់​ថា​វចនានុក្រម​អក្ខរាវិរុទ្ធ​នេះ គឺ​ផ្តោត​ទៅ​លើ​អក្ខរាវិរុទ្ធ និង​មាន​ការ​កត់​សូរ​អាន ដែល​នេះ​ខុស​ពី​វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ​ជួន ណាត ក៏​មាន​ការ​កត់​សូរ​អាន​ដែរ តែ​សម្រាប់​តែ​ពាក្យ​បាលី និង​សំស្ក្រឹត ដែល​ជា​ពាក្យ​ពិបាក​អាន និង​កត់​អំណាន​សូរ​បែប​ភាសា​បាលី។ ទោះ​យ៉ាង​ណា វចនានុក្រម​នេះ នឹង​មិន​បាន​គ្រប​ដណ្តប់​អស់​ពាក្យ​ខ្មែរ​នោះ​ទេ ដោយ​ពាក្យ​ទើប​បង្កើត​ថ្មីៗ មាន​កាន់​តែ​ច្រើន។

ជា​ការ​កត់​សម្គាល់​បញ្ហា​អក្ខរាវិរុទ្ធ​នេះ កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​ដ៏​ធំ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​រស់​នៅ​សព្វ​ថ្ងៃ។ ការ​សរសេរ​និង​ការ​ប្រើ​ប្រាស់​អក្ខរាវិរុទ្ធ​ភាសាខ្មែរពេល​ខ្លះ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​ខុស​ឆ្គង​ជា​សាធារណៈ ហើយ​មិន​មាន​ការ​ត្រួត​ពិនិត្យ និង​ការ​ទទួល​ខុស​ត្រូវ​អ្វី​ទាំង​អស់។

សូម​បញ្ជាក់​ថា​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​ជា​ផ្លូវ​ការ បាន​អនុវត្ត​តាម​វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ដែល​បាន​ធ្វើ​ការ​បោះ​ពុម្ព​កាល​ពី​ឆ្នាំ​១៩៦៧-១៩៦៨។ វចនានុក្រម​ដែល​មាន​ប្រមាណ​ជិត​២​ពាន់​ទំព័រ ត្រូវ​បាន​ចង​ក្រង​ឡើង​ដោយ​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ចាប់​តាំង​ពី​ឆ្នាំ​១៩១៥៕