rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​មេធាវី លោក កឹម សុខា ថា​គួរ​តែ​អនុញ្ញាត​ឲ្យ​មាន​ជំនួប​ជាមួយ លោកស្រី រ៉ូណា ស្មីត​

media
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា @OHCHR

មេធាវី​ការពារក្តី​ឲ្យ លោក កឹម សុខា បាន​លើក​ឡើង​ថា គេ​គួរ​តែ​អនុញ្ញាត​ឲ្យ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺលោកស្រី​ រ៉ូ​ណា​ ស្មី​ត បាន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា។ ចំណែក លោកស្រី រ៉ូណា ស្មីត បាន​ប្រាប់​អ្នក​សារព័ត៌ថា គាត់ត្រូវ​មាន​សិទ្ធិ​ជួប​និង​ពិភាក្សា​ជាមួយ​លោក​ កឹម សុខា​ ជា​សម្ងាត់ ក្នុង​នាម​ជា​អ្នក​ជំនាញ​ឯករាជ្យ​ ដែល​ត្រូវ​បាន​តែងតាំង​ដោយក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស។ 


បើ​ទោះ​ជា​ចៅ​ក្រម​ស៊ើប​សួរ​បដិសេធ​ជា​លើក​ទី៣ មិន​ឲ្យ​លោក​ស្រី រ៉ូណា ស្មីត ជួប លោក កឹម សុខា ក៏​ដោយ តែ​ទាំង​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​ប្រធាន​គណបក្ស​ជំទាស់​នេះ និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំកម្ពុជា យល់​ឃើញ​ដូច​គ្នា​ថា គេ​គួរ​តែ​អនុញ្ញាត​ឲ្យ​មាន​ជំនួប​មួយ ដើម្បី​សួរ​សុខ​ទុក្ខ​។

លោក ផែង ហេង ជា​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា លោកស្រី ស្មីត ជាមន្រ្តីឯករាជ្យដែលធ្វើការ​តំណាងឲ្យ​សិទ្ធិមនុស្សជាសកល ដូចនេះគេគួរតែ​អនុញ្ញាតឲ្យ​ជួប​សួរ​សុខ​ទុក្ខ​ លោក កឹម សុខា ព្រោះលោកស្រីមិនមែនជាអ្នកនយោបាយ​ឡើយ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន បានអះអាងថា​ ការដែលតុលាការ​ ​មិនអនុញ្ញាត​ឱ្យ​លោកស្រី ស្មីត ជួប ​លោក​ កឹម​ សុខា​ ព្រោះសំណុំរឿងនេះចៅក្រមកំពុង​ដំណើរ​ការ​ស៊ើបសួរ​។

ប៉ុន្តែលោកស្រី​ រ៉ូ​ណា​ ស្មីត ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក​ កែវ​ រ៉េ​មី​ នៅ​ថ្ងៃទី៣០មេសា​ថា​ «វា​ជា​រឿង​អកុសលក្នុង​នាម​ជា​អ្នក​ជំនាញ​ឯករាជ្យ​ ដែល​ត្រូវ​បាន​តែងតាំង​ដោយក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ លោកស្រី​គួរតែ​មាន​សិទ្ធិ​ចូល​គ្រប់កន្លែង​ឃុំឃាំង​និង​ជួប​គ្រប់​អ្នក​ជាប់​ឃុំ​ឃាំង​ទាំងអស់។ ​ហើយ​លោក​ កឹម​ សុខា​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំឃាំង​នៅ​ឡើយ​ បើ​ទោះ​ជា​លោក​មិន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​ផ្ទាល់​ក៏ដោយ​ ក៏​សេរីភាព​របស់​លោក​ត្រូវ​បាន​ដាក់​កំហិត​។ ដូច្នេះ​ជា​រួម​ លោកស្រី ​គិត​ថា គាត់ត្រូវ​មាន​សិទ្ធិ​ជួប​និង​ពិភាក្សា​ជាមួយ​លោក​ កឹម សុខា​ ជា​សម្ងាត់»។