អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោកស្រី រ៉ូណា ស្មីត ​ផ្ដល់​អនុសាសន៍​ឲ្យ​កម្ពុជា​គោរព​ឆន្ទៈ​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​

លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍ពិសេស​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៥​កញ្ញា​ម្សិលមិញ បាន​បង្ហាញ​​​​របាយការណ៍ស្ដី​ពី​កម្ពុជា ទៅ​កាន់​​សម័យ​ប្រជុំ​​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ​។ ជា​សម័យ​ប្រជុំ​លើក​ទី​៤២ ដែល​កំពុង​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​។ ដូច​ទៅ​នឹង​របាយការណ៍​មុន​ៗ​ដែរ លោក​ស្រី​ ស្មីត បាន​​​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្ដារ​​ស្ថានភាព​​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​លោក​ស្រី​អះអាង​ថា កំពុង​តែ​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ​​​។ អនុសាសន៍​មួយ​ក្នុង​ចំណោម​នោះគឺ ​លោក​ស្រី រ៉ូណា ​ស្មីត បាន​ស្នើ​ឲ្យ​កម្ពុជា គោរព​ឆន្ទៈ​ពលរដ្ឋ​ក្នុង​ការ​​បោះ​ឆ្នោត​ឃុំ-​សង្កាត់។ 

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា @OHCHR
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​លោក​ស្រី រ៉ូណា ស្មីត លើក​ឡើង​ពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ ព្រោះ​លោក​ស្រី​យល់​ឃើញ​ថា សន្លឹក​ឆ្នោត​និង​សំឡេង​នៃ​ពលរដ្ឋ ​ដែល​បោះ​ឆ្នោត​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់​ឃុំ​-សង្កាត់ ត្រូវ​បាន​បដិសេធ។

សូម​រំឭក​ជូន​បន្តិច​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កាល​ណោះ​មិន​ទាន់​ត្រូវ​តុលាការ​កំពូល​រំលាយ​ចោល បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​លំដាប់​ទី​២ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទទួល​បាន​អាសនៈ​ជាង​៥​ពាន់​។ ប៉ុន្តែ​ក្រោយ​មក នៅ​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧ អាសនៈ​ទាំង​អស់​របស់​គណបក្ស​នេះ​ ត្រូវ​បាន​យក​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ដទៃ​​។ ក្នុង​នោះ គណបក្ស​ប្រជាជន​គ្រប់​គ្រង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​តែ​ទាំង​ស្រុង តាម​ពី​ក្រោយ​ដោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​តូច​ៗ​ចំនួន​៥​ទៀត​។

សម្រាប់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក​ស្រី រ៉ូណា ស្មីត, ការ​បែង​ចែក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​អតីត​បក្ស​ប្រឆាំង​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ដូច្នេះ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​បដិសេធ​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​​មាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន​៤៤​ភាគរយ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នោះ​ដែរ​។ បើ​តាម​លោក​ស្រី ស្មីត ការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ជា​ថ្មី គឺ​ជា​ដំណោះ​ស្រាយ ដែល​អាច​ធានា​នូវ​ការ​គោរព​ចំពោះ​សិទ្ធិ​និង​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោតទាំង​នោះ​​។

ជា​ការ​កត់​សម្គាល់ អនុសាសន៍​របស់​លោក​ស្រី រ៉ូណា ស្មីត យ៉ាង​ដូច្នេះ ត្រូវ​បាន​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ដ្រី ចាត់​ទុក​ថា ជា​ការ​ឈ្លាន​ពាន និង​ជ្រៀតជ្រែក​ដល់​កិច្ចការ​កម្ពុជា។ កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ​ពេញ​លេញ​មួយ​។ សម្រាប់​លោក ផៃ ស៊ីផាន, ការ​លើក​ឡើង​របស់​លោក​ស្រី​ស្មីត ក្នុង​កិច្ច​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ បាន​បង្ហាញ​ពី​និន្នាការ​នយោបាយ​ហួស​ពីកិច្ច​ទទួល​ខុស​ត្រូវ​និង​កាតព្វកិច្ច​របស់​មន្ដ្រី​តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ និង​ថា លោក​ស្រី រ៉ូណា ស្មីត គួរ​តែ​ពង្រឹង​ភាព​ជាដៃ​គូ​ជាមួយ​រដ្ឋាភិបាល ជាជាង​ដើរ​តួ​នាទី​ជា​តុលាការ​អត្តនោម័ត ឬ​ជា អ្នក​នយោបាយ​គ្រប់​គ្រង​ជោគ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​។ នេះ​បើ​តាម​លោក ផៃ ស៊ីផាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ