អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សមកកម្ពុជា បន្ទាប់ពីរិះគន់វិសោធនកម្មរដ្ឋធម្មនុញ្ញ
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា គឺលោកស្រី រ៉ូណា ស្មីត នឹងមកដល់កម្ពុជានៅថ្ងៃទី៥ ខែមីនា ខាងមុខ ហើយនឹងបំពេញបេសកកម្មរហូតដល់ថ្ងៃទី១៤ ខែមីនា។ នេះបើគេហទំព័ររបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សកាលពីថ្ងៃម្សិលមិញ ។ ជាដំណើរទស្សនៈកិច្ច ដែលធ្វើឡើង បន្ទាប់ពីអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រិះគន់វិសោធនកម្មរដ្ឋធម្មនុញ្ញកាលពីខែកុម្ភៈ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០០
ជាដំណើរទស្សៈកិច្ច ដែលធ្វើឡើងដូចរៀងរាល់ឆ្នាំ ដើម្បីរៀបចំរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាអំឡុងខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស កាលពីថ្ងៃទី១ ខែមីនា។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២ ខែមីនា ថាក្នុងដំណើរទស្សនៈកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងជួបគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៧ ខែមីនា ដោយមានការជជែកគ្នាលើរបៀបវារៈមួយចំនួន
លោកបន្ថែមថាការអញ្ជើញមកកម្ពុជារបស់លោកស្រី រ៉ូណា ស្មីត នាពេលនេះ គឺបន្ទាប់ពីក្រុមការងាររបស់លោកស្រីបានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា និងទទួលបានការស្វាគមន៍ពីរដ្ឋាភិបាលកម្ពុជាចំពោះដំណើរទស្សនៈរបស់លោកស្រី។
ក្នុងអំឡុងពេលដំណើរទស្សនៈកិច្ច១០ថ្ងៃនៅកម្ពុជា លោកស្រី រ៉ូណា ស្មីតនឹងជួបមន្ត្រីរដ្ឋាភិបាលសំខាន់ តំណាងអង្គការសង្គមស៊ីវិលផងដែរ។ នៅថ្ងៃទី១៤ ខែមីនា ដែលជាថ្ងៃបញ្ចប់នៃដំណើរទស្សនៈកិច្ចនេះ លោកស្រីនឹងធ្វើសន្និសីទកាសែត ដើម្បីសរុបដំណើរទស្សនៈកិច្ចរបស់លោកស្រី។
ជាការកត់សម្គាល់ដំណើរទស្សនៈកិច្ច ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមីនា គឺកើតឡើងបន្ទាប់ពីអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិពីររូប កាលពីថ្ងៃទី២០ ខែកុម្ភៈ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយរដ្ឋាភិបាលកម្ពុជា ដែលពួកគេលើកឡើងថានឹងកម្រិតដែនកំណត់លើដំណើរការលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជាតិមកដល់នៅក្នុងឆ្នាំនេះ។
លោកស្រីរ៉ូណា ស្មីត ធ្លាប់បានគូសបញ្ជាក់ថា ក្នុងចំណោមចំណុចត្រូវកែនៅក្នុងរដ្ឋធម្មនុញ្ញនេះ ក៏មានចំណុចមួយបើកផ្លូវឲ្យមានការព្យូរ ឬក៏ដកសិទ្ធិបោះឆ្នោតរបស់ប្រជាជនកម្ពុជាផងដែរ។
សូមជម្រាបជូនថា សាស្រ្តាចារ្យ រ៉ូណា ស្មីត ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមីនាឆ្នាំ២០១៥៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ