rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា រដ្ឋធម្មនុញ្ញ ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​UN​អះអាង​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា

media
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា @Ministry of Environment

អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ពីរ​រូប​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​រដ្ឋាភិបាល​កម្ពុជា ដែល​ពួក​គេ​លើក​ឡើង​ថា​នឹង​កម្រិត​ដែន​កំណត់​លើ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​មក​ដល់​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។ ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ព្រឹទ្ធសភា​កម្ពុជា​បាន​ឯកភាព​ទាំង​ស្រុង​លើ​សេចក្តី​ពា្រង​វិសោធនកម្ម​រដ្ឋធម្មញ្ញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។


អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​ពីរ​រូប​របស់​អង្គការ​សហប្រជាជាតិ គឺ​លោក​ស្រី​រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា និង​លោក​David Kaye អ្នក​រាយការណ៍​ពិសេស​លើ​បញ្ហា​លើក​ស្ទួយ​និង​ការពារ​សិទ្ធិ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​លើ​ចំណុច​នៃ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ និង​បុគ្គល​ទាំង​អស់​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង ចំណុច​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស។

ជាមួយ​គ្នា​នេះ អ្នក​ជំនាញ​ទាំង​ពីរ​ក៏​បាន​កត់​សម្គាល់​ថា ក្នុង​ចំណោម​ចំណុច​ត្រូវ​កែ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ ក៏​មាន​ចំណុច​មួយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ព្យូរ​ឬ​ក៏​ដក​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ។ ត្រង់​ចំណុច​នេះ លោក​ស្រី​រ៉ូណា ស្មីត និង​លោក​David Kaye បាន​គូស​បញ្ជាក់​ដូច​គ្នា​ថា សិទ្ធិ​នៃ​ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ និង​សេរីភាព​បញ្ចេញ​មតិ គឺ​ជា​បញ្ហា​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ហើយ​អាជ្ញាធរ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធានា​ថា ពលរដ្ឋ គណបក្ស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាច​ធ្វើ​ការងារ​បាន​ដោយ​គ្មាន​បញ្ហា។

ក្រៅ​ពី​បញ្ហា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​លើក​ឡើង​ដែរ​ពី​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ដោយ​បន្ថែម​នូវ​មាត្រា​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ដែល​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ។ ចំពោះ​ចំណុច​នេះ អ្នក​ជំនាញ​ទាំង​ពីរ​អះអាង​ថា វា​នឹង​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ការ​បំពាន​ច្បាប់​ស្តី​ពី​សិទ្ធិ​មនុស្ស​កាន់​តែ​កើន​ឡើង។ ដូច្នេះ​ពួក​គេ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​វាយ​តម្លៃ​ឡើង​វិញ​ឲ្យ​បាន​ហ្មត់ចត់​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ទាំង​នេះ ដើម្បី​ធានា​ថា វា​អនុលោម​តាម​ច្បាប់ និង​ស្តង់ដា​សិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​ថា សេចក្តី​ព្រាង​វិសោធនកម្ម​ទាំង​នេះ ជា​ពិសេស​ទាក់​ទង​នឹង​រដ្ឋធម្មនុញ្ញ​គួរ​ត្រូវ​បើក​ឲ្យ​ជជែក​ពិភាក្សា​ជា​សាធារណៈ​ដោយ​សេរី។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​ប្រតិកម្ម​តប​វិញ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធមនុញ្ញ​ក៏​ដូច​ជា​ក្រម​ព្រហ្មទណ្ឌ​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ប្រមាថ​ព្រះ​មហាក្សត្រ​នេះ មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ឡើយ តែ​ជា​ការពារ​ទាំង​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​វិញ​ទេ។ លោក​ថា អ្នក​ដែល​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ គឺ​ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាំ​បាច់​ត្រូវ​បង្កើត​ច្បាប់ ដើម្បី​ការពារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ។

សូម​បញ្ជាក់​ថា បើ​ទោះ​បី​មាន​ការ​ព្រួយ​បារម្ភ និង​រង​នូវ​ការ​រិះគន់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​សេចក្តី​ព្រាង​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​នេះ ត្រូវ​បាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ឯកភាព​ទាំង​ស្រុង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ បន្ទាប់​ពី​នេះ សេចក្តី​ពា្រង​ច្បាប់​ទាំង​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ពិនិត្យ​ពី​ធម្មនុញ្ញភាព និង​ចុង​ក្រោយ​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ ដើម្បី​ឡាយ​ព្រះហត្ថលេខា​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ៕